km:tipitaka:sut:sn:35:sut.sn.35.v07



មិគជាលវគ្គ ទី២(៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 35.v07 បាលី cs-km: sut.sn.35.v07 អដ្ឋកថា: sut.sn.35.v07_att PTS: ?

មិគជាលវគ្គ ទី២(៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. មិគជាលវគ្គោ)

(បឋមមិគជាល)សូត្រ ទី១

(១. បឋមមិគជាលសុត្តំ)

[៦៦] និទានក្នុងក្រុងសាវត្ថី។ គ្រានោះ ព្រះមិគជាលៈមានអាយុ ចូលទៅគាល់ ព្រះមានព្រះភាគ។បេ។ លុះព្រះមិគជាលៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាប បង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា បុគ្គលមានប្រក្រតីនៅម្នាក់ឯង មានប្រក្រតីនៅម្នាក់ឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលមានប្រក្រតីនៅម្នាក់ឯង តើដោយហេតុដូចម្តេច ចំណែកបុគ្គល មានប្រក្រតីនៅរួមគ្នាជាគម្រប់ពីរ តើដោយហេតុដូចម្តេច។ ម្នាលមិគជាលៈ មានរូបទាំងឡាយ ដែលបុគ្គលគប្បីដឹងច្បាស់ ដោយភ្នែកដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្ត ចំពោះរូបនោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តចំពោះរូបនោះ សេចក្តីត្រេកត្រអាល រមែងកើតឡើង កាលបើមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មាន កាលបើមានសេចក្តីប្រាថ្នា សំយោជនៈក៏មាន។ ម្នាលមិគជាលៈ ភិក្ខុដែលជាប់ចំពាក់ ដោយចំណង គឺសេចក្តីត្រេកត្រអាលហ្នឹងឯង ហៅថា អ្នកមានប្រក្រតី នៅរួមគ្នា ជាគម្រប់ពីរ។បេ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងដោយអណ្តាត។បេ។ មានធម្មារម្មណ៍ ដែលត្រូវ ដឹងច្បាស់ដោយចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សសើរ ជាប់ចិត្តចំពោះធម៌នោះ កាលភិក្ខុនោះត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ សេចក្តីត្រេកត្រអាល រមែងកើតឡើង កាលបើមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មាន កាលបើសេចក្តីប្រាថ្នាមាន សំយោជនៈក៏មាន។ ម្នាលមិគជាលៈ ភិក្ខុ ដែលជាប់ចំពាក់ដោយចំណង គឺសេចក្តីត្រេកត្រអាលហ្នឹងឯង ហៅថា អ្នកមានប្រក្រតី នៅរូមគ្នា ជាគម្រប់ពីរ។ ម្នាលមិគជាលៈ ភិក្ខុដែលមានធម៌ ជាគ្រឿងនៅយ៉ាងនេះ ទុកជានៅក្នុងទីសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃតូចព្រៃធំ ជាកន្លែងមានសំឡេងតិច មានសន្ធឹកគឹកកងតិច មិនមានខ្យល់គួរដល់ អំពើស្ងាត់កំបាំងរបស់មនុស្ស គួរដល់ការពួនសម្ងំក៏ដោយ ក៏នៅតែហៅថា អ្នកមាន ប្រក្រតីនៅរួមគ្នា ជាគម្រប់ពីរ។ ដំណើរនោះព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ មានតណ្ហា ជាគម្រប់ពីរ ឯតណ្ហានោះឯង ភិក្ខុនោះ មិនបានលះបង់ហើយ ព្រោះហេតុនោះ បានជាហៅថា អ្នកមានប្រក្រតីនៅរួមគ្នាជាគម្រប់ពីរ។

