km:tipitaka:sut:sn:35:sut.sn.35.030



(សមុគ្ឃាតសារុប្ប)សូត្រ ទី៨

សង្ខេប

និយាយ​អំពី​បដិបទា​ដ៏​សមគួរ។

sn 35.030 បាលី cs-km: sut.sn.35.030 អដ្ឋកថា: sut.sn.35.030_att PTS: ?

(សមុគ្ឃាតសារុប្ប)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៨. សមុគ្ឃាតសារុប្បសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវបដិបទា ដ៏សមគួរ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង ដល់អ្នកទាំងឡាយ ៗ ចូរស្ដាប់នូវបដិបទានោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃ តថាគតនឹងសំដែង។ ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាដ៏សមគួរ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួងនោះ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំគាល់នូវចក្ខុ មិនសំគាល់ក្នុងចក្ខុ មិនសំគាល់ដោយចក្ខុ មិនសំគាល់ថា ចក្ខុជារបស់អញ។ មិនសំគាល់នូវរូបទាំងឡាយ មិនសំគាល់ក្នុងរូបទាំងឡាយ មិនសំគាល់ដោយរូប មិនសំគាល់ថា រូបទាំងឡាយ ជារបស់អញ មិនសំគាល់ នូវចក្ខុវិញ្ញាណ មិនសំគាល់ក្នុងចក្ខុវិញ្ញាណ មិនសំគាល់ដោយចក្ខុវិញ្ញាណ មិនសំគាល់ថា ចក្ខុវិញ្ញាណជារបស់អញ មិនសំគាល់នូវចក្ខុសម្ផ័ស្ស មិនសំគាល់ក្នុងចក្ខុសម្ផ័ស្ស មិនសំគាល់ដោយចក្ខុសម្ផ័ស្ស មិនសំគាល់ថា ចក្ខុសម្ផ័ស្ស ជារបស់អញ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។បេ។ មិនសំគាល់ នូវអណ្តាត មិនសំគាល់ក្នុងអណ្តាត មិនសំគាល់ដោយអណ្តាត មិនសំគាល់ ថាអណ្តាត ជារបស់អញ មិនសំគាល់នូវរសទាំងឡាយ មិនសំគាល់ក្នុងរសទាំងឡាយ មិនសំគាល់ដោយរស មិនសំគាល់ថា រសទាំងឡាយ ជារបស់អញ។ មិនសំគាល់នូវជិវ្ហា វិញ្ញាណ មិនសំគាល់ក្នុងជិវ្ហាវិញ្ញាណ មិនសំគាល់ដោយជិវ្ហាវិញ្ញាណ មិនសំគាល់ថា ជិវ្ហា វិញ្ញាណជារបស់អញ មិនសំគាល់នូវជិវ្ហាសម្ផ័ស្ស មិនសំគាល់ ក្នុងជិវ្ហាសម្ផ័ស្ស មិនសំគាល់ ដោយជិវ្ហាសម្ផ័ស្ស មិនសំគាល់ ថា ជិវ្ហាសម្ផ័ស្សជារបស់អញ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។បេ។ មិនសំគាល់នូវមនោ មិនសំគាល់ក្នុងមនោ មិនសំគាល់ដោយមនោ មិនសំគាល់ថា មនោជារបស់អញ។ មិនសំគាល់នូវធម្មារម្មណ៍ទាំងឡាយ មិនសំគាល់ក្នុងធម្មារម្មណ៍ទាំងឡាយ មិនសំគាល់ដោយធម្មារម្មណ៍ មិនសំគាល់ថា ធម្មារម្មណ៍ទាំងឡាយ ជារបស់អញ។ មិនសំគាល់ នូវមនោវិញ្ញាណ មិនសំគាល់ក្នុងមនោវិញ្ញាណ មិនសំគាល់ដោយមនោវិញ្ញាណ មិនសំគាល់ថា មនោវិញ្ញាណ ជារបស់អញ។ មិនសំគាល់ នូវមនោសម្ផ័ស្ស មិនសំគាល់ក្នុងមនោសម្ផ័ស្ស មិនសំគាល់ដោយមនោសម្ផ័ស្ស មិនសំគាល់ថា មនោសម្ផ័ស្ស ជារបស់អញ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី ដែលកើតឡើង ព្រោះមនោ សម្ផ័ស្សជាបច្ច័យ មិនសំគាល់នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។ មិនសំគាល់ នូវវត្ថុទាំងពួង មិនសំគាល់ក្នុងវត្ថុទាំងពួង មិនសំគាល់ដោយវត្ថុទាំងពួង មិនសំគាល់ថា វត្ថុទាំងពួង ជារបស់អញ។ លុះភិក្ខុនោះ មិនសំគាល់យ៉ាងនេះ ក៏មិនបានប្រកាន់ នូវវត្ថុអ្វីតិចតួច ក្នុងលោក កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រលត់ចំពោះខ្លួនឯង បានដឹងច្បាស់ថា ជាតិរបស់អញ អស់ហើយ ព្រហ្មចរិយធម៌ អញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា បដិបទា ដ៏សមគួរដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង។

ចប់សូត្រ ទី៨។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.030.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann