km:tipitaka:sut:sn:35:sut.sn.35.074



(បឋមគិលាន)សូត្រ ទី១

សង្ខេប

ភិក្ខុ​ថ្មី​ឈឺ​ទទួល​បាន​ធម៌​ទេសនា​ពី​ព្រះ​សម្មាសម្ពុទ្ធ បាន​ដល់​អរិយ​ធម៌។

sn 35.074 បាលី cs-km: sut.sn.35.074 អដ្ឋកថា: sut.sn.35.074_att PTS: ?

(បឋមគិលាន)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. បឋមគិលានសុត្តំ)

[៨៨] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយរូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ មានព្រះភាគអនុគ្រោះ ស្តេចទៅស្រោចស្រង់ភិក្ខុនោះផង។ លំដាប់នោះ ព្រះមានព្រះ ភាគ ទ្រង់ឮថា ភិក្ខុថ្មីណាស់ផង ឈឺធ្ងន់ផង ទ្រង់ជ្រាបច្បាស់ ដូច្នេះថា ភិក្ខុមិនទាន់ មានគេស្គាល់ ក៏ស្តេចចូលទៅរកភិក្ខុនោះ។ ភិក្ខុនោះ បានឃើញព្រះមានព្រះភាគ ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវា ( ចង់ក្រោក ) លើគ្រែ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ណ្ហើយភិក្ខុ អ្នកកុំប្រវេប្រវា លើគ្រែឡើយ ព្រោះមានអាសនៈ គេក្រាលទុកនេះហើយ តថាគត នឹងអង្គុយលើអាសនៈនោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ក៏ត្រាស់សួរភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលដែរឬ ទុក្ខវេទនា ចេះតែថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ព្រោះទុក្ខវេទនា របស់ខ្ញុំព្រះអង្គធ្ងន់ណាស់ តែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។ ម្នាលភិក្ខុ អ្នកមិនមានសេចក្តីរង្កៀសតិចតួច មិនមានវិប្បដិសារៈ នីមួយទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មានសេចក្តីរង្កៀសច្រើន មានវិប្បដិសារៈច្រើន។ ម្នាលភិក្ខុ ចុះអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតិះដៀលខ្លួន ដោយសីលទេ ។ ម្នាលភិក្ខុ បើអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកមានសេចក្តីរង្កៀសក្នុងអ្វី ទាំងមានវិប្បដិសារៈអ្វីទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងថា មានការស្អាតសីល ជាប្រយោជន៍ ។ ម្នាលភិក្ខុ បើអ្នកមិនទាន់យល់ច្បាស់ នូវធម៌ ដែលតថាគត សំដែងហើយថា មានការស្អាតសីល ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ នូវធម៌ដែលតថាគតសំដែងហើយ ថាមានអ្វីជាប្រយោជន៍។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា មានការកំចាត់បង់នូវរាគៈ ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ ថាមានការកំចាត់បង់ នូវរាគៈ ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថា ធម៌ដែលតថាគតបានសម្តែងហើយ សុទ្ធតែមានការកំចាត់បង់ នូវរាគៈជាប្រយោជន៍ ។

[៨៩] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀង ឬមិនទៀង។ មិនទៀង ទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនគួរនឹងយល់ឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងភ្នែងផង។បេ។ រមែងនឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុនោះ ក៏មានចិត្តរីករាយ ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ សម្តែងវេយ្យាករណ៍នេះចប់ហើយ ធម្មចក្ខុ គឺសោតាបត្តិផល ដ៏ប្រាសចាកធុលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់ភិក្ខុនោះថា ធម្មជាតណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញ ជាធម្មតា។

ចប់សូត្រ ទី១។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.074.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann