រឿងដ៏ចម្រូងចម្រាសនៃការចាកចេញរបស់ព្រះឆន្ន។
sn 35.087 បាលី cs-km: sut.sn.35.087 អដ្ឋកថា: sut.sn.35.087_att PTS: ?
(ឆន្ន)សូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. ឆន្នសុត្តំ)
[១០៤] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះសារីបុត្តមានអាយុ ១ ព្រះមហាចុន្ទមានអាយុ ១ ព្រះឆន្នៈមានអាយុ ១ គង់លើភ្នំគិជ្ឈកូដ។ សម័យនោះឯង ព្រះឆន្នៈមានអាយុ មានអាពាធ ប្រកបដោយទុក្ខ ឈឺធ្ងន់។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាចុន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏បបួលព្រះមហាចុន្ទមានអាយុ យ៉ាងនេះថា នែអាវុសោចុន្ទ មក យើងនឹងទៅសួរជម្ងឺ ព្រះឆន្នៈមានអាយុ។ ព្រះមហាចុន្ទមានអាយុ បានទទួលតបពាក្យព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។ ទើបព្រះសារីបុត្តមានអាយុ និងព្រះមហាចុន្ទមានអាយុ ចូលទៅរកព្រះឆន្នៈមានអាយុ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះសារីបុត្តមានអាយុគង់ហើយ ទើបសួរព្រះឆន្នៈមានអាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ សរីរយន្តរបស់អ្នក ល្មមអត់ទ្រាំបានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនា ធូរថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនចម្រើនឡើងទេឬ។
[១០៥] ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត សរីរយន្តរបស់ខ្ញុំ មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានទេ ( ព្រោះ ) ទុក្ខវេទនា របស់ខ្ញុំដ៏ភ្លៀវក្លា តែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្បើយទេ។ ម្នាលអាវុសោ បុរសមានកម្លាំង យកដែកស្រួចដ៏មុត មកចាក់លលាដ៏ក្បាល ដូចម្តេចមិញ ម្នាលអាវុសោ ខ្យល់ដ៏ក្រៃលែង ចាក់ដោតក្បាលរបស់ខ្ញុំ ក៏ដូច្នោះដែរ។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានស្រួលទេ។បេ។ មិនធូរថយទេ។ ម្នាលអាវុសោ បុរសមានកម្លាំង យកចង្វាយព្រ័ត្រដ៏មាំ មកត្របែងក្បាល យ៉ាងណាមិញ ម្នាលអាវុសោ ខ្យល់ខ្លាំងហួសប្រមាណ សីសវេទនា កើតក្នុងសីសៈ ក៏យ៉ាងនោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ។បេ។ មិនធូរថយទេ។ ម្នាលអាវុសោ បុរសអ្នកសម្លាប់គោ ឬកូនឈ្នួលអ្នកសម្លាប់គោ ដែលឈ្លាសវៃ អារពន្លះពោះ (គោ) ដោយគ្រឿងសម្រាប់ពន្លះគោដ៏មុត ដូចម្តេចមិញ មា្នលអាវុសោ ខ្យល់ដ៏ក្រៃលែង អារពោះខ្ញុំ ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ។បេ។ មិនបានស្រាកស្រាន្តទេ។ ម្នាលអាវុសោ បុរសមានកម្លាំង ២ នាក់ ចាប់បុរសដែលមានកម្លាំងខ្សោយ ត្រង់ដើមដៃម្ខាង ម្នាក់ ឆ្អើររោលលើរណ្តៅរងើកភ្លើង ដូចម្តេចមិញ ការក្តៅក្រហាយក្នុងកាយ របស់ខ្ញុំដ៏ក្រៃលែង ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ (ព្រោះ) ទុក្ខវេទនា ដ៏ក្លៀវក្លារបស់ខ្ញុំ តែងតែចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំនឹងយកគ្រឿងសស្រ្តា (មកសម្លាប់ខ្លួន) ខ្ញុំមិនចង់នៅរស់ទេ លុះព្រះឆន្នៈមានអាយុ ពោលដូច្នេះហើយ ក៏នាំយកគ្រឿងសស្រ្តាមក។
