(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 35.121 បាលី cs-km: sut.sn.35.121 អដ្ឋកថា: sut.sn.35.121_att PTS: ?
(រាហុលោវាទ)សូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. រាហុលោវាទសុត្តំ)
[១៨៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ កំពុងសង្ងំ ក្នុងទីស្ងាត់ ទ្រង់មានសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ កើតឡើងយ៉ាងនេះថា ធម៌ទាំងឡាយ ដែលសម្រាប់ធ្វើវិមុត្តិ ឲ្យចាស់ក្លា របស់រាហុល ចាស់ក្លាហើយតើ បើដូច្នោះ គួរតែតថាគត ទូន្មានរាហុល ក្នុងធម៌ជាគ្រឿងអស់ទៅ នៃអាសវៈខាងលើ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌិបាត ក្នុងបុព្វណ្ហសម័យ លុះត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ក្នុងកាលជាបច្ឆាភត្ត ទ្រង់ត្រឡប់មកអំពីបិណ្ឌបាត ក៏ទ្រង់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូលកាន់យកនិសីទនៈមក យើងនឹងចូលទៅឯអន្ធវ័ន ដើម្បីនៅសម្រាក ក្នុងវេលាថ្ងៃ។ ព្រះរាហុលមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ រួចក៏កាន់យកនិសីទនៈ ដើរទៅតាមក្រោយព្រះមានព្រះភាគទៅ។ ជួនសម័យនោះ មានទេវតាច្រើនពាន់ ដើរទៅតាមព្រះមានព្រះភាគ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះមានព្រះភាគ នឹងទូន្មាន នូវព្រះរាហុមានអាយុ ក្នុងធម៌ជាគ្រឿងអស់ទៅ នៃអាសវៈខាងលើ។
[១៨៦] លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់អន្ធវ័ន ហើយទ្រង់គង់លើអាសនៈ ដែលក្រាលទុក ទៀបគល់ឈើមួយ។ ព្រះរាហុមានអាយុ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមដ៏គួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនុ៎ះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬ មិនទៀង។ មិនទៀងទេ ព្រះអង្គ។ បេ។ ចក្ខុវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ រសទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាសម្ផ័ស្ស ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ ធម្មជាតនោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ ចិត្តទៀងឬ មិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ធម្មារម្មណ៍ ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ មនោវិញ្ញាណ ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតិណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ តើរបស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់ អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលរាហុល អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយ នឹងរូបផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះផង។បេ។ នឿយណាយនឹងអណ្តាតផង នឿយណានឹងរសផង នឿយណាយ នឹងជិវ្ហាវិញ្ញាណផង នឿយណាយនឹងជិវ្ហាសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះ ផង។បេ។ នឿយណាយនឹងចិត្តផង នឿយណាយនឹងធម្មារម្មណ៍ផង។បេ។ នឿយណាយ នឹងធម្មជាតនោះផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួចស្រឡះ ចាកអាសវៈ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា រួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងព្រះសូត្រនេះចប់ហើយ ព្រះរាហុមានអាយុ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ កាលបើព្រះមានព្រះភាគ កំពុងសម្តែងវេយ្យាករណ៍នេះ ចិត្តរបស់ព្រះរាហុលមានអាយុ ក៏រួចស្រឡះ ចាកអាសវក្កិលេសទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ទាំងធម្មចក្ខុ ដែលប្រាសចាកធូលី គឺកិលេស ប្រាសចាកមន្ទិល គឺអកុសល ក៏កើតឡើង ដល់ទេវតាជាច្រើនពាន់ថា របស់ណាមួយ មានកិរិយាកើតឡើង ជាធម្មតា របស់ទាំងអស់នោះ តែងរលត់ទៅវិញ ជាធម្មតាដែរ។
ចប់សូត្រ ទី៨។