km:tipitaka:sut:sn:35:sut.sn.35.028



(អាទិត្ត)សូត្រ ទី៦

សង្ខេប

ព្រះ​សូត្រ​ដ៏ល្បី​អំពី​ការ​ដុត​ពិ​ភព​លោក ដល់​ព្រះសង្ឃ​ដែល​ធ្លាប់​ធ្វើ​ពិធី​បូជា​ភ្លើង។

sn 35.028 បាលី cs-km: sut.sn.35.028 អដ្ឋកថា: sut.sn.35.028_att PTS: ?

(អាទិត្ត)សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ព្រះ​សូត្រ និង​សេចក្តី​លម្អិត​ជុំ​វិញ ក៏​មាន​នៅក្នុង ឧរុវេលបាដិហារិយកថាថុ នៅ វិន័យបិដក មហាវគ្គដែរ។

អានដោយ ព្រះ​ខេមានន្ទ ដោយ ព្រះយ៉ូហាន់ sut.sn.35.028.gif

(៦. អាទិត្តសុត្តំ)

[៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតស្រះ ក្នុងស្រុកឈ្មោះ គយាសីសៈ ជាមួយនឹងភិក្ខុ ១.០០០ រូប។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ក្តៅ។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង ជារបស់ក្តៅ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជារបស់ក្តៅ រូបជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផ័ស្ស ជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខ ក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ អណ្តាត ជារបស់ក្តៅ រសជារបស់ក្តៅ ជិវ្ហាវិញ្ញាណ ជារបស់ក្តៅ ជិវ្ហាសម្ផ័ស្សជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខ ក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។បេ។ មនោជារបស់ក្តៅ ធម្មារម្មណ៍ជារបស់ក្តៅ មនោវិញ្ញាណ ជារបស់ក្តៅ មនោសម្ផ័ស្ស ជារបស់ក្តៅ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជារបស់ក្តៅដែរ។ ក្តៅដោយអ្វី។ តថាគត ពោលថា ក្តៅដោយភ្លើង គឺរាគៈ ដោយភ្លើង គឺទោសៈ ដោយភ្លើង គឺមោហៈ ក្តៅដោយសេចក្តីកើត ដោយសេចក្តីគ្រាំគ្រា ដោយសេចក្តីស្លាប់ ដោយសេចក្តីសោក ដោយសេចក្តីខ្សឹកខ្សួល ដោយសេចក្តីទុក្ខក្នុងកាយ ដោយសេចក្តីទុក្ខក្នុងចិត្ត ដោយសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ។ ម្នាលភិក្ខុទាងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានយល់ឃើញ យ៉ាងនេះហើយ ក៏នឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ក៏នឿយណាយ នឹងវេទនានោះផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ( ចាកអាសវៈ )។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ ថា ជាតិអស់ហើយ ព្រហ្មចរិយាធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះហើយ។ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ នឹងភាសិត នៃព្រះមានព្រះភាគ។ នាកាលវេយ្យាករណ៍ ( ព្រះសូត្រឥតមានគាថា ) នេះ ដែលព្រះមានព្រះភាគ កំពុងត្រាស់ទេសនា ចិត្តរបស់ភិក្ខុទាំង ១.០០០ រូបនោះ ក៏បានផុតស្រឡះហើយ ចាកអាសវៈ ទាំងឡាយ ព្រោះការមិនប្រកាន់មាំ។

ចប់សូត្រ ទី៦។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.028.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann