ការពន្យល់អរិយសច្ច ៤ តាមរយៈនៃកម្ម។ តើអ្នកអាចតាមដានបានទេ?
sn 35.146 បាលី cs-km: sut.sn.35.146 អដ្ឋកថា: sut.sn.35.146_att PTS: ?
(កម្មនិរោធ)សូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. កម្មនិរោធសុត្តំ)
[២២៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវកម្មថ្មីផង កម្មចាស់ផង ការរំលត់កម្មផង បដិបទា ជាដំណើរទៅកាន់ទីរំលត់កម្មផង ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរអ្នកទាំងឡាយ យកចិត្តទុកដាក់ឲ្យប្រពៃ តថាគត នឹងសម្តែងប្រាប់។ ម្នាលភិក្ខុទាំងឡាយ កម្មចាស់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាកម្មចាស់1) ដែលបច្ច័យតាក់តែង សម្រេចហើយ ដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។បេ។ ជិវ្ហាជាកម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។បេ។ មនោជាកម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយ ដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មចាស់។
[២២៦] ម្នាលភិក្ខុទាំងឡាយ កម្មថ្មី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកំពុងធ្វើអំពើណា ដោយកាយ វាចា ចិត្ត ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មថ្មី។
[២២៧] ម្នាលភិក្ខុទាំងឡាយ ចុះការរំលត់កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ប៉ះពាល់នូវវិមុត្តិ ព្រោះរំលត់កាយកម្ម វចីកម្ម មនោកម្ម។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការរំលត់កម្ម។
[២២៨] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់ទីរំលត់កម្ម តើដូចម្តេច។ មគ្គដែលប្រកបដោយអង្គ ៨ ប្រការ ដ៏ប្រសើរនេះឯង។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការតំកល់ចិត្តនឹងត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ទីរំលត់កម្ម។
[២២៩] ម្នាលភិក្ខុទាំងឡាយ កម្មចាស់ តថាគតបានសម្តែងហើយ កម្មថ្មី តថាគត បានសម្តែងហើយ ការរំលត់កម្ម តថាគត បានសម្តែងហើយ បដិបទា ជាដំណើរទៅកាន់ ទីរំលត់កម្ម តថាគត ក៏បានសម្តែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគត បានធ្វើហើយ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ចំពោះសាវ័កទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចដែលតថាគតធ្វើនោះ គឺ រុក្ខមូលទាំងឡាយហ្នឹងឯង សុញ្ញាគារដ្ឋានទាំងឡាយហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ខំប្រឹងប្រែង កុំប្រមាទ កុំឲ្យមានវិប្បដិសារីជាខាងក្រោយ នេះឯងហើយ ដែលជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។
ចប់សូត្រ ទី១។