km:tipitaka:sut:sn:35:sut.sn.35.231



(ខីររុក្ខោបម)សូត្រ ទី៤

សង្ខេប

«រាគៈ ទោសៈ មោហៈ» បុគ្គល​នោះ លះ​បង់​ហើយ។

sn 35.231 បាលី cs-km: sut.sn.35.231 អដ្ឋកថា: sut.sn.35.231_att PTS: ?

(ខីររុក្ខោបម)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

អានដោយ ឧបាសិកា ស្រីនាង

(៤. ខីររុក្ខោបមសុត្តំ)

[២៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណក្រៃលែង មកកាន់គន្លង ចក្ខុ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបានឡើយ។ នឹងបាច់ពោលទៅថ្វី ដល់រូបមានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ មិនមានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ មានប្រមាណច្រើន មកកាន់គន្លង នៃមនោរបស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះ បានឡើយ។ នឹង បាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។

[២៩២] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រ ដូចទឹកដោះ គឺដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលស្ងួត ជាឈើពុក កន្លងមួយឆ្នាំហើយ បុរសយកពូថៅ ដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ ចេញមកបានឬទេ។ ជ័រដូចទឹកដោះ មិនចេញទេព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះរបស់ ដែលជាជ័រ ដូចទឹកដោះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណា មួយទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូបដែលត្រូវដឹង ដោយចក្ខុមានប្រមាណ ច្រើន មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះ បានឡើយ។ នឹងបាច់ពោលទៅថ្វី ដល់រូបមានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរសដែលត្រូវដឹង ដោយជិវ្ហា។បេ។ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ មានប្រមាណច្រើន មកកាន់គន្លងនៃមនោ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះឡើយ។ នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.231.txt · ពេលកែចុងក្រោយ: 2023/09/15 03:45 និពន្ឋដោយ Cheav Villa