(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 35.120 បាលី cs-km: sut.sn.35.120 អដ្ឋកថា: sut.sn.35.120_att PTS: ?
(សារិបុត្តសទ្ធិវិហារិក)សូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. សារិបុត្តសទ្ធិវិហារិកសុត្តំ)
[១៨១] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏សាកសួរសេចក្តីនុ៎ះ ចំពោះព្រះសារីបុត្តមានអាយុថា ម្នាលអាវុសោសារីបុត្ត (ហេតុដូចម្តេច) ភិក្ខុជាសទ្ធិវិហារិក ពោលលាសិក្ខាហើយ វិលមកកាន់ភេទដ៏ថោកទាប។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ពាក្យដែលអ្នកពោលនុ៎ះ រមែងមានដល់ភិក្ខុ ដែលមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកប នូវសេចក្តីភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្តនូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ដឹងប្រមាណ ក្នុងភោជន ប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្ត នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[១៨២] ម្នាលអាវុសោ ចុះភិក្ខុ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបារម្មណ៍ ដោយចក្ខុហើយ មិនបានកួចកាន់ នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្បព្ជានៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនោះ ព្រោះហេតុតែមិនសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយ។ បានឮសម្លេងដោយត្រចៀក។ បានធុំក្លិនដោយច្រមុះ។ បានទទួលរស ដោយអណ្តាត។ បានពាល់ត្រូវ នូវផោដ្ឋព្វារម្មណ៍ ដោយកាយ។ បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត មិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវឥន្រ្ទិយនោះ ព្រោះហេតុតែមិនសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយ។ ម្នាលអាវុសោ ភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ យ៉ាងនេះឯង។
[១៨៣] ម្នាលអាវុសោ ចុះភិក្ខុជាអ្នកដឹងប្រមាណក្នុងភោជន តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ បានពិចារណា ដោយឧបាយហើយ ទើបបរិភោគ នូវអាហារ មិនបរិភោគ ដើម្បីលេង មិនបរិភោគដើម្បីស្រវឹង មិនបរិភោគដើម្បីប្រដាប់កាយ មិនបរិភោគដើម្បីស្អិតស្អាងកាយ បរិភោគដើម្បីឲ្យតាំងនៅ នៃកាយនេះ ដើម្បីនឹងញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយធម៌ បរិភោគដោយគិតថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មី មិនឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថ) ក្តី សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ ម្នាលអាវុសោ ភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។
[១៨៤] ម្នាលអាវុសោ ចុះភិក្ខុជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់មួយថ្ងៃ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចនូវដំណេក ដូចសីហៈ ដោយបង្អៀង ខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី គងជើងដោយជើង ជាអ្នកមានសតិសម្បជញ្ញៈ កំណត់ទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា ហើយក្រោកឡើង ធ្វើចិត្តឲ្យបរិសុទ្ធ ចាកអាវរណីយធម៌ ដោយការដើរ ដោយការអង្គុយ អស់បច្ឆិមយាមនៃរាត្រី។ ម្នាលអាវុសោ ភិក្ខុជាអ្នកប្រកប នូវសេចក្តីភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ជាអ្នកដឹងប្រមាណ ក្នុងភោជន ជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក។ ម្នាលអាវុសោ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។
ចប់សូត្រ ទី៧។