km:tipitaka:sut:sn:35:sut.sn.35.013



(បឋមបុព្វេសម្ពោធ)សូត្រ ទី១

សង្ខេប

អ្វី​ហ្ន៎ ជា​អានិសង្ស ជា​ទោស​របស់ភ្នែក អ្វីជាគ្រឿងរលាស់ចេញនូវភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ នីងចិត្ត?

sn 35.013 បាលី cs-km: sut.sn.35.013 អដ្ឋកថា: sut.sn.35.013_att PTS: ?

(បឋមបុព្វេសម្ពោធ)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១. បឋមបុព្វេសម្ពោធសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន តថាគត នៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្វីហ្ន៎ ជាអានិសង្ស របស់ភ្នែក អ្វីហ្ន៎ ជាទោសរបស់ភ្នែក អ្វីជាគ្រឿងរលាស់ចេញនូវភ្នែក អ្វីជាអានិសង្សរបស់ត្រចៀក។បេ។ អ្វីជាអានិសង្សរបស់ច្រមុះ។ អ្វីជាអានិសង្សរបស់អណ្តាត។ អ្វីជាអានិសង្សរបស់កាយ។ អ្វីជាអានិសង្សរបស់ចិត្ត អ្វីជាទោសរបស់ចិត្ត អ្វីជាគ្រឿងរលាស់ចេញនូវចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យភ្នែក នេះជាអានិសង្សរបស់ភ្នែក ភ្នែកណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ភ្នែក ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងភ្នែកណា នេះជាគ្រឿងរលាស់ចេញ នូវភ្នែក។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអណ្តាត នេះជាអានិសង្សរបស់អណ្តាត អណ្តាតណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់អណ្តាត ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងអណ្តាតណា នេះជាគ្រឿងរលាស់ចេញ នូវអណ្តាត។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យចិត្ត នេះជាអានិសង្សរបស់ចិត្ត ចិត្តណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ចិត្ត ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងចិត្តណា នេះជាគ្រឿងរលាស់ចេញនូវចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្នុង ទាំង៦នេះ យ៉ាងនេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដែលឥតមានសេចក្តីដឹងឯទៀង ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះនៅឡើយទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្នុង ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី១។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.013.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann