km:tipitaka:sut:sn:35:sut.sn.35.117



(កាមគុណ)សូត្រ ទី៤

សង្ខេប

អំពី​ដឹងច្បាស់​​នែ​កាម​គុណ​ទាំង ៥។

sn 35.117 បាលី cs-km: sut.sn.35.117 អដ្ឋកថា: sut.sn.35.117_att PTS: ?

(កាមគុណ)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៤. កាមគុណសុត្តំ)

[១៧១] ម្នាលភិក្ខុទាំងឡាយ កាលមុនអំពីការត្រាស់ដឹង តថាគត នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា កាមគុណទាំង ៥ ណា ដែលអាត្មាអញ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អាត្មាអញ ច្រើនត្រាច់ទៅ ក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬចិត្ត ត្រាច់ទៅបន្តិចបន្តួច ក្នុងកាមគុណជាអនាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាមគុណ ទាំង ៥ ណា ដែលអាត្មាអញ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹករឭក ការរក្សានូវចិត្ត អាត្មាអញ គួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណទាំង ៥ នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អ្នកទាំងឡាយ ច្រើនត្រាច់ទៅក្នុងកាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬ ចិត្តត្រាច់ទៅបន្តិចបន្តួច ក្នុងកាមគុណជាអនាគត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណ ទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹករឭក ការរក្សានូវចិត្ត អ្នកទាំងឡាយ គួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណ ទាំង ៥ នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ចក្ខុរមែងរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏រមែងសាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាត រមែងរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏រមែងសាបរលាបទៅ ក្នុងទីនោះ។បេ។ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ចិត្ត រមែងរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏រមែងសាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុ រលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេសដែល ព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកសេចក្តីដោយពិស្តារបាន។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគសម្តែង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចចែករំលែកនូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរកព្រះអានន្ទ មានអាយុ លុះចូលទៅដល់ហើយ គួរសាកសួរសេចក្តីនុ៎ះ នឹងព្រះអានន្ទមានអាយុ។

[១៧២] គ្រានោះឯង ភិក្ខុទាំងនោះ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ដំណាលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់សម្តែង នូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តី ដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកយើងក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងចែករំលែកនូវសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោ ពួកយើង ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគប្បីចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ សូមព្រះអានន្ទមានអាយុ ចែករំលែកសេចក្តីឲ្យទាន។ ព្រះអានន្ទសម្តែងថា ម្នាលអាវុសោទាំងឡាយ ដូចបុរស អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ។បេ។ សូមព្រះអានន្ទមានអាយុ ធ្វើសេចក្តីមិនធ្ងន់ ហើយចែករំលែកសេចក្តីឲ្យទាន។

[១៧៣] ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ ក៏សម្តែងសេចក្តីនុ៎ះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទៅនោះ អ្នកទាំងឡាយ គប្បីដឹង ហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារនេះ ខ្ញុំអាចដឹងនូវសេចក្តី ដោយពិស្តារបាន។ ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ផ្អែកទៅលើសេចក្តីរលត់ នៃសឡាយតនៈ ទើបទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទៅនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេស ដែលព្រះមានព្រះភាគទ្រង់សម្តែង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលលោកមានអាយុទាំងឡាយ បើអ្នកទាំងឡាយ ចង់ដឹង គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរសេចក្តីនុ៎ះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ។

[១៧៤] ភិក្ខុទាំងនោះ ក៏ទទួលពាក្យ នៃព្រះអានន្ទមានអាយុថា ករុណា អាវុសោ រួចក៏ក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅមិន យូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគទ្រង់ សំដែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងចែក រំលែកនូវសេចក្តី ដោយពិស្តារបាន។ បពិត្រព្រះអង្គដ៏សម្រើន ខ្ញុំព្រះអង្គទាំងឡាយ ក៏មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តារ ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែក នូវសេចក្តីដោយពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរក ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ត្រូវសាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ ក៏សាកសួរសេចក្តីនុ៎ះ ចំពោះព្រះអានន្ទមានអាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអានន្ទមានអាយុ បានចែករំលែកសេចក្តី ដោយអាការនេះ ដោយលិង្គនេះ ដោយព្យព្ជានៈនេះ ដល់យើងខ្ញុំទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនុ៎ះ ចំពោះតថាគត តថាគត ក៏ដោះស្រាយសេចក្តីនុ៎ះ យ៉ាងហ្នឹងដែរ ពាក្យនោះ អានន្ទ ដោះស្រាយយ៉ាងណា នុ៎ះជាសេចក្តីរបស់ពាក្យនោះ អ្នកទាំងឡាយ គប្បីចាំទុក នូវសេចក្តីនោះ យ៉ាងនោះចុះ។

ចប់សូត្រ ទី៤។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.117.txt · ពេលកែចុងក្រោយ: 2023/09/03 19:14 និពន្ឋដោយ Johann