«…តែសត្វលោក នៅតែត្រេកអរនឹងភពដដែល…»
sn 35.091 បាលី cs-km: sut.sn.35.091 អដ្ឋកថា: sut.sn.35.091_att PTS: ?
(ទុតិយឯជា)សូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះ ខេមានន្ទ
(៨. ទុតិយឯជាសុត្តំ)
[១២០] ម្នាលភិក្ខុទាំងឡាយ តណ្ហាជារោគ តណ្ហាជាបូស តណ្ហាជាសរ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ តថាគត មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហាហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ ប្រសិនបើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហា។ ភិក្ខុមិនត្រូវប្រកាន់ចក្ខុ មិនត្រូវប្រកាន់ក្នុងចក្ខុ មិនត្រូវប្រកាន់អំពីចក្ខុ មិនត្រូវប្រកាន់ថា ចក្ខុរបស់អញឡើយ មិនត្រូវប្រកាន់រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុប្រកាន់របស់ណា ប្រកាន់ក្នុងរបស់ណា ប្រកាន់អំពីរបស់ណា ប្រកាន់ថា របស់ណារបស់អញ របស់នោះ រមែងប្រែប្រួល ចាករបស់នោះ ព្រោះសត្វក្នុងភព តែងប្រែប្រួលជានិច្ច តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។បេ។ មិនត្រូវប្រកាន់ជិវ្ហា មិនត្រូវប្រកាន់ក្នុងជិវ្ហា មិនត្រូវប្រកាន់អំពីជិវ្ហា មិនត្រូវប្រកាន់ថា ជិវ្ហារបស់អញឡើយ មិនត្រូវប្រកាន់រស ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះរបស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុប្រកាន់របស់ណា ប្រកាន់ក្នុងរបស់ណា ប្រកាន់អំពីរបស់ណា ប្រកាន់ថា របស់ណារបស់អញ របស់នោះ ក៏តែងប្រែប្រួល ចាករបស់នោះ ព្រោះសត្វក្នុងភព រមែងប្រែប្រួលជាប្រក្រតី តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។បេ។ មិនត្រូវប្រកាន់មនោ មិនត្រូវប្រកាន់ក្នុងមនោ មិនត្រូវប្រកាន់អំពីមនោ មិនត្រូវប្រកាន់ថា មនោរបស់អញឡើយ មិនត្រូវប្រកាន់ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ក្នុងវេទនានោះ មិនត្រូវប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះ របស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុប្រកាន់របស់ណា ប្រកាន់ក្នុងរបស់ណា ប្រកាន់អំពីរបស់ណា ប្រកាន់ថា របស់ណារបស់អញ របស់នោះ ក៏រមែងប្រែប្រួលចាករបស់នោះ ព្រោះសត្វក្នុងភព តែងប្រែប្រួលជាប្រក្រតី តែសត្វលោក នៅតែត្រេកអរនឹងភពដដែល។ ម្នាលភិក្ខុទាំងឡាយ ខន្ធ ធាតុ អាយតនៈ ទាំងប៉ុន្មាន ភិក្ខុមិនត្រូវប្រកាន់ខន្ធ ធាតុ អាយតនៈនោះ មិនត្រូវប្រកាន់ក្នុងខន្ធ ធាតុ អាយតនៈនោះ មិនត្រូវប្រកាន់អំពីខន្ធ ធាតុ អាយតនៈនោះ មិនត្រូវប្រកាន់ថា ខន្ធ ធាតុ អយតនៈនោះ របស់អញឡើយ។ ភិក្ខុនោះ កាលបើមិនប្រកាន់យ៉ាងនេះ រមែងមិនកួចកាន់អ្វីបន្តិចបន្តួច ក្នុងលោក កាលបើមិនកួចកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរលត់កិលេស ចំពោះខ្លួនឯង ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។
ចប់សូត្រ ទី៨។