km:tipitaka:sut:sn:35:sut.sn.35.018



(ទុតិយនោចេអស្សាទ)សូត្រ ទី៦

សង្ខេប

«សត្វ​ទាំង​ឡាយ មិន​បាន​ដឹង​ច្បាស់ តាម​ពិត នូវ​អានិសង្ស ថា​ជា​អានិសង្ស … នៃ​អាយតនៈ ខាង​ក្រៅទាំង ៦ នេះ អស់​កាល​ត្រឹម​ណា។»

sn 35.018 បាលី cs-km: sut.sn.35.018 អដ្ឋកថា: sut.sn.35.018_att PTS: ?

(ទុតិយនោចេអស្សាទ)សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. ទុតិយនោចេអស្សាទសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃរូប មិនមានទេ សត្វទាំងឡាយ មិនត្រេកអរក្នុងរូបឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអរនឹងរូប ម្នាលភិក្ខុទាំងឡាយ បើទោសនៃរូប មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងរូបឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងរូប ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវរូបមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាករូបឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញនូវរូបមាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ រលាស់ចេញចាករូប។ ម្នាលភិក្ខុទំាងឡាយ បើអានិសង្សរបស់សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍មិនមានទេ សត្វទំាងឡាយ មិនត្រេកអរ នឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទំាងឡាយ អានិសង្សនៃធម្មារម្មណ៍មាន ញ្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ ត្រេកអរនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើទោសនៃធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃធម្មារម្មណ៍មាន ព្រោះហេតុណា ហេតុនោះ បានជា សត្វទាំងឡាយ រមែងនឿយណាយនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញ នូវធម្មារណ្ម៍មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ បានដឹងច្បាស់ តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបាន ប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែ សត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ។ប។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈបាន។

ចប់សូត្រ ទី៦។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.018.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann