ព្រះសង្ឃថ្មីមួយអង្គទៀត ដែលមានជំងឺទទួលបានការបង្រៀនពីព្រះសម្មាសម្ពុទ្ធ ក៏ក្លាយជាព្រះអរហន្តនៅទីនោះ។
sn 35.075 បាលី cs-km: sut.sn.35.075 អដ្ឋកថា: sut.sn.35.075_att PTS: ?
(ទុតិយគិលាន)សូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២. ទុតិយគិលានសុត្តំ)
[៩០] គ្រានោះ ភិក្ខុមួយរូប។បេ។ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយរូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះ ស្តេចទៅជួបភិក្ខុនោះផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឮថា ភិក្ខុថ្មីណាស់ផង ឈឺធ្ងន់ណាស់ផង ជ្រាបច្បាស់ដូច្នេះថា ភិក្ខុមិនទាន់មានគេស្គាល់ ហើយក៏ស្តេចចូលទៅរកភិក្ខុនោះ។ ភិក្ខុនោះ បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវាលើគ្រែ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ ណ្ហើយ អ្នកកុំប្រវេប្រវាលើគ្រែឡើយ ព្រោះមានអាសនៈ ដែលគេក្រាលទុកនេះហើយ តថាគតនឹងអង្គុយ លើអាសនៈនោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏ទ្រង់ត្រាស់សួរទៅភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលដែរឬ ទុក្ខវេទនាថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនចម្រើនឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតិះដៀលខ្លួន ដោយសីលទេ។ ម្នាលភិក្ខុ បើអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេ កាលបើយ៉ាងនេះ អ្នកមានសេចក្តីរង្កៀសក្នុងរឿងអ្វី មានវិប្បដិសារៈអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍។ ម្នាលភិក្ខុ បើអ្នកមិនទាន់ យល់ច្បាស់ធម៌ ដែលតថាគតសំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយ ថាមានអ្វីជាប្រយោជន៍ ។ បពិត្រអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងហើយថា មានអនុបាទាបរិនិព្វាន ( បរិនិព្វានកិលេស ព្រមទាំងខន្ធ ) ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយថា មានអនុបាទា បរិនិព្វាន ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថាធម៌ ដែលតថាគតបានសម្តែងហើយ សុទ្ធតែមាន អនុបាទាបរិនិព្វាន ជាប្រយោជន៍។
[៩១] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងភ្នែកផង។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ សម្តែងសូត្រនេះចប់ហើយ ភិក្ខុនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់សម្តែងវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់ភិក្ខុនោះ ក៏រួចស្រឡះចាកអាសវៈ ព្រោះមិនបានប្រកាន់មាំ។
ចប់សូត្រ ទី២។