គោលជំហរច្បាស់លាស់ របស់ព្រះពុទ្ធ លើវិទ្យាសាស្ត្រ។ ការយល់ដឹងអំពីលោក និងអ្វីដែលជាសត្វ។ អ្នកអាចរួចផុតពីទុក្ខ ដោយការធ្វើដំណើរទៅកាន់ទីបញ្ចប់ នៃលោក បានទេ ប៉ុន្តែអ្នកត្រូវដឹងពីអវសាន្តនៃលោក។ (សូមមើល រោហិតស្សសូត្រ ដែរ)
sn 35.116 បាលី cs-km: sut.sn.35.116 អដ្ឋកថា: sut.sn.35.116_att PTS: ?
(លោកន្តគមន)សូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. លោកន្តគមនសុត្តំ)
[១៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវទីបំផុតនៃលោក1) ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនទាន់ដល់ នូវទីបំផុតនៃលោក2) ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ លុះព្រះមានព្រះភាគ ពោលពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារវិញទៅ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវ ដំណើរសត្វ ដែលមិនទាន់ដល់នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ឧទ្ទេស នេះ ព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ នរណាហ្ន៎ នឹងគប្បីចែករំលែក នូវសេចក្តីដោយពិស្តារបាន។ លំដាប់នោះឯង ភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ក៏ទ្រង់បានសរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏បានលើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។
[១៦៨] គ្រានោះ ភិក្ខុទាំងនោះ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ដំណាលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតមិនពោល នូវដំណើរសត្វ ដែលមិនបានដល់នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលអាវុសោ កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន យើងទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ (សេចក្តីដែលព្រះអង្គសម្តែងនោះថា) ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោល នូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ឧទ្ទេសនេះ ព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ នរណាហ្ន៎ នឹងគប្បីចែករំលែក នូវសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោ យើងទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ក៏ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប មិនបានចែករំលែក នូវសេចក្តីដោយពិស្តារ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ គួរយើងទាំងឡាយ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គួរសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ សូមព្រះអានន្ទមានអាយុ ចែករំលែកនូវសេចក្តីនោះ។ ព្រះអានន្ទតបថា ម្នាលអាវុសោទាំងឡាយ ដូចបុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមនៅមាន រំលងគល់ រំលងដើម ហើយសម្គាល់នូវមែក និងសន្លឹក ថាជាខ្លឹម ដែលត្រូវស្វែងរក មានឧបមា យ៉ាងណាមិញ សេចក្តីនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង គឺថា ព្រះសាស្តា ទ្រង់គង់ក្នុងទីចំពោះមុខ នៃលោកមានអាយុទាំងឡាយ អ្នកទាំងឡាយ រំលងព្រះមានព្រះភាគ ហើយសម្គាល់នូវយើង ថាជាបុគ្គលគួរសាកសួរចំពោះសេចក្តីនោះ។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ព្រះមានព្រះភាគនោះ តែងជ្រាបនូវហេតុដែលគប្បីជ្រាប តែងឃើញនូវហេតុ ដែលគប្បីឃើញ ព្រះអង្គ មានចក្ខុ មានញាណ មានធម៌ មានសភាពជាបុគ្គលប្រសើរ ជាអ្នកប្រតិបត្តិធម៌ ប្រព្រឹត្តធម៌ ណែនាំនូវប្រយោជន៍ ឲ្យនូវព្រះនិព្វាន ជាម្ចាស់នៃធម៌ ទ្រង់មកហើយ ដោយប្រការដូច្នោះ ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលាដែល អ្នកទាំងឡាយ គួរតែសាកសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ ដោះស្រាយនឹងអ្នកទាំងឡាយយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ ម្នាលអាវុសោអានន្ទ ពិត ដូច្នោះមែន ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុ ដែលគប្បីជ្រាប ទ្រង់ឃើញនូវហេតុ ដែលគប្បីឃើញដោយពិត ព្រះអង្គមានចក្ខុ មានញាណ មានធម៌ មានសភាពជាបុគ្គលប្រសើរ ជាអ្នកប្រតិបត្តិធម៌ ប្រព្រឹត្តធម៌ ណែនាំនូវប្រយោជន៍ ឲ្យនូវព្រះនិព្វាន ជាម្ចាស់នៃធម៌ ទ្រង់មកហើយ ដោយប្រការ ដូច្នោះ ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលា ដែលពួកយើង គួរតែសាកសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះ ចំណែកខាងព្រះអានន្ទមានអាយុ ព្រះសាស្តា ក៏ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ព្រះអានន្ទមានអាយុ អាចនឹងចែក រំលែកនូវសេចក្តី ដោយពិស្តារបាន សូមព្រះអានន្ទមានអាយុ ធ្វើនូវសេចក្តីមិនធ្ងន់3) ហើយ ចែករំលែកឲ្យទាន។
[១៦៩] ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ ធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ បានសម្តែងសេចក្តីនុ៎ះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ដល់អ្នកទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុតនៃលោក ថាបុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ។ ម្នាលភិក្ខុទាំង ឡាយ មួយទៀត តថាគតមិនពោល នូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អាន ថាលោក ក្នុងលោក ដោយសភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក តើដោយវត្ថុដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយភ្នែកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយត្រចៀកហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយច្រមុះហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គល ជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថា លោក ក្នុងលោក ដោយអណ្តាតហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ ដោយកាយហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយចិត្តហ្នឹងឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ ថាលោក មានសេចក្តីរាប់អានថាលោក ក្នុងលោក ដោយសភាវៈណា សភាវៈនេះ ហៅថា លោក ក្នុងអរិយវិន័យ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសណា ដោយសង្ខេប មិនចែករំលែកនូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោល នូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមានអាយុទាំងឡាយ បើអ្នកទាំងឡាយ ប្រាថ្នាចង់ដឹង គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរសេចក្តីនុ៎ះទៀតចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។
[១៧០] ភិក្ខុទាំងនោះ បានទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ ដូច្នេះហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរសេចក្ដីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ដល់ខ្ញុំព្រះអង្គទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក្រោកអំពីអាសនៈ ស្ដេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ ពុំយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះអង្គទ្រង់សម្តែង នូវឧទ្ទេសនេះឯង ដោយសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុត នៃលោក ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគត មិនពោលនូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកនូវសេចក្តី ដោយពិស្តារបាន។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចចែករំលែកនូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងត្រូវចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ត្រូវសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ បាននាំគ្នាចូលទៅ រកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បានសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអានន្ទមានអាយុ ក៏បានចែករំលែក នូវសេចក្តីដោយអាការនេះ ដោយបទនេះ ដោយព្បព្ជានៈនេះ ដល់ខ្ញុំព្រះអង្គទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាអ្នកមានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនុ៎ះ នឹងតថាគត តថាគត ក៏នឹងដោះស្រាយសេចក្តីនោះ ដូច្នោះដែរ ពាក្យនោះ អានន្ទដោះស្រាយ យ៉ាងណានុ៎ះ ជាសេចក្តីរបស់ពាក្យនោះ អ្នកទាំងឡាយ ចូរចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។
ចប់សូត្រ ទី៣។