[១០៦] ព្រះសារីបុត្តអង្វរថា សូមព្រះឆន្នៈមានអាយុ រស់នៅសិន យើងចង់ឲ្យព្រះឆន្នៈ មានអាយុ នៅរស់ បើព្រះឆន្នៈមានអាយុ មិនមានភោជនជាទីសប្បាយទេ ខ្ញុំនឹងស្វែងរកភោជន ជាទីសប្បាយ ដើម្បីព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ មិនមានភេសជ្ជៈ ជាទីសប្បាយទេ ខ្ញុំនឹងស្វែងរកភេសជ្ជៈ ជាទីសប្បាយ ដើម្បីព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ មិនមានឧបដ្ឋាក ដ៏សមគួរទេ ខ្ញុំនឹងបម្រើព្រះឆន្នៈមានអាយុ កុំឲ្យតែព្រះឆន្នៈមានអាយុ នាំយកគ្រឿងសស្រ្តាមក សូមព្រះឆន្នៈមានអាយុ រស់នៅសិន ( ព្រោះ ) យើងចង់ឲ្យព្រះឆន្នៈមានអាយុ នៅរស់។ ព្រះឆន្នតេ្ថរតបថា ម្នាលអាវុសោសារីបុត្ត ខ្ញុំមិនមែនគ្មានភោជន ជាទីសប្បាយទេ ខ្ញុំមានភោជន ជាទីសប្បាយ មួយទៀត ខ្ញុំមិនមែនគ្មានភេសជ្ជៈ ជាទីសប្បាយទេ ខ្ញុំមានភេសជ្ជៈ ជាទីសប្បាយ មួយវិញទៀត ខ្ញុំមិនមែនគ្មានឧបដ្ឋាក ដ៏សមគួរទេ ខ្ញុំមានឧបដ្ឋាក ដ៏សមគួរ។ ម្នាលអាវុសោ ទាំងព្រះសាស្តាសោត ខ្ញុំក៏បានបម្រើដោយសេចក្តីពេញចិត្ត មកយូរហើយ មិនមែនដោយការមិនពេញចិត្តទេ។ ម្នាលអាវុសោ សាវ័កត្រូវតែបម្រើព្រះសាស្តា ដោយសេចក្តីគាប់ចិត្ត មិនត្រូវបម្រើដោយសេចក្តីមិនគាប់ចិត្តទេ អំពើនោះ ទើបជាការសមគួរដល់សាវ័ក នែអាវុសោសារីបុត្ត អ្នកចូរចាំទុកដំណើរនុ៎ះ យ៉ាងនេះថា ការនុ៎ះមិននៅទាក់ទាមទេ ឆន្នភិក្ខុ មុខជានឹងនាំយកគ្រឿងសស្រ្តា មកផ្តាច់បង់ជីវិត។
[១០៧] ព្រះសារីបុត្តនិយាយថា យើងនឹងសួរនូវហេតុនីមួយ នឹងព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ បើកឱកាសឲ្យ ដើម្បីដោះស្រាយនូវប្រស្នា។ ម្នាលអាវុសោសារីបុត្ត អ្នកចូរសួរចុះ យើងស្តាប់ហើយ គង់នឹងដឹងបាន។ ម្នាលអាវុសោឆន្នៈ អ្នកយល់ នូវចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់នូវជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំយល់ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ។បេ។ ម្នាលអាវុសោ សារីបុត្ត ខ្ញុំយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។
[១០៨] ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណ បានជាយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណ បានជាយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះ។
