km:tipitaka:sut:sn:35:sut.sn.35.088



(បុណ្ណ)សូត្រ ទី៥

សង្ខេប

ព្រះបុណ្ណ​សុំមេរៀនចុងក្រោយ ពីព្រះពុទ្ធ។ មុន​​នឹង​​បាត់​​ខ្លួន​​នៅ​ក្រោម​​មនុស្ស​​ព្រៃ ព្រះ​សម្មាសម្ពុទ្ធ​​ទ្រង់​​សាក​​ល្បង​​មើល​​ថា តើ​លោក បាន​ត្រៀម​​ខ្លួន​​ទៅ​​ទី​​នោះ​​ឬ​​អត់។

sn 35.088 បាលី cs-km: sut.sn.35.088 អដ្ឋកថា: sut.sn.35.088_att PTS: ?

(បុណ្ណ)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. បុណ្ណសុត្តំ)

[១១២] គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះបុណ្ណៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ សំដែងធម៌ ដោយសង្ខេប ប្រោសខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស បញ្ជូនចិត្តទៅរកព្រះនិញ្វន។ ព្រះសម្ពុទ្ធត្រាស់ថា ម្នាលបុណ្ណៈ រូបដែលត្រូវដឹងបាន ដោយចក្ខុ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្ត នឹងរូបនោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តនឹងរូបនោះ សេចក្តីរីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែកើតសេចក្តីរីករាយ ទើបកើតទុក្ខ។បេ។ ម្នាលបុណ្ណៈ រស ដែលត្រូវដឹង ដោយអណ្តាត។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ដោយមនោ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ សេចក្តីរីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែកើតសេចក្តីរីករាយ ទើបកើតទុក្ខ។

[១១៣] ម្នាលបុណ្ណៈ រូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុមិន ត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងរូបនោះ សេចក្តីរីករាយ រមែងរលត់ ម្នាលបុណ្ណៈ តថាគតពោលថា លុះតែរលត់សេចក្តីត្រេកអរ ទើបទុក្ខរលត់។បេ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹង ដោយមនោ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងធម៌នោះ សេចក្តីរីករាយ រមែងរលត់ ម្នាកបុណ្ណៈ តថាគតពោលថា ទាល់តែរលត់សេចក្តីរីករាយ ទើបទុក្ខរលត់។ ម្នាលបុណ្ណៈ អ្នកឯង តថាគត បានទូន្មាន ដោយឱវាទ សង្ខេបនេះហើយ តើនឹងនៅក្នុងជនបទណា។ ព្រះបុណ្ណត្ថេរក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន មានជនបទ ១ ឈ្មោះ សុនាបរន្តៈ ខ្ញុំព្រះអង្គ នឹងនៅក្នុងសុនាបរន្តជនបទនោះ។

[១១៤] ព្រះមានបុណ្យត្រាស់ថា ម្នាលបុណ្ណៈ ពួកមនុស្សនៅក្នុងសុនាបរន្តជនបទ កាចៗណាស់ ម្នាលបុណ្ណៈ ពួកមនុស្សក្នុងសុនាបរន្តជនបទ រឹងរូសណាស់ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេចអ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងជេរប្រទេច ខ្ញុំព្រះអង្គ ៗ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយដៃទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិតក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នកដោយដៃ តើអ្នកនឹងមានគំនិតដូចម្តេចវិញ ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយដៃ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយដុំដីទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយដុំដី តើអ្នកនឹងមានគំនិត ដូចម្តេចវិញ ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយដុំដី ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្សក្នុង សុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយដំបងទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយដំបង ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេចក្នុង ដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុង សុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយដំបង ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តេជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារខ្ញុំព្រះអង្គ ដោយគ្រឿងសស្រ្តាទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុង ដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយគ្រឿងសស្រ្តា ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនប នឹងប្រហារខ្ញុំព្រះអង្គ ដោយគ្រឿងសស្រ្តា ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលដែរ ពួកមនុស្ស ក្នុងសុនាបរន្តជនបទនេះ ស្រួលល្អដែរ ព្រោះថា មនុស្សទាំងអម្បាលនេះ មិនប្រហារជិវិតខ្ញុំព្រះអង្គ ដោយគ្រឿងសស្រ្តា ដ៏មុតទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។

[១១៥] ម្នាលបុណ្ណៈ បើពួកមនុស្សក្នុងសុនាបរន្តជនបទ នឹងយកគ្រឿងសស្រ្តាដ៏មុត មកផ្តាច់ជិវិតរបស់អ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងយកគ្រឿងសស្រ្តាដ៏មុត មកផ្តាច់ជិវិត របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកសាវ័ករបស់ព្រះមានបុណ្យនោះ ដែលនឿយណាយ ធុញទ្រាន់ ខ្ពើមឆ្អើម ចំពោះកាយ និងជីវិត ហើយស្វែងរកបុគ្គលអ្នកសម្លាប់ ដោយគ្រឿងសស្រ្តា ក៏មាន ខ្ញុំព្រះអង្គ បានអ្នកសម្លាប់ ដោយគ្រឿងសស្រ្តានោះ ដែលមិនបាច់ស្វែងរកសោះទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ ប្រពៃហើយ ប្រពៃហើយ ម្នាលបុណ្ណៈ អ្នកប្រកបដោយសេចក្តីស្ងប់រម្ងាប់ គឺសេចក្តីអត់ធន់នេះ អាចនឹងនៅក្នុងសុនាបរន្តជនបទបាន ម្នាលបុណ្ណៈ ចូរអ្នកសំគាល់នូវកាលដ៏គួរ ( នឹងទៅ ) ក្នុងកាលឥឡូវនេះចុះ។

[១១៦] គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ត្រេកអរ រីករាយ ចំពោះភាសិតរបស់ ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចរៀបចំសេនាសនៈ ហើយប្រដាប់ដោយបាត្រ និងចីវរ ចេញទៅកាន់ចារិក ក្នុងសុនាបរន្តជនបទ កាលលោកចេញទៅកាន់ចារិក តាមលំដាប់ ក៏បានទៅដល់សុនាបរន្តជនបទ។ បានឮថា ព្រះបុណ្ណៈមានអាយុ គង់នៅក្នុងសុនាបរន្តជនបទនោះ។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ប្រោសពួកឧបាសក បានប្រមាណ ៥០០ នាក់ ខាងក្នុងវស្សានោះឯង ទាំងបានធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា ៣ ខាងក្នុងវស្សានោះដែរ ហើយបរិនិញ្វន ខាងក្នុងវស្សានោះតែម្តង។ វេលានោះ ពួកភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់ព្រះមានបុណ្យ លុះភិក្ខុទាំងនោះ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានបុណ្យ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស កុលបុត្តឈ្មោះ បុណ្ណៈ ដែលព្រះអង្គ បានទូន្មាន ដោយឱវាទសង្ខេប ឥឡូវនេះ លោកធ្វើមរណកាលហើយ លោកមានគតិដូចម្តេច មានបរលោក ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តឈ្មោះ បុណ្ណៈ ជាបណ្ឌិត ជាអ្នកនិយាយពិត មិនបៀតបៀន នូវធម៌ តាមសមគួរដល់ធម៌ផង មិនបៀតបៀន នូវធម្មាធិករណ៍ផង ម្នាលភិក្ខុទាំងឡាយ កុលបុត្តឈ្មោះ បុណ្ណៈ បរិនិញ្វនហើយ។

ចប់សូត្រ ទី៥។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.088.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann