km:tipitaka:sut:sn:35:sut.sn.35.090



(បឋមឯជា)សូត្រ ទី៧

សង្ខេប

«សូម​ឲ្យ​អាត្មា​អញ មិន​មាន​តណ្ហា»!

sn 35.090 បាលី cs-km: sut.sn.35.090 អដ្ឋកថា: sut.sn.35.090_att PTS: ?

(បឋមឯជា)សូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ ខេមានន្ទ

(៧. បឋមឯជាសុត្តំ)

[១១៩] ម្នាលភិក្ខុទាំងឡាយ តណ្ហា ( ជាគ្រឿងញាប់ញ័រ ) ជារោគ តណ្ហា ជាបូស តណ្ហា ជាសរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ តថាគត មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហាហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺ តណ្ហា។ ភិក្ខុនោះ មិនត្រូវប្រកាន់ចក្ខុ មិនត្រូវប្រកាន់ក្នុងចក្ខុ មិនត្រូវប្រកាន់អំពីចក្ខុ មិនត្រូវប្រកាន់ថា ចក្ខុរបស់អញឡើយ មិនត្រូវប្រកាន់រូប មិនត្រូវប្រកាន់ក្នុងរូប មិនត្រូវប្រកាន់អំពីរូប មិនត្រូវប្រកាន់ថា រូបរបស់អញឡើយ មិនត្រូវប្រកាន់ចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ក្នុងចក្ខុវិញ្ញាណ មិនត្រូវប្រកាន់អំពីចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ថា ចក្ខុវិញ្ញាណរបស់អញឡើយ មិនត្រូវប្រកាន់ចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់ ក្នុងចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់អំពីចក្ខុសម្ផ័ស្ស មិនត្រូវប្រកាន់ថា ចក្ខុសម្ផ័ស្សរបស់អញឡើយ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ មិនត្រូវប្រកាន់ សោតៈ។ មិនត្រូវប្រកាន់ឃានៈ។ មិនត្រូវប្រកាន់ជិវ្ហា មិនត្រូវប្រកាន់ក្នុងជិវ្ហា មិនត្រូវប្រកាន់ អំពីជិវ្ហា មិនត្រូវប្រកាន់ថា ជិវ្ហារបស់អញឡើយ មិនត្រូវប្រកាន់រស មិនត្រូវប្រកាន់ជិវ្ហាវិញ្ញាណ មិនត្រូវប្រកាន់ជិវ្ហាសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ មិនត្រូវប្រកាន់កាយ។ មិនត្រូវប្រកាន់មនោ មិនត្រូវប្រកាន់ក្នុងមនោ មិនត្រូវប្រកាន់អំពីមនោ មិនត្រូវប្រកាន់ថា មនោរបស់អញឡើយ មិនត្រូវប្រកាន់ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ខ័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីរវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ មិនត្រូវប្រកាន់វត្ថុទាំងពួង មិនត្រូវប្រកាន់ក្នុងវត្ថុ ទាំងពួង មិនត្រូវប្រកាន់អំពីវត្ថុទាំងពួង មិនត្រូវប្រកាន់ថា វត្ថុទាំងពួង របស់អញឡើយ។ កាលភិក្ខុនោះ មិនប្រកាន់យ៉ាងនេះ រមែងមិនកួចកាន់ នូវរបស់បន្តិចបន្តួចក្នុងលោក កាលបើមិនកួចកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរលត់កិលេស ចំពោះខ្លួនឯង ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៧។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.090.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann