ស្រដៀងគ្នាសូត្រមុន។
sn 35.119 បាលី cs-km: sut.sn.35.119 អដ្ឋកថា: sut.sn.35.119_att PTS: ?
(បញ្ចសិខ)សូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦. បញ្ចសិខសុត្តំ)
[១៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្ត ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។
[១៧៩] ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ។បេ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យនូវធម្មារម្មណ៍នោះ ក៏មានសេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះក៏មាន។ ម្នាលបញ្ចសិខៈ ភិក្ខុដែលប្រកបដោយ សេចក្តីប្រកាន់មាំ មិនបរិនិព្វានឡើយ។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។
[១៨០] ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត។បេ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តី ត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មរម្មណ៍នោះ កាលដែលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណ ដែលអាស្រ័យ នូវធម្មារម្មណ៍នោះ មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមាន។ ម្នាលបញ្ចសិខៈ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ ទើបបរិនិព្វាន។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។
ចប់សូត្រ ទី៦។