«ចក្ខុ… ជាសំយោជនៈរបស់រូប… រូបជាសំយោជនៈ របស់ចក្ខុឬ។»
sn 35.232 បាលី cs-km: sut.sn.35.232 អដ្ឋកថា: sut.sn.35.232_att PTS: ?
(កោដ្ឋិក)សូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. កោដ្ឋិកសុត្តំ)
[២៩៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិកៈមានអាយុ គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ បានចូលទៅរកព្រះសារីបុត្ត មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចក្ខុ ជាសំយោជនៈរបស់រូប រូបជាសំយោជនៈ របស់ចក្ខុឬ។បេ។ ជិវ្ហា ជាសំយោជនៈ របស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ។បេ។ មនោជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ជាសំយោជនៈរបស់មនោ ឬ។ ម្នាលអាវុសោកោដ្ឋិកៈ ចក្ខុមិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យ របស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថាសំយោជនៈ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជន របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។
[២៩៤] ម្នាលអាវុសោ ដូចគោខ្មៅ និងគោស គេទឹមដោយខ្សែទាមមួយក្តី ខ្សែបរមួយក្តី បើមានអ្នកណា និយាយយ៉ាងនេះថា គោខ្មៅជាសំយោជនៈ របស់គោស គោស ជាសំយោជនៈ របស់គោខ្មៅ ដូច្នេះ តើអ្នកនោះ ឈ្មោះថា និយាយត្រូវដែរ ឬដូចម្តេច។ មិនត្រូវទេ អាវុសោ ម្នាលអាវុសោ គោខ្មៅ មិនមែនជាសំយោជនៈ របស់គោសទេ គោស ក៏មិនមែនជាសំយោជនៈ របស់គោខ្មៅដែរ គោទាំងពីរនេះ គេទឹមដោយខ្សែទាមមួយ ឬខ្សែបរមួយណា ខ្សែទាម និងខ្សែបរនោះ ជាសំយោជនៈ របស់គោទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តីនុ៎ះ មានឧបមេយ្យ ដូច ចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា កើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។
[២៩៥] ម្នាលអាវុសោ បើចក្ខុជាសំយោជនៈរបស់រូប ឬរូបជាសំយោជនៈរបស់ចក្ខុ ហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ ចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ទើបមានប្រាកដ។បេ។ បើជិវ្ហា ជាសំយោជនៈ របស់រស ឬរសជាសំយោជនៈ របស់ជិវ្ហាហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ ជិវ្ហាមិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។បេ។ ម្នាលអាវុសោ បើមនោ ជាសំយោជនៈ របស់ធម្មារម្មណ៍ ឬធម្មារម្មណ៍ ជាសំយោជនៈ របស់មនោហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។ ម្នាលអាវុសោ ដំណើរនុ៎ះ អ្នកត្រូវយល់តាមបរិយាយនោះ។ ដូចជាចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈរបស់ទេ។បេ។ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។
[២៩៦] ម្នាលអាវុសោ ព្រះចក្ខុរបស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ទតមើលរូប ដោយព្រះចក្ខុដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះស្រោត របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ព្រះសណ្តាប់សំឡេង ដោយព្រះស្រោតដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះឃានៈ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ហិតក្លិនដោយព្រះឃានៈដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះជិវ្ហា របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់លិទ្ធរសដោយព្រះជិវ្ហាដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះកាយ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ ដោយព្រះកាយដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះមនោ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ជ្រាបច្បាស់ នូវធម្មារម្មណ៍ ដោយព្រះមនោដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ហេតុនុ៎ះ អ្នកត្រូវយល់តាមបរិយាយនេះចុះ។ ដូចយ៉ាង ចក្ខុ មិនមែនជាសំយោជនៈ របស់រូប រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ សោតៈមិនមែន។ ឃានៈមិនមែន។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រស រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ទើឈ្មោះថា សំយោជនៈ។ កាយមិនមែន។ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។