km:tipitaka:sut:sn:35:sut.sn.35.104



(យោគក្ខេមិ)សូត្រ ទី១

សង្ខេប

ព្រះពុទ្ធ​បង្រៀន​ពី​របៀប​ក្លាយ​ជា​កូន​ខ្មែរ​ពិត​ប្រាកដ។ «ធម្ម​បរិយាយ ជា​ហេតុ​របស់​បុគ្គល អ្នក​មាន​សេចក្តី​ក្សេម(ខេមរៈ) ចាក​យោគៈ(នឹម) តើ​ដូច​ម្តេច?»

sn 35.104 បាលី cs-km: sut.sn.35.104 អដ្ឋកថា: sut.sn.35.104_att PTS: ?

(យោគក្ខេមិ)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. យោគក្ខេមិសុត្តំ)

[១៥០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយ1) ជាហេតុរបស់បុគ្គល អ្នកមានសេចក្តីក្សេម ចាកយោគៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពាក្យនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ ជាហេតុរបស់បុគ្គល អ្នកមានសេចក្តីក្សេម ចាកយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូប ដែលបុគ្គលគប្បីដឹងបានដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ រូបទាំងនោះ តថាគតបានលះបង់ បានគាស់រំលើងឫសគល់ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅ មួយទៀត តថាគត ក៏បានប្រាប់នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវរូបទាំងនោះចេញ ព្រោះហេតុនោះ បានជាគេហៅតថាគតថា ជាបុគ្គល មានសេចក្តីក្សេម ចាកយោគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ រស ដែលបុគ្គលគប្បីដឹងបាន ដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ ដែលបុគ្គលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ ធម្មារម្មណ៍ទាំងនោះ តថាគត បានលះបង់ បានគាស់រំលើងឫសគល់ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅ មួយទៀត តថាគត បានប្រាប់នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវធម្មារម្មណ៍ទាំងនោះចេញ ព្រោះហេតុនោះ បានជាគេហៅតថាគតថា ជាបុគ្គលមាន សេចក្តីក្សេម ចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ធម៌បរិយាយ ជាហេតុនៃបុគ្គលមានសេចក្តីក្សេម ចាកយោគៈ។

ចប់សូត្រ ទី១។

 

លេខយោង

1)
ធម៌ជាហេតុ។
km/tipitaka/sut/sn/35/sut.sn.35.104.txt · ពេលកែចុងក្រោយ: 2023/06/18 09:07 និពន្ឋដោយ Johann