km:tipitaka:sut:sn:35:sut.sn.35.014



(ទុតិយបុព្វេសម្ពោធ)សូត្រ ទី២

សង្ខេប

អ្វី​ហ្ន៎ ជា​អានិសង្ស​ អ្វីជាទោស អ្វីជាគ្រឿងរលាស់ចេញ នូវរូប សំឡេង ក្លិន រស ផោដ្ឋឰៈ នីង​រលាស់​ធម្មារម្មណ៍?

sn 35.014 បាលី cs-km: sut.sn.35.014 អដ្ឋកថា: sut.sn.35.014_att PTS: ?

(ទុតិយបុព្វេសម្ពោធ)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(២. ទុតិយបុព្វេសម្ពោធសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន តថាគតនៅជាពោធិសត្វ មិនទាន់បាន ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ ជាអានិសង្សរបស់រូប អ្វីជាទោសរបស់រូប អ្វីជាគ្រឿងរលាស់ចេញ នូវរូប អ្វីជាអានិសង្សរបស់សំឡេង។បេ។ អ្វីជាអានិសង្សរបស់ក្លិន។បេ។ អ្វីជាអានិសង្សរបស់រស។ អ្វីជាអានិសង្សរបស់ផោដ្ឋឰៈ។ អ្វីជាអានិសង្សរបស់ធម្មារម្មណ៍ អ្វីជាទោសរបស់ធម្មារម្មណ៍ អ្វីជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងរូបណា នេះ ជាគ្រឿងរលាស់ចេញនូវរូប។ សេចក្តីសុខ និងសោមនស្សណា កើតឡើយ ព្រោះអាស្រ័យសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ នេះ ជាអានិសង្សរបស់ធម្មារម្មណ៍ ធម្មារម្មណ៍ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ធម្មារម្មណ៍ ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងធម្មារម្មណ៍ណា នេះជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង៦នេះ យ៉ាងនេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដែលឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសណមព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី២។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.014.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann