ចូរពិចារណាឃើញតាមពិត នូវភាពណា និងអ្វី?
sn 35.158 បាលី cs-km: sut.sn.35.158 អដ្ឋកថា: sut.sn.35.158_att PTS: ?
(អជ្ឈត្តអនិច្ចនន្ទិក្ខយ)សូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. អជ្ឈត្តអនិច្ចនន្ទិក្ខយសុត្តំ)
[២៤៥] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវចក្ខុដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃចក្ខុ ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវចក្ខុដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃចក្ខុ ដែលមិនទៀងផង ក៏រមែងនឿយណានឹងចក្ខុ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវជិវ្ហា ដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃជិវ្ហា ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវជិវ្ហា ដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃជិវ្ហា ដែលមិនទៀងផង ក៏រមែងនឿយណាយនឹងជិវ្ហា ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវចិត្តដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃចិត្ត ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវចិត្ត ដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃចិត្ត ដែលមិនទៀងផង ក៏រមែងនឿយណាយនឹងចិត្ត ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។
ចប់សូត្រ ទី៣។