km:tipitaka:sut:sn:35:sut.sn.35.151



(អន្តេវាសិក)សូត្រ ទី៦

សង្ខេប

អ្នក​ប្រកប​ដោយ​កិលេស ដូច​ជា​កូន​សិស្ស។

sn 35.151 បាលី cs-km: sut.sn.35.151 អដ្ឋកថា: sut.sn.35.151_att PTS: ?

(អន្តេវាសិក)សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. អន្តេវាសិកសុត្តំ)

[២៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ ដែលមិនមានកិលេស ដូចជាកូនសិស្ស ដែលមិនមានកិលេស ដូចជាអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស ប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកិលេសដូចជាកូនសិស្ស ទាំងមិនមានកិលេសដូចជាអាចារ្យ រមែងនៅជាសុខសប្បាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស ប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ធម៌ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ ដ៏លាមក រមែងនៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាកូនសិស្ស។ អកុសលធម៌ ដ៏លាមកទាំងនោះ រមែងហៅរកនូវភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត អកុសលធម៌ ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងកើតឡើងដល់ភិក្ខុ ព្រោះលិទ្ធរសដោយជិវ្ហា ធម៌ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ ដ៏លាមក រមែងនៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាកូនសិស្ស។ អកុសលធម៌ ដ៏លាមកទាំងនោះ រមែងហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ពួកអកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែង កើតឡើងដល់ភិក្ខុ ព្រោះដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ធម៌ទាំងនោះ រមែងនៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ ដ៏លាមក រមែងនៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាកូនសិស្ស។ អកុសលធម៌ដ៏ លាមកទាំងនោះ រមែងហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកប្រកបដោយកិលេស ដូចជាអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស ប្រកបដោយកិលេស ដូចជាអាចារ្យរមែងនៅជាទុក្ខ មិនសប្បាយ យ៉ាងនេះឯង។

[២៣៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនមានកិលេសដូចជាកូនសិស្ស និងមិនមាន កិលេសដូចជាអាចារ្យ រមែងនៅជាសុខសប្បាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងមិនកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ព្រោះឃើញរូបដោយចក្ខុ ធម៌ទាំងនោះ រមែងមិននៅក្នុងទីជិតភិក្ខុនោះ ពួកអកុសលធម៌ដ៏លាមក រមែងមិននៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកមិនមានកិលេសដូចជាកូនសិស្ស។ អកុសលធម៌ដ៏លាមកទាំងនោះ រមែងមិនហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងមិនកើតឡើងដល់ភិក្ខុ ព្រោះលិទ្ធរស ដោយជិវ្ហា ធម៌ទាំងនោះ រមែងមិននៅក្នុងទីជិតភិក្ខុនោះ ពួកអកុសលធម៌ដ៏លាមក រមែងមិននៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជា តថាគតហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាកូនសិស្ស។ ពួកអកុសលធម៌ដ៏លាមក រមែងមិនហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាអាចារ្យ។បេ។ ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត អកុសលធម៌ដ៏លាមក មានតម្រិះដ៏ស្ទុះទៅ ប្រកបដោយសញ្ញោជនៈ រមែងមិនកើតឡើង ដល់ភិក្ខុ ព្រោះដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ធម៌ទាំងនោះ រមែងមិននៅក្នុងទីជិតភិក្ខុនោះ អកុសលធម៌ដ៏លាមក រមែងមិននៅក្នុងទីជិតភិក្ខុនោះ ព្រោះហេតុនោះ បានជា តថាគតហៅភិក្ខុនោះថា អ្នកមិនមានកិលេសដូចជាកូនសិស្ស។ ពួកអកុសលធម៌ដ៏លាមក រមែងមិនហៅរកភិក្ខុនោះ ព្រោះហេតុនោះ បានជាតថាគត ហៅភិក្ខុនោះថា អ្នកមិនមានកិលេស ដូចជាអាចារ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រកបដោយកិលេស ដូចជាកូនសិស្ស និងមិនប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាសុខសប្បាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ ដែលមិនមានកិលេស ដូចជាកូនសិស្ស និងមិនមានកិលេស ដូចជាអាចារ្យ បែបនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយកិលេស ដូចជាកូនសិស្ស និងប្រកបដោយកិលេស ដូចជាអាចារ្យ រមែងនៅជាទុក្ខ មិនសប្បាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកិលេស ដូចជាកូនសិស្ស និងមិនមានកិលេស ដូចជាអាចារ្យ រមែងនៅសុខសប្បាយ។

ចប់សូត្រ ទី៦។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.151.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann