km:tipitaka:sut:sn:35:sut.sn.35.v02



យមកវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 35.v02 បាលី cs-km: sut.sn.35.v02 អដ្ឋកថា: sut.sn.35.v02_att PTS: ?

យមកវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. យមកវគ្គោ)

(បឋមបុព្វេសម្ពោធ)សូត្រ ទី១

(១. បឋមបុព្វេសម្ពោធសុត្តំ)

[១៣] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន តថាគត នៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្វីហ្ន៎ ជាអានិសង្ស របស់ភ្នែក អ្វីហ្ន៎ ជាទោសរបស់ភ្នែក អ្វីជាគ្រឿងរលាស់ចេញនូវភ្នែក អ្វីជាអានិសង្សរបស់ត្រចៀក។បេ។ អ្វីជាអានិសង្សរបស់ច្រមុះ។ អ្វីជាអានិសង្សរបស់អណ្តាត។ អ្វីជាអានិសង្សរបស់កាយ។ អ្វីជាអានិសង្សរបស់ចិត្ត អ្វីជាទោសរបស់ចិត្ត អ្វីជាគ្រឿងរលាស់ចេញនូវចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យភ្នែក នេះជាអានិសង្សរបស់ភ្នែក ភ្នែកណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ភ្នែក ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងភ្នែកណា នេះជាគ្រឿងរលាស់ចេញ នូវភ្នែក។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអណ្តាត នេះជាអានិសង្សរបស់អណ្តាត អណ្តាតណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់អណ្តាត ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងអណ្តាតណា នេះជាគ្រឿងរលាស់ចេញ នូវអណ្តាត។បេ។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យចិត្ត នេះជាអានិសង្សរបស់ចិត្ត ចិត្តណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ចិត្ត ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងចិត្តណា នេះជាគ្រឿងរលាស់ចេញនូវចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្នុង ទាំង៦នេះ យ៉ាងនេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដែលឥតមានសេចក្តីដឹងឯទៀង ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះនៅឡើយទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្នុង ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី១។

(ទុតិយបុព្វេសម្ពោធ)សូត្រ ទី២

(២. ទុតិយបុព្វេសម្ពោធសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន តថាគតនៅជាពោធិសត្វ មិនទាន់បាន ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ ជាអានិសង្សរបស់រូប អ្វីជាទោសរបស់រូប អ្វីជាគ្រឿងរលាស់ចេញ នូវរូប អ្វីជាអានិសង្សរបស់សំឡេង។បេ។ អ្វីជាអានិសង្សរបស់ក្លិន។បេ។ អ្វីជាអានិសង្សរបស់រស។ អ្វីជាអានិសង្សរបស់ផោដ្ឋឰៈ។ អ្វីជាអានិសង្សរបស់ធម្មារម្មណ៍ អ្វីជាទោសរបស់ធម្មារម្មណ៍ អ្វីជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងរូបណា នេះ ជាគ្រឿងរលាស់ចេញនូវរូប។ សេចក្តីសុខ និងសោមនស្សណា កើតឡើយ ព្រោះអាស្រ័យសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ នេះ ជាអានិសង្សរបស់ធម្មារម្មណ៍ ធម្មារម្មណ៍ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់ធម្មារម្មណ៍ ការកំចាត់បង់ នូវឆន្ទរាគៈ ការលះបង់ នូវឆន្ទរាគៈ ក្នុងធម្មារម្មណ៍ណា នេះជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង៦នេះ យ៉ាងនេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដែលឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសណមព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគត បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង៦នេះ យ៉ាងនេះហើយ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី២។

(បឋមអស្សាទបរិយេសនសុ)សូត្រ ទី៣

(៣. បឋមអស្សាទបរិយេសនសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្សនៃភ្នែក ក៏បានជួប ប្រទះនឹងអានិសង្ស នៃភ្នែកនោះឯង តថាគតបានឃើញដោយងាយ នូវអានិសង្ស នៃភ្នែកនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវទោសនៃភ្នែក ក៏បានជួបប្រទះនូវទោសនៃភ្នែកនោះឯង តថាគតបានឃើញដោយងាយ នូវទោសនៃភ្នែកនោះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរក នូវគ្រឿងរលាស់ ចេញនូវភ្នែក ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវភ្នែកនោះឯង តថាគតបានឃើញ ដោយងាយ នូវគ្រឿងរលាស់ចេញ នូវភ្នែកនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្សនៃត្រចៀក។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃច្រមុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវ អានិសង្ស នៃអណ្តាត ក៏បានជួបប្រទះនូវ អានិសង្ស នៃអណ្តាតនោះឯង តថាគត បានឃើញដោយងាយ នូវអានិសង្ស នៃអណ្តាតនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវទោស នៃអណ្តាត ក៏បានជួបប្រទះ នូវទោសនៃអណ្តាតនោះ តថាគត បានឃើញដោយងាយ នូវទោស នៃអណ្តាតនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញ នូវអណ្តាត ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវអណ្តាតនោះ តថាគតបានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវអណ្តាតនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃចិត្ត ក៏បានជួបប្រទះនូវអានិសង្សនៃចិត្តនោះ តថាគត បានឃើញដោយងាយ នូវអានិសង្សនៃចិត្តនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃចិត្ត ក៏បានជួបប្រទះនូវទោសនៃ ចិត្តនោះឯង តថាគត បានឃើញដោយងាយ នូវទោសនៃចិត្តនុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរកនូវគ្រឿងរលាស់ចេញនូវចិត្ត ក៏បានជួបប្រទះនូវគ្រឿងរលាស់ចេញនូវចិត្តនោះ តថាគតបានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវចិត្តនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់ នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈ ខាងក្នុងទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ បានដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ របស់តថាគត ក៏កើតឡើយហើយ ដូច្នេះថា សេចក្តីរួចផុតវិសេសរបស់តថាគត មិនប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី៣។

(ទុតិយអស្សាទបរិយេសន)សូត្រ ទី៤

(៤. ទុតិយអស្សាទបរិយេសនសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃរូប ក៏បានជួបប្រទះនូវអានិសង្សនៃរូបនោះ តថាគត បានឃើញដោយងាយ នូវអានិសង្សនៃរូបនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃរូប ក៏បានជួបប្រទះ នូវទោសនៃរូបនោះ តថាគត បានឃើញដោយងាយ នូវទោស នៃរូបនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញ នូវរូប ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវរូបនោះ តថាគត បានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវរូបនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃសំឡេង។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃក្លិន។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃរស។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោស នៃផោដ្ឋឰៈ។ ម្នាកភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវអានិសង្ស នៃធម្មារម្មណ៍ ក៏បានជួបប្រទះ នូវអានិសង្ស នៃធម្មារម្មណ៍នោះ តថាគត បានឃើញដោយងាយ នូវអានិសង្ស នៃធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោស នៃធម្មារម្មណ៍នោះ ក៏បានជួបប្រទះនូវទោសនៃធម្មារម្មណ៍នោះ តថាគតបានឃើញដោយងាយ នូវទោសនៃធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មានដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍ ក៏បានជួបប្រទះ នូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍នោះ តថាគត បានឃើញដោយងាយ នូវធម៌ជាគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈខាងក្រៅ ទាំង ៦ នេះ អស់កាលត្រឹមណា។បេ។ បានដឹងច្បាស់។ បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់របស់តថាគត ក៏កើតឡើង ដូច្នេះថា សេចក្តីរួចផុតវិសេស របស់តថាគត មិនប្រែត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។

ចប់សូត្រ ទី៤។

(បឋមនោចេអស្សាទ)សូត្រ ទី៥

(៥. បឋមនោចេអស្សាទសុត្តំ)

[១៧] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃភ្នែក មិនមានទេ សត្វទាំងឡាយ ក៏មិនត្រេកអរនឹងភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃភ្នែក មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអនឹងភ្នែក ម្នាលភិក្ខុទាងឡាយ បើទោសនៃភ្នែក មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃភ្នែក មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងភ្នែក ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវភ្នែកមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកភ្នែកឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញ នូវភ្នែក មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកភ្នែក។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃត្រចៀក មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្ស នៃច្រមុះមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃអណ្តាត មិនមានទេ សត្វទាំងឡាយ មិនត្រេកអរនឹងអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃអណ្តាត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអរ នឹងអណ្តាត ម្នាលភិក្ខុទាំងឡាយ បើទោសនៃអណ្តាត មិនមានទេ សត្វទាំងឡាយ មិននឿយណាយ នឹងអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃអណ្តាតមាន ព្រោះហេតុណា ហេតុនោះ បានជា សត្វទាំងឡាយ នឿយណាយនឹងអណ្តាត ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញនូវអណ្តាតមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញចាកអណ្តាតឡើយ ម្នាលភិក្ខុទាំងឡាយ ការរលាស់ចេញ នូវអណ្តាតមាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកអណ្តាត។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃកាយមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃចិត្ត មិនមានទេ សត្វទាំងឡាយ មិនត្រេកអរនឹងចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃចិត្ត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអរនឹងចិត្ត ម្នាលភិក្ខុទាំងឡាយ បើទោសនៃចិត្ត មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃចិត្ត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងចិត្ត ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញ នូវចិត្ត មិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកចិត្តឡើយ ម្នាលភិក្ខុទាំងឡាយ ការលាស់ចេញ នូវចិត្ត មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកចិត្ត។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ មិនបានដឹងច្បាស់ តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថាជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈ ខាងក្នុងទាំង ៦ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្ម ព្រមទាំងមនុស្ស ជាសម្មទិទេព និងមនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបានប្រព្រឹត្តកន្លង នូវដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុ ទាំងឡាយ លុះតែសត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថា ជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអយតនៈខាងក្នុង ទាំង ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ នឹងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព នឹងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈបាន។