[៦៧] ម្នាលមិគជាលៈ មានរូបដែលត្រូវដឹងច្បាស់ដោយភ្នែក ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តចំពោះរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត ចំពោះរូបនោះ សេចក្តីត្រេកត្រអាល ក៏រលត់ទៅ កាលបើមិន មានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មិនមាន កាលបើមិនមានសេចក្តីប្រាថ្នា សំយោជនៈ ក៏មិនមាន។ ម្នាលមិគជាលៈ ភិក្ខុដែលរួចចាកចំណង គឺសេចក្តីត្រេក ត្រអាលហ្នឹងឯង ហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។បេ។ ម្នាលមិគជាលៈ មានរស ដែលត្រូវដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលមិគជាលៈ មានធម្មារម្មណ៍ ដែលត្រូវ ដឹងច្បាស់ដោយចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត ចំពោះធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងធម៌នោះ សេចក្តីត្រេកត្រអាល ក៏រលត់ទៅ កាលបើមិនមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មិនមាន កាលបើមិនមានសេចក្តីប្រាថ្នា សំយោជនៈក៏មិនមាន ។ ម្នាលមិគជាលៈ ភិក្ខុដែលរួចចាកចំណង គឺសេចក្តីត្រេកត្រអាល ហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។ ម្នាលមិគជាលៈ ភិក្ខុមានប្រក្រតីនៅយ៉ាងនេះ ទុកជានៅក្នុងស្រុក ច្រឡូកច្រឡំ ដោយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ពួកស្តេចនិងអាមាត្យធំរបស់ស្តេច ពួកតិរ្ថិយ និង សាវ័ករបស់តិរ្ថិយក៏ដោយ ក៏នៅតែហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ មានតណ្ហា ជាគម្រប់ពីរមែន តែតណ្ហានោះ ភិក្ខុនោះ បានលះបង់ហើយ ព្រោះហេតុនោះ បានជាហៅថា អ្នកមានប្រក្រតី នៅម្នាក់ឯង។

ចប់សូត្រ ទី១។

(ទុតិយមិគជាល)សូត្រ ទី២

(២. ទុតិយមិគជាលសុត្តំ)

[៦៨] គ្រានោះ ព្រះមិគជាលៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះមិគជាលៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បើបានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង ចៀសចេញអំពីពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ចូនទៅកាន់ព្រះនិញ្វន។ ម្នាលមិគជាលៈ មានរូប ដែលត្រូវដឹងច្បាស់ដោយភ្នែក ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តចំពោះរូប នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តចំពោះរូបនោះ សេចក្តីត្រេកត្រអាលក៏នឹង កើតឡើង ម្នាលមិគជាលៈ តថាគតពោលថា ការកើតឡើង នៃកងទុក្ខ មកពីហេតុកើតឡើង នៃសេចក្តីត្រេកត្រអាល។បេ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងច្បាស់ដោយ អណ្តាត។បេ។ ម្នាលមិគជាលៈ មានធម្មារម្មណ៍ ដែលត្រូវដឹងច្បាស់ដោយចិត្ត ដែលជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ សេចក្តីត្រេកត្រអាល ក៏កើតឡើង ម្នាលមិគជាលៈ តថាគត ពោលថា ការកើតឡើង នៃកងទុក្ខ មកពីហេតុកើតឡើង នៃសេចក្តីត្រេកត្រអាល។

[៦៩] ម្នាលមិគជាលៈ មានរូបដែលត្រូវដឹងច្បាស់ដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះ សេចក្តីត្រេកត្រអាល រមែងរលត់ទៅ ម្នាលមិគជាលៈ តថាគតពោលថា ការរលត់ទៅ នៃកងទុក្ខ មកពីហេតុរលត់ទៅ នៃសេចក្តីត្រេកត្រអាល។បេ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលមិគជាលៈ មានធម៌ ដែលត្រូវដឹងច្បាស់ដោយចិត្ត ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងធម៌នោះ សេចក្តីត្រេកត្រអាល រមែងរលត់ទៅ ម្នាលមិគជាលៈ តថាគតពោលថា ការរលត់ទៅ នៃកងទុក្ខ មកពីហេតុរលត់ទៅ នៃសេចក្តីត្រេកត្រអាល។

[៧០] គ្រានោះ ព្រះមិគជាលៈមានអាយុ ត្រេកអរ អនុមោទនានូវភាសិត របស់ព្រះ មានព្រះភាគ ហើយក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណរួច ហើយ ក៏ចៀសចេញទៅ។ លំដាប់នោះ ព្រះមិគជាលៈមានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្ត បញ្ជូនទៅកាន់ព្រះនិញ្វន មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវទីបំផុតព្រហ្ម ចរិយៈ មិនមានគុណជាតដទៃ លើសលុបជាង ដែលជាទីត្រូវការ របស់ពួកកុលបុត្រ ដែលចេញចាកផ្ទះ បួសដោយប្រពៃ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្ត ទាំងឡាយ ព្រះមិគជាលៈមានអាយុ ក៏បានជាព្រះអរហន្ត មួយអង្គដែរ។

ចប់សូត្រ ទី២។

(បឋមសមិទ្ធិមារបញ្ហា)សូត្រ ទី៣

(៣. បឋមសមិទ្ធិមារបញ្ហាសុត្តំ)

[៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ ព្រះសមិទិ្ធមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មារ មារ បពិត្រព្រះអង្គដ៏ចម្រើន មារ ឬសេចក្តីបញ្ញាត្តិថាមារ ដោយហេតុដូចម្តេចខ្លះ។ ម្នាលសមិទិ្ធ ទីណាមានចក្ខុ មានរូប មានចក្ខុវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានត្រចៀក មានសំឡេង មានសោតវិញ្ញាណ មានធម៌ដែលត្រូវដឹង ដោយសោតវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានច្រមុះ មានក្លិន មានឃានវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយឃានវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានអណ្តាត មានរស មានជិវ្ហាវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយជិវ្ហាវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថា មារ។ មានកាយ មានផ្សព្វ មានកាយវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយកាយវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។ មានចិត្ត មានធម៌ មានមនោវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញាត្តិថាមារ។

[៧២] ម្នាលសមិទិ្ធ ចំណែកខាងទីណា មិនមានចក្ខុ មិនមានរូប មិនមានចក្ខុវិញ្ញាណ មិនមានធម៌ ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មិនមានមារ ឬសេចក្តីបញ្ញាត្តិ ថាមាទេ។បេ។ មិនមានអណ្តាត មិនមានរស មិនមានជិវ្ហាវិញ្ញាណ មិនមានធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណ ទីនោះក៏មិនមានមារ ឬសេចក្តីបញ្ញាត្តិ ថាមារដែរ។ បេ។ មិនមានចិត្ត មិនមានធម៌ មិនមានមនោវិញ្ញាណ មិនមានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ ក៏មិនមានមារ ឬសេចក្តីបញ្ញាត្តិ ថាមារដែរ។

ចប់សូត្រ ទី៣។

(សមិទ្ធិសត្តបញ្ហា)សូត្រ ទី៤

(៤. សមិទ្ធិសត្តបញ្ហាសុត្តំ)

[៧៣] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា សត្វ សត្វ បពិត្រព្រះ អង្គដ៏ចម្រើន សត្វ ឬសេចក្តីបញ្ញាត្តិថាសត្វ តើដោយហេតុដូចម្តេចខ្លះ។បេ។

ចប់សូត្រ ទី៤។

(សមិទ្ធិទុក្ខបញ្ហា)សូត្រ ទី៥

(៥. សមិទ្ធិទុក្ខបញ្ហាសុត្តំ)

[៧៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ទុក្ខ ទុក្ខ បពិត្រព្រះអង្គ ដ៏ចម្រើន ទុក្ខ ឬសេចក្តីបញ្ញាត្តិថាទុក្ខ តើដោយហេតុដូចម្តេចខ្លះ។បេ។

ចប់សូត្រ ទី៥។

(សមិទ្ធិលោកបញ្ហា)សូត្រ ទី៦

(៦. សមិទ្ធិលោកបញ្ហាសុត្តំ)

[៧៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា លោក លោក បពិត្រព្រះ អង្គដ៏ចម្រើន លោក ឬសេចក្តីបញ្ញាត្តិថាលោក តើដោយហេតុដូចម្តេចខ្លះ។ ម្នាលសមិទិ្ធ ទីណាមានចក្ខុ មានរូប មានចក្ខុវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះ រមែងមានលោក ឬសេចក្តីបញ្ញាត្តិថាលោក។បេ។ មានអណ្តាត។បេ។ មានចិត្ត មានធម៌ មានមនោវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ រមែងមានលោក ឬសេចក្តីបញ្ញាត្តិ ថាលោកដែរ។

[៧៦] ម្នាលសមិទិ្ធ ចំណែកខាងទីណា មិនមានចក្ខុ មិនមានរូប មិនមានចក្ខុវិញ្ញាណ មិនមានធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណ ទីនោះ ក៏មិនមានលោក ឬសេចក្តីបញ្ញាត្តិ ថាលោកទេ។បេ។ មិនមានអណ្តាត។បេ។ មិនមានចិត្ត មិនមានធម៌ មិនមានមនោវិញ្ញាណ មិនមានធម៌ ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ ក៏មិនមានលោក ឬសេចក្តីបញ្ញាត្តិ ថាលោកទេ។

ចប់សូត្រ ទី៦។

(ឧបសេនអាសីវិស)សូត្រ ទី៧

(៧. ឧបសេនអាសីវិសសុត្តំ)

