បរិព្វាជក វច្ចគោត្តសួរព្រះពុទ្ធថា ហេតុអ្វីបានជាមនុស្សចាប់ក្នុងទស្សនៈនេះ ឬទស្សនៈនោះ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានទិដ្ឋិច្រើនប្រការ។
sn 33.001 បាលី cs-km: sut.sn.33.001 អដ្ឋកថា: sut.sn.33.001_att PTS: ?
(រូបអញ្ញាណ)សូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. រូបអញ្ញាណសុត្តំ)
[២៨២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង បរិព្វាជកឈ្មោះ វច្ចគោត្ត បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន ថា លោកមានទីបំផុតក៏មាន ថា លោកមិនមានទីបំផុតក៏មាន ថា ជីវិតនោះ គឺសរីរៈនោះក៏មាន ថា ជីវិតដទៃ សរីរៈដទៃក៏មាន ថា សត្វស្លាប់ទៅកើតទៀតក៏មាន ថា សត្វស្លាប់ទៅមិនកើតទៀតក៏មាន ថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន ថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងរូប មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតរូប មិនដឹងក្នុងទីរំលត់រូប មិនដឹងក្នុងសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់រូប ទើបទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកយ៉ាងនេះថា លោកទៀងក៏មាន។បេ។ ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។