km:tipitaka:sut:sn:35:sut.sn.35.135



(ខណ)សូត្រ ទី២

សង្ខេប

ការ​​ផ្លាស់​​ប្តូ​រ​​ដ៏​​ល្អ​​បំផុត​ ដែល​អ្នក​ឥឡូវ​​ជា​​មនុស្ស។ ​កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា។ និយាយ​អំ​ពី​ខណៈ​នៃ​ការ​ប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌។

sn 35.135 បាលី cs-km: sut.sn.35.135 អដ្ឋកថា: sut.sn.35.135_att PTS: ?

(ខណ)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(២. ខណសុត្តំ)

[២១២] ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តព្រហ្មចរិយធម៌ ក៏ឈ្មោះថា អ្នកទាំងឡាយ បានហើយ។ ម្នាលភិក្ខុទាំងឡាយ នរក ឈ្មោះ ផស្សាយតនិកៈ ទាំង ៦ តថាគត បានឃើញហើយ បុគ្គលឃើញរូបណាមួយ ក្នុងនរកនោះ ដោយភ្នែក រមែងឃើញតែរូប ដែលមិនជាទីប្រាថ្នា មិនឃើញរូប ដែលជាទីប្រាថ្នា ឃើញតែរូប ដែលមិនជាទីត្រេកអរ មិនឃើញរូប ដែលជាទីត្រេកអរ ឃើញតែរូប ដែលមិនជាទីគាប់ចិត្ត មិនឃើញរូប ដែលជាទីគាប់ចិត្តឡើយ ឮសំឡេងណាមួយ ដោយត្រចៀក។ ធុំក្លិនណាមួយ ដោយច្រមុះ។ ជញ្ជាប់រសណាមួយ ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈណាមួយ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ណាមួយ ដោយចិត្ត រមែងដឹងធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្ត មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្តឡើយ។

[២១៣] ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានដោយល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយបានហើយ។ ម្នាលភិក្ខុទាំងឡាយ ឋានសួគ៌ឈ្មោះ ផស្សាយតនិកៈ ទាំង ៦ តថាគត បានឃើញហើយ បុគ្គលឃើញរូបណាមួយ ក្នុងឋានសួគ៌នោះ ដោយភ្នែក រមែងឃើញតែរូប ដែលជាទីប្រាថ្នា មិនឃើញនូវរូប ដែលមិនជាទីប្រាថ្នា ឃើញតែរូប ដែលជាទីត្រេកអរ មិនឃើញនូវរូប ដែលមិនជាទីត្រេកអរ ឃើញតែរូបដែលជាទីគាប់ចិត្ត មិនឃើញនូវរូប ដែលមិនជាទីគាប់ចិត្តឡើយ។បេ។ ជញ្ជាប់រសណាមួយ ដោយងណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ណាមួយដោយចិត្ត រមែងដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្ត មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្តឡើយ។ ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយ បានហើយ។

ចប់សូត្រ ទី២។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.135.txt · ពេលកែចុងក្រោយ: 2024/07/11 11:15 និពន្ឋដោយ Johann