km:tipitaka:sut:sn:35:sut.sn.35.118



(សក្កបញ្ហ)សូត្រ ទី៥

សង្ខេប

«ហេតុ​ដូច​ម្តេច បច្ច័យ​ដូច​ម្តេច ដែល​នាំ​ឲ្យ​សត្វ​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បរិនិព្វាន​ក្នុង​បច្ចុប្បន្ន។»

sn 35.118 បាលី cs-km: sut.sn.35.118 អដ្ឋកថា: sut.sn.35.118_att PTS: ?

(សក្កបញ្ហ)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. សក្កបញ្ហសុត្តំ)

[១៧៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៧៦] ម្នាលទេវានមិន្ទ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណ ដែលអាស្រ័យនូវរូបនោះក៏មាន សេចក្តីប្រកាន់មាំនូវរូបនោះក៏មាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលប្រកបដោយសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វានឡើយ។បេ។ ម្នាលទេវានមិន្ទ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលទេវានមិន្ទ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះក៏មាន សេចក្តីប្រកាន់មាំនូវធម្មារម្មណ៍នោះក៏មាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលប្រកបដោយសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វានឡើយ។ ម្នាលទេវានមិន្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។

[១៧៧] ម្នាលទេវានមិន្ទ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យនូវរូបនោះ មិនមាន សេចក្តីប្រកាន់មាំ នូវរូបនោះក៏ មិនមាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលទេវានមិន្ទ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលទេវានមិន្ទ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យនូវធម្មារម្មណ៍នោះ មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍ នោះក៏មិនមាន។ ម្នាលទេវានមិន្ទ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលទេវានមិន្ទ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៥។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.118.txt · ពេលកែចុងក្រោយ: 2023/09/04 01:35 និពន្ឋដោយ Johann