km:tipitaka:sut:sn:35:sut.sn.35.235



(អាទិត្តបរិយាយ)សូត្រ ទី៨

សង្ខេប

ការ​​ជួប​​នឹង​​ការ​​ឈឺ​ចាប់​​ខ្លាំង ​គឺ​​មិនដែល​​អាក្រក់​ស្មើ​ ទេ​ប​ន្ទាប់ ​មក​​កាន់​​វត្ថុ​មួយៗ ណា។

sn 35.235 បាលី cs-km: sut.sn.35.235 អដ្ឋកថា: sut.sn.35.235_att PTS: ?

(អាទិត្តបរិយាយ)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៨. អាទិត្តបរិយាយសុត្តំ)

[៣០១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម្មបរិយាយនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុន្រ្ទិយ ដែលបុគ្គល អាលដោយបន្ទះដែក ដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងរូប ដែលបុគ្គល គប្បីដឹងដោយចក្ខុ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួលទៅរក សេចក្តីត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ក្នុងអនុព្យព្ជានៈ ហើយតាំងនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនោះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងសំឡេង ដែលបុគ្គលគប្បីដឹង ដោយសោតៈ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះអនុព្យព្ជានៈ ហើយឋិតនៅ បើបុគ្គលធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ដោយក្រចកដែកដ៏មុត ដែលភ្លើងកំពុងឆេះរុចរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងដោយឃានៈ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះអនុព្យព្ជានៈ ហើយតាំងនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហិន្រ្ទិយ ដែលបុគ្គលកាត់ ដោយកាំបិតកោរដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងរស ដែលបុគ្គលគប្បីដឹងដោយជិវ្ហា មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេក ផ្តួលទៅរកសេចក្តីត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ក្នុងអនុព្បព្ជានៈ

ហើយឋិតនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បី ទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាយិន្រ្ទិយ ដែលបុគ្គលពន្លះ ដោយកាំបិតដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងផោដ្ឋព្វៈដែលបុគ្គល គប្បីដឹងដោយកាយ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរចំពោះអនុព្យព្ជានៈ ហើយឋិតនៅ ប្រសិនបើ បុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដេកលក់ ប្រសើរជាង ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ពោលការដេកលក់ ថាជាទោសរបស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាមិនមែនជាផល របស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាជាសេចក្តីវង្វេង របស់មនុស្សដែលរស់នៅ បុគ្គលលុះក្នុងអំណាច វិតក្កៈ មានសភាព យ៉ាងណាហើយ បំបែកសង្ឃ បុគ្គលត្រិះរិះ ក្នុងវិតក្កៈ មានសភាពយ៉ាងនោះ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង ថាជាទោសរបស់បុគ្គល ដែលរស់នៅ បានជាពោលយ៉ាងនេះ។

[៣០២] ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងទាំងនោះ អរិយសាវ័ក អ្នកចេះដឹង ពិចារណាឃើញ ដូច្នេះថា ចក្ខុន្រ្ទិយ ដែលបុគ្គលអាល ដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា សោតៈមិនទៀង សទ្ទៈមិនទៀង សោតវិញ្ញាណមិនទៀង សោតសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះសោតសម្ផ័ស្ស ជាបច្ច័យ វេទនានោះ មិនទៀង។ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ដោយក្រចកដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ឃានៈមិនទៀង គន្ធៈមិនទៀង ឃានវិញ្ញាណមិនទៀង ឃានសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះឃានៈសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ ជិវ្ហិន្រ្ទិយ ដែលបុគ្គល ពន្លះដោយកាំបិតកោរដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ជិវ្ហាមិនទៀង រសមិនទៀង ជិវ្ហាវិញ្ញាណមិនទៀង ជិវ្ហាសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ កាយិន្រ្ទិយ ដែលបុគ្គលចាក់ ដោយលំពែងដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុង ចិត្តនូវហេតុនេះ ដូច្នេះថា កាយមិនទៀង ផោដ្ឋព្វារម្មណ៍មិនទៀង កាយវិញ្ញាណមិនទៀង កាយសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ ការដេកលក់ លើកទុកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា មនោមិនទៀង ធម្មារម្មណ៍មិនទៀង មនោវិញ្ញាណមិនទៀង មនោសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តីជា ទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.235.txt · ពេលកែចុងក្រោយ: 2023/09/05 02:02 និពន្ឋដោយ Johann