ព្រះពាហិយសំធម្មមួយពីព្រះសម្មាសម្ពុទ្ធ ដើម្បីឲ្យព្រះអង្គប្រតិបត្តិតែម្នាក់ឯង។
sn 35.089 បាលី cs-km: sut.sn.35.089 អដ្ឋកថា: sut.sn.35.089_att PTS: ?
(ពាហិយ)សូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦. ពាហិយសុត្តំ)
[១១៧] គ្រានោះឯង ព្រះពាហិយៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះពាហិយៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន។ ព្រះសម្ពុទ្ធត្រាស់សួរថា ម្នាលពាហិយៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ ព្រះអង្គ។ រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ តើវេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ របស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ យ៉ាងនុ៎ះទេ ព្រះអង្គ។ ម្នាលពាហិយៈ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ រមែងនឿយណាយ នឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[១១៨] គ្រានោះឯង ព្រះពាហិយៈមានអាយុ ត្រេកអររីករាយ ចំពោះភាសិត របស់ ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ ព្រះពាហិយៈមានអាយុ ជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ប្រសើរខ្លួនឯង ក្នុងបច្ចុប្បន្ន នូវទីបំផុត នៃព្រហ្មចរិយធម៌ ដ៏ប្រសើរ ដែលជាទីត្រូវការ របស់ពួកកុលបុត្ត អ្នកចេញចាកផ្ទះ ហើយបួសដោយប្រពៃ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះពាហិយៈ មានអាយុ ក៏បានជាព្រះអរហន្តមួយអង្គដែរ។
ចប់សូត្រ ទី៦។