km:tipitaka:sut:sn:35:sut.sn.35.096



(បរិហានធម្ម)សូត្រ ទី៣

សង្ខេប

ធម៌​ជា​ហេតុ​សាប​សូន្យ ធម៌​ជា​ហេតុ​មិន​សាប​សូន្យ និង​អាយតនៈ​ដ៏​ចម្រើន​ក្រៃពេក។

sn 35.096 បាលី cs-km: sut.sn.35.096 អដ្ឋកថា: sut.sn.35.096_att PTS: ?

(បរិហានធម្ម)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. បរិហានធម្មសុត្តំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបរិហានធម៌ (ធម៌ជាហេតុសាប សូន្យ) ផង នូវអបរិហានធម៌ (ធម៌ជាហេតុមិនសាបសូន្យ) ផង នូវអភិភាយតនៈ (អាយតនៈដ៏ចម្រើនក្រៃពេក) ៦ ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ចាំស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ បរិហានធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក បើភិក្ខុនៅអត់ទ្រាំនឹង អារម្មណ៍នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនកំចាត់បង់ទេ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះព្រះមានព្រះភាគ បានត្រាស់នូវដំណើរនុ៎ះ ថាជាហេតុសាបសូន្យ ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត។បេ។ កើតឡើងដល់ភិក្ខុ ព្រោះលិទ្ធភ្លក្ស រសដោយអណ្តាត ម្នាលភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ ដោយចិត្ត បើភិក្ខុនៅអត់ទ្រាំនឹងអារម្មណ៍នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនកំចាត់បង់ទេ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថាអាត្មាអញ សាបសូន្យចាកកុសលធម៌ ព្រោះព្រះមានព្រះភាគ ត្រាស់នូវដំណើរនុ៎ះ ថាជាហេតុសាបសូន្យហើយ។ ម្នាលភិក្ខុទាំងឡាយ បរិហានធម៌ យ៉ាងនេះឯង។

[១៣៩] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអបរិហានធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក បើភិក្ខុមិនទទួលអារម្មណ៍នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស កំចាត់បង់ចេញ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទេ ព្រោះព្រះមានព្រះភាគ ត្រាស់នូវដំណើរនុ៎ះ ថាជាហេតុមិនសាបសូន្យទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត។បេ។ កើតឡើងដល់ភិក្ខុ ព្រោះលិទ្ធភ្លក្សរស ដោយអណ្តាត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ កើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ដោយចិត្ត បើភិក្ខុមិនទទួលអារម្មណ៍នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស កំចាត់បង់ចេញ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ឡើយ ព្រោះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវដំណើរនុ៎ះ ថា ជាហេតុមិនសាបសូន្យទេ។ ម្នាលភិក្ខុទាំងឡាយ អបរិហានធម៌ យ៉ាងនេះឯង។

[១៤០] ម្នាលភិក្ខុទាំងឡាយ ឯ អភិភាយតនៈ ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំង ឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ចំពាក់ មិនកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយភ្នែក ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា នេះជាអាយតនៈដ៏ចម្រើនក្រៃពេក ព្រោះព្រះមានព្រះភាគ បានត្រាស់ នូវដំណើរនុ៎ះ ថាជាអាយតៈដ៏ចម្រើនក្រៃពេក។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យនៃការជាប់ចំពាក់ មិនកើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ដោយចិត្ត ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា នេះជាអាយតនៈដ៏ចម្រើនក្រៃពេក ព្រោះព្រះមានព្រះភាគ បានត្រាស់នូវដំណើរនុ៎ះ ថាជាអាយតនៈ ដ៏ចម្រើនក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អភិភាយតនៈ ទាំង ៦។

ចប់សូត្រ ទី៣។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.096.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann