km:tipitaka:sut:sn:35:sut.sn.35.230



(ពាឡិសិកោបម)សូត្រ ទី៣

សង្ខេប

ត្រេកអរ​​នឹង​​វត្ថុ​​នៃកម​​​អារម្មណ៍ ប្រៀប​​ដូច​​ជា​​ពេល​​ត្រី​​​ផ្លែសន្ទូច។ អ្នក​​គឺ​​ចាប់​បាន​យ៉ាង​​ងាយ​​ស្រួល​​ សម្រាប់មារ មែន​ទេ?

sn 35.230 បាលី cs-km: sut.sn.35.230 អដ្ឋកថា: sut.sn.35.230_att PTS: ?

(ពាឡិសិកោបម)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៣. ពាឡិសិកោបមសុត្តំ)

[២៨៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះសន្ទូច ដែលជាប់ដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីមួយឃើញនុយ ក៏លេបនុយនោះទៅ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ត្រីដែលលេបសន្ទូចនោះ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ក្នុងកណ្តាប់ដៃ នៃព្រានសន្ទូច គួរព្រានសន្ទូចធ្វើតាមសេចក្តីប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ នេះ ប្រព្រឹត្តទៅ ដើម្បីធ្វើពួកសត្វ ឲ្យវិនាស ដើម្បីសម្លាប់ពួកសត្វក្នុងលោក ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មានរូប ដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ប្រសិនបើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីការាយ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន។

[២៨៨] ម្នាលភិក្ខុទាំងឡាយ មានរូបដែលត្រូវដឹងដោយចក្ខុ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មិនលេបសន្ទូចទេ បានកាច់បំបាក់សន្ទូច ផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបាន។បេ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលត្រូវដឹង ដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅ ថាអ្នកមិនលេបសន្ទូច បានកាច់បំបាក់សន្ទូច បានផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបានឡើយ។

[២៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ (តម្រេក) ទោសៈ (សេចក្តីប្រទូស្ត) មោហៈ ( សេចក្តីវង្វេង) ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹង ដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ គ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ ក៏នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តីមាន រាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ ជាធម្មារម្មណ៍មានប្រមាណតិច មកកាន់គន្លង មនោរបស់ បុគ្គលនោះ គ្របសង្កត់ចិត្តបុគ្គលនោះ។ ក៏នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ដ៏ក្រៃលែង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។

[២៩០] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រដូចទឹកដោះ គឺ ដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលនៅសាវខ្ចីតូច ៗ នៅឡើយ បុរសយកពូថៅដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ មុខជាចេញមក (ដែរឬ)។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនោះ យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះជ័រ ដូចទឹកដោះនោះមាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ក្នុងរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ ជាធម្មារម្មណ៍មានប្រមាណតិច មកកាន់គន្លងនៃមនោ របស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ ដ៏ក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.230.txt · ពេលកែចុងក្រោយ: 2023/06/22 06:45 និពន្ឋដោយ Johann