[១០៩] ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណ បានជាយល់ចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណ បានជាយល់ជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងមនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណ បានជាយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ដូច្នេះ។
[១១០] កាលព្រះឆន្នៈនិយាយ យ៉ាងនេះហើយ ព្រះមហាចុន្ទមានអាយុ បាននិយាយនឹងព្រះឆន្នៈមានអាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ បើដូច្នោះ អ្នកគួរយកចិត្តទុកដាក់ ឲ្យប្រពៃ ចំពោះសាសនា របស់ព្រះមានព្រះភាគនោះ អស់កាលជានិច្ចចុះ បុគ្គល ដែលតណ្ហា មានះ ទិដ្ឋិ អាស្រ័យនៅហើយ រមែងមានសេចក្តីកម្រើក បុគ្គលដែលមិនមានតណ្ហា មានះ ទិដ្ឋិ អាស្រ័យនៅ រមែងមិនមានសេចក្តីកម្រើកទេ កាលបើមិនមានសេចក្តីកម្រើក ទើបមានសេចក្តីស្ងប់ កាលបើមានសេចក្តីស្ងប់ ទើបមិនមានសេចក្តីត្រេកត្រអាល កាលបើមិនមានសេចក្តីត្រេកត្រអាល ដំណើរមក និងដំណើរទៅ ក៏មិនមាន កាលបើមិនមានដំណើរមក និងដំណើរទៅ ចុតិ និងបដិសន្ធិ ក៏មិនមាន កាលបើចុតិ និងបដិសន្ធិ មិនមាន ទើបមិនមានកិច្ចអ្វី ក្នុងលោកនេះ មិនមានក្នុងលោកខាងមុខ មិនមានក្នុងចន្លោះនៃលោកទាំងពីរ នេះឯង ជាទីបំផុតនៃទុក្ខ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ និងព្រះមហាចុន្ទមានអាយុ លុះទូន្មានព្រះឆន្នៈមានអាយុ ដោយឱវាទនេះហើយ ទើបក្រោកអំពីអាសនៈចៀសចេញទៅ។ គ្រានោះឯង ព្រះឆន្នៈមានអាយុ កាលដែលព្រះថេរៈមានអាយុទាំងនោះ និមន្តចេញទៅ មិនយូរប៉ុន្មាន ក៏នាំយកគ្រឿងសស្រ្តាមក។
[១១១] គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះឆន្នៈមានអាយុ បាននាំយកគ្រឿងសស្រ្តាមកហើយ តើព្រះឆន្នៈមានអាយុនោះ មានគតិ ដូចម្តេច មានបរលោកដូចម្តេច។ ព្រះសម្ពុទ្ធ ជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ក្រែងឆន្នភិក្ខុ បានដោះស្រាយ ការដែលមិននៅទាក់ទាម ក្នុងទីចំពោះមុខ របស់អ្នករួចហើយឬ។ បពិត្រព្រះអង្គដ៏ចម្រើន មានស្រុកក្នុងដែនវជ្ជីឈ្មោះ បុព្វវិជ្ជនៈ ក្នុងស្រុកនោះឯង ព្រះឆន្នៈមានអាយុ មានត្រកូលជាមិត្ត ត្រកូលជាសំឡាញ់ ត្រកូលដែលនៅជាប់ទាក់ទាម ( គួរចូលទៅរក )។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលសារីបុត្ត ឆន្នភិក្ខុ មានត្រកូលជាមិត្ត ត្រកូលជាសំឡាញ់ ត្រកូលដែលនៅជាប់ទាក់ទាមនុ៎ះ ពិតមែន។ ម្នាលសារីបុត្ត តែតថាគត មិនឲ្យឈ្មោះថា ជាអ្នកប្រកបដោយការទាក់ទាម ព្រោះហេតុប៉ុណ្ណេះឡើយ។ ម្នាលសារីបុត្ត លុះតែអ្នកណាមួយ ដាក់ចុះនូវកាយនេះផង កាន់យកនូវកាយដទៃផង ទើបតថាគត ហៅអ្នកនោះថា ជាអ្នកប្រកបដោយការទាក់ទាម។ ការណ៍នោះ មិនមានដល់ឆន្នភិក្ខុទេ ឆន្នភិក្ខុ បាននាំយកគ្រឿងសស្រ្តាមក មិនមានការទាក់ទាម គឺមិនមានបដិសន្ធិទេ ម្នាលសារីបុត្ត ហេតុនោះ អ្នកចូលចាំទុក នូវដំណើរនុ៎ះ យ៉ាងនេះចុះ។
ចប់សូត្រ ទី៤។