នាងបរិព្វាជិកា ចោទសួរថាតើព្រះសារីបុត្ត ឆាន់ចង្ហាន់ដូម្តេចវិញ?
sn 28.010 បាលី cs-km: sut.sn.28.010 អដ្ឋកថា: sut.sn.28.010_att PTS: ?
(សូចិមុខី)សូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(១០. សូចិមុខីសុត្តំ)
[២៤៥] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះចូលទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងក្រុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យ ក្បែរជើងជញ្ជាំងមួយ ឆាន់ចង្ហាន់បិណ្ឌបាតនោះ។ គ្រានោះ បរិព្វាជិកា ឈ្មោះ សូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី។ នែប្អូនស្រី អាត្មាមិនមែនឱនមុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសតូចឆាន់ទេ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូចម្តេចវិញ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចំការទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណាពួកនេះ ហៅថា អ្នកងើយមុខឆាន់ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី ពួកសមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចំការទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយនក្ខត្តឫក្សទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយៗ នូវទូតកម្ម និងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបាន ដោយធម៌ហើយ ទើបឆាន់។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រក ចូលទៅកាន់ច្រក ចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ ប្រាប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារ ប្រកបដោយធម៌ សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូរប្រគេនដុំបាយ ដល់ពួកសមណសក្យបុត្រផងចុះ។
ចប់ សារីបុត្តសំយុត្ត។
ឧទ្ទាននៃសារីបុត្តសំយុត្តនោះគឺ
និយាយអំពី បឋមជ្ឈានប្រកបដោយវិវេក១ ទុតិយជ្ឈានមិនមានវិត្តកៈ១ តតិយជ្ឈានប្រាសចាកបីតិ១ ចតុត្ថជ្ឈានប្រកបដោយឧបេក្ខា១ អាកាសានញ្ចាយតនជ្ឈាន១ វិញ្ញាណញ្ចាយតនជ្ឈាន១ អាកិញ្ចញ្ញាយតនជ្ឈាន១ នេវសញ្ញានាសញ្ញាយតនជ្ឈាន១ សញ្ញាវេទយិតនិរោធ ជាគម្រប់ប្រាំបួន១ គម្រប់១០ នឹងរឿងសូចិមុខីបរិព្វាជិកា។