km:tipitaka:sut:sn:28:sut.sn.28.002



(អវិតក្ក)សូត្រ ទី២

សង្ខេប

អរហន្ត​​មិន​​ប្រើ​ ឈាន​ជា​​អត្តសញ្ញាណ​ទៀត​ទេ ទោះ​បី​​​មាន​តែ​បីតិ និង​សុខ កើត​អំពី​សមាធិ​​ក៏​​​ដោយ។

sn 28.002 បាលី cs-km: sut.sn.28.002 អដ្ឋកថា: sut.sn.28.002_att PTS: ?

(អវិតក្ក)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. អវិតក្កសុត្តំ)

[២៣៧] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ក៏បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ គង់សម្រាន្តនៅ ដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ព្រោះរម្ងាប់វិត្តកៈ វិចារៈ ខ្ញុំក៏បានចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិត្តកៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលទុតិយជ្ឈាន ឬថា អាត្មាអញ បានចូលទុតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីទុតិយជ្ឈាន ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែនហើយ ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលទុតិយជ្ឈាន ឬថា អាត្មាអញ បានចូលទុតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីទុតិយជ្ឈាន ដូច្នេះឡើយ។

 

លេខយោង

km/tipitaka/sut/sn/28/sut.sn.28.002.txt · ពេលកែចុងក្រោយ: 2024/02/11 13:18 និពន្ឋដោយ Johann