km:tipitaka:sut:sn:35:sut.sn.35.097



(បមាទវិហារី)សូត្រ ទី៤

សង្ខេប

អំពី​បុគ្គល ដែល​មាន​ប្រក្រតី​នៅ ដោយ​សេចក្តី​ប្រហែស​ និង​បុគ្គល​ដែល​មាន​ប្រក្រតី​នៅ ដោយ​ការ​មិនប្រហែស។ អប្បមាទ!

sn 35.097 បាលី cs-km: sut.sn.35.097 អដ្ឋកថា: sut.sn.35.097_att PTS: ?

(បមាទវិហារី)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. បមាទវិហារីសុត្តំ)

[១៤១] សាវត្ថីនិទាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវបុគ្គល ដែលមានប្រក្រតីនៅ ដោយសេចក្តីប្រហែសផង នូវបុគ្គលដែលមានប្រក្រតីនៅ ដោយការមិនប្រហែសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមានប្រក្រតី នៅដោយសេចក្តីប្រហែស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមិនសង្រួមចក្ខុន្រ្ទិយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងរូប ដែលត្រូវដឹងដោយភ្នែក កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏មិនមាន កាលបើបាមុជ្ជៈមិនមាន បីតិ ក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិ ក៏មិនមាន កាលបើបស្សទ្ធិមិនមាន រមែងនៅជាទុក្ខ ចិត្តរបស់ភិក្ខុអ្នកមានទុក្ខ តែងមិនតំកល់នៅនឹង កាលបើចិត្ត មិនតំកល់នៅនឹង ធម៌ក៏មិនកើតប្រាកដ ព្រោះតែធម៌មិនកើតប្រាកដ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ មិនសង្រួមជិវិ្ហន្រ្ទិយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងរស ដែលត្រូវដឹង ដោយអណ្តាត កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស)។បេ។ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមិនសង្រួមមនិន្រិ្ទយ ចិត្តក៏ជោកជាំ (ដោយកិលេស) ក្នុងធម៌ដែលត្រូវដឹងដោយចិត្ត កាលបើភិក្ខុនោះ មានចិត្តជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏មិនមាន កាលបើបាមុជ្ជៈមិនមាន បីតិ ក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិ ក៏មិនមាន កាលបើបស្សទ្ធិមិនមាន ក៏រមែងនៅជាទុក្ខ ចិត្តរបស់ភិក្ខុអ្នកមានទុក្ខ រមែងមិនតំកល់នៅនឹង កាលបើចិត្ត មិនតំកល់នៅនឹង ធម៌ទាំងឡាយ រមែងមិនកើតប្រាកដ ព្រោះធម៌មិនបានកើតប្រាកដ ភិក្ខុនោះ ក៏រាប់ថា អ្នកនៅដោយសេចក្តីប្រហែសធ្វេស។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រក្រតីនៅ ដោយសេចក្តីប្រហែសធ្វេស យ៉ាងនេះឯង។

[១៤២] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងបុគ្គលអ្នកនៅដោយសេចក្តីមិនប្រហែស ធ្វេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលសង្រួមចក្ខុន្រ្ទិយ ចិត្តក៏មិនជោកជាំ (ដោយកិលេស) ក្នុងរូបដែលត្រូវដឹងដោយចក្ខុ កាលបុគ្គលនោះ មានចិត្តមិនជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើបុគ្គលនោះ មានបាមុជ្ជៈ បីតិ ក៏កើតឡើង កាលបុគ្គលនោះ មានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមានកាយស្ងប់រម្ងាប់ហើយ រមែងនៅជាសុខ ចិត្តរបស់បុគ្គល អ្នកមានសេចក្តីសុខ តែតំកល់នៅនឹង កាលបើចិត្តតំកល់នៅនឹង ធម៌ទាំងឡាយ តែងកើតប្រាកដ ព្រោះធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សង្រួមជិវិ្ហន្រ្ទិយ ចិត្ត ក៏មិនជោកជាំ (ដោយកិលេស)។បេ។ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សង្រួមមនិន្រ្ទិយ ចិត្តក៏មិនជោកជាំ (ដោយកិលេស) ក្នុងធម្មារម្មណ៍ដែលត្រូវដឹងដោយមនោ កាលបុគ្គលនោះ មានចិត្តមិនជោកជាំ (ដោយកិលេស) បាមុជ្ជៈ ក៏កើតឡើង កាលបើបុគ្គលនោះ មានបោមុជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្ត ប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ បុគ្គល ដែលមានកាយស្ងប់រម្ងាប់ រមែងសោយអារម្មណ៍ជាសុខ ចិត្តរបស់បុគ្គល ដែលមានសេចក្តីសុខ តែងតំកល់នៅនឹង កាលបើចិត្តតំកល់នៅនឹង ធម៌ទាំងឡាយ តែងកើតប្រាកដ ព្រោះតែធម៌កើតប្រាកដ បុគ្គលនោះ ក៏រាប់ថា មានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានប្រក្រតីនៅ ដោយសេចក្តីមិនប្រហែសធ្វេស យ៉ាងនេះឯង។

ចប់សូត្រ ទី៤។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.097.txt · ពេលកែចុងក្រោយ: 2024/07/06 13:01 និពន្ឋដោយ Johann