ចប់សូត្រ ទី៥។

(ទុតិយនោចេអស្សាទ)សូត្រ ទី៦

(៦. ទុតិយនោចេអស្សាទសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃរូប មិនមានទេ សត្វទាំងឡាយ មិនត្រេកអរក្នុងរូបឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ ត្រេកអរនឹងរូប ម្នាលភិក្ខុទាំងឡាយ បើទោសនៃរូប មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងរូបឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងរូប ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវរូបមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាករូបឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញនូវរូបមាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ រលាស់ចេញចាករូប។ ម្នាលភិក្ខុទំាងឡាយ បើអានិសង្សរបស់សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍មិនមានទេ សត្វទំាងឡាយ មិនត្រេកអរ នឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទំាងឡាយ អានិសង្សនៃធម្មារម្មណ៍មាន ញ្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ ត្រេកអរនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើទោសនៃធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃធម្មារម្មណ៍មាន ព្រោះហេតុណា ហេតុនោះ បានជា សត្វទាំងឡាយ រមែងនឿយណាយនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញ នូវធម្មារណ្ម៍មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ បានដឹងច្បាស់ តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបាន ប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែ សត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ។ប។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈបាន។

ចប់សូត្រ ទី៦។

(បឋមាភិនន្ទ)សូត្រ ទី៧

(៧. បឋមាភិនន្ទសុត្តំ)

[១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរចំពោះភ្នែក បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគត ពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា មិនត្រេកអរ ចំពោះភ្នែក បុគ្គលនោះ ទើបឈ្មោះថា មិនត្រេកអរចំពោះទុក្ខ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។បេ។ បុគ្គលណា មិនត្រេកអរ ចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ បុគ្គលណា មិនត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថាមិន ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរ ចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។

ចប់សូត្រ ទី៧។

(ទុតិយាភិនន្ទ)សូត្រ ទី៨

(៨. ទុតិយាភិនន្ទសុត្តំ)

[២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរចំពោះរូប បុគ្គលនោះឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនរួច ផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនរួចផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា មិនត្រេកអរចំពោះរូប បុគ្គលនោះ ទើបឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ បុគ្គលណា មិនត្រេកអរ ចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ បុគ្គលនោះ ឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។

ចប់សូត្រ ទី៨។

(បឋមទុក្ខុប្បាទ)សូត្រ ទី៩

(៩. បឋមទុក្ខុប្បាទសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនូវ ការកើតចំពោះ ការកើតប្រាកដ នៃភ្នែកណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅនៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ (ការកើតឡើង ជាដើម) នៃត្រចៀកណា។បេ។ នៃច្រមុះណា។ នៃអណ្តាតណា។ នៃកាយណា។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដ នៃចិត្តណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។ ម្នាលភិក្ខុទាំងឡាយ លុះតែការរលត់ ការរម្លាប់ ការវិនាស នៃភ្នែកណា នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ ( ការរលត់ ) នៃត្រចៀកណា។ នៃច្រមុះណា។ នៃអណ្តាតណា។ នៃកាយណា។ ការរលត់ ការរម្ងាប់ ការវិនាស នៃចិត្តណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។

ចប់សូត្រ ទី៩។

(ទុតិយទុក្ខុប្បាទសុ)សូត្រ ទី១០

(១០. ទុតិយទុក្ខុប្បាទសុត្តំ)

[២២] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដ នៃរូបទាំងឡាយណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។ ( ការកើតឡើង ជាដើម ) នៃសំឡេង ទាំងឡាយណា។បេ។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដនៃ ធម្មារម្មណ៍ទាំងឡាយណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។

[២៣] ម្នាលភិក្ខុទាំងឡាយ លុះតែការរលត់ ការរម្ងាប់ ការវិនាស នៃរូបទាំងឡាយណា នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ (ការរលត់ ជាដើម ) នៃសំឡេងទាំងឡាយណា។ នៃក្លិនទាំងឡាយណា។ នៃរសទាំងឡាយណា ។ នៃផោដ្ឋឰៈទាំងឡាយណា។ ការរលត់ ការរម្ងាប់ ការវិនាស នៃធម្មារម្មណ៍ទាំងឡាយណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។

ចប់សូត្រ ទី១០។

ចប់យមកវគ្គ ទី២។

ឧទ្ទាននៃយមកវគ្គនោះ គឺ

និយាយ អំពីការត្រាស់ដឹង ពីរលើក អំពីអានិសង្ស ពីរលើកដទៃទៀត អំពីចិត្តមិនបានប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈ ពីរលើក អំពីការត្រេកអរ ពីរលើកដទៃទៀត អំពីការកើតឡើង ពីរលើក ហេតុនោះ ទើបហៅថា វគ្គ។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann