(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 28.009 បាលី cs-km: sut.sn.28.009 អដ្ឋកថា: sut.sn.28.009_att PTS: ?
(និរោធសមាបត្តិ)សូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. និរោធសមាបត្តិសុត្តំ)
[២៤៤] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ បានត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយសំដៅទៅកាន់អន្ធវ័ន ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ ក្នុងអន្ធវ័នហើយ ក៏គង់សម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ។ គ្រានោះ ព្រះសារីបុត្តមានអាយុ បានចេញអំពីទីពួនសម្ងំ ក្នុងវេលាសាយណ្ហសម័យ បានចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូផង់ ព្រះសារីបុត្តមានអាយុ ក្នុងថ្ងៃនេះ តើគង់នៅដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានចូលសញ្ញាវេទយិតនិរោធ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីបរិវិត្តក យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ព្រោះហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។