[៧៧] សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្រមានអាយុ នឹងព្រះឧបសេន មានអាយុ គង់នៅក្នុងព្រៃស្មសាន ឈ្មោះសីតវ័ន ទៀបញកភ្នំឈ្មោះ សប្បសោណ្ឌិក ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ពស់អាសីពិស ធ្លាក់មកលើកាយព្រះឧបសេន មានអាយុ។ គ្រានោះ ព្រះឧបសេន មានអាយុ ហៅភិក្ខុទាំងឡាយមកថា នែអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូលមកលើកកាយខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅខាងក្រៅ ព្រោះថា កាយនេះ ជារបស់ចាស់ គង់នឹងរោយរាយក្នុងទីនេះ ដូចជាអង្កាមមួយក្តាប់។ កាលបើព្រះឧបសេនមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ ក៏និយាយនឹងព្រះឧបសេនមានអាយុ ដូច្នេះថា យើងមិនឃើញព្រះឧបសេន មានអាយុ មានកាយផ្សេង ឬមានឥន្រ្ទិយប្រែប្រួលទៅសោះ កាលបើយ៉ាងនេះ ម្តេចក៏ព្រះឧបសេនមានអាយុ និយាយយ៉ាងនេះថា នែអាវុសោ អ្នកទាំងឡាយ ចូលមកលើកកាយខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅខាងក្រៅ ព្រោះថា កាយនេះជារបស់ចាស់ គង់នឹងរោយរាយ ក្នុងទីនេះ ដូចជាអង្កាមមួយក្តាប់។ ព្រះឧបសេនឆ្លើយថា នែអាវុសោសារីបុត្ត អ្នកណាមានសេចក្តីប្រកាន់ យ៉ាងនេះថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជីវ្ហារបស់អាត្មាអញ។បេ។ ថាមនោ គឺ អត្មាអញ ឬថា មនោ របស់អាត្មាអញ នែអាវុសោសារីបុត្ត អ្នកនោះ ទើបមានកាយផ្សេង ឬមានឥន្រ្ទិយ ប្រែប្រួល។ នែអាវុសោសារីបុត្ត ចំណែកខ្ញុំ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះទេ ថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជិវ្ហារបស់ អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់អាត្មាអញ នែអាវុសោសារីបុត្ត ខ្ញុំនោះ នឹងមានកាយផ្សេង ឬមានឥន្រ្ទិយប្រែប្រួល ដូចម្តេចកើត។ បើយ៉ាងនោះ មានតែព្រះឧបសេនមានអាយុ បានគាស់រំលើងអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ មកយូរហើយ ហេតុនោះ បានជាព្រះឧបសេនមានអាយុ មិនមានសេចក្តីត្រិះរិះយ៉ាងនេះទេថា ចក្ខុ គឺអាត្មាអញ ឬថាចក្ខុរបស់អាត្មាអញ។បេ។ ជិវ្ហា គឺអាត្មាអញ ឬថាជិវ្ហារបស់អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់អាត្មាអញ។ គ្រានោះ ភិក្ខុទាំងនោះ លើកកាយព្រះឧបសេនមានអាយុ ដាក់លើគ្រែ ហើយសែងចេញទៅខាងក្រៅ។ លំដាប់នោះ កាយរបស់ព្រះឧបសេនមានអាយុ ក៏រោយរាយក្នុងទីនោះ ដូចជាអង្កាមមួយក្តាប់។

ចប់សូត្រ ទី៧។

(ឧបវាណសន្ទិដ្ឋិក)សូត្រ ទី៨

(៨. ឧបវាណសន្ទិដ្ឋិកសុត្តំ)

[៧៨] គ្រានោះ ព្រះឧបវាណមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះឧបវាណមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ធម៌ បុគ្គលឃើញច្បាស់ ដោយខ្លួនឯង ធម៌ បុគ្គលឃើញច្បាស់ដោយខ្លួនឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជនគប្បីដឹង ចំពោះខ្លួន ដោយហេតុដូចម្តេច។

[៧៩] ម្នាលឧបវាណ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយកត់ សំគាល់ នូវរូបផង កត់សំគាល់នូវតម្រេកក្នុងរូបផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរូបខាងក្នុង ថា អាត្មាអញ មានតម្រេកក្នុងរូបខាងក្នុងផង។ ម្នាលឧបវាណ ត្រង់ដែលភិក្ខុ ឃើញរូបដោយចក្ខុ ហើយកត់សំគាល់នូវរូបផង កត់សំគាល់នូវតម្រេក ក្នុងរូបផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរូបខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរូបខាងក្នុងផង។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គប្បីបង្អោនចូល មកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន យ៉ាងនេះក៏មាន។បេ។

[៨០] ម្នាលឧបវាណ មួយទៀត ភិក្ខុលិទ្ធភ្លក្សរសដោយអណ្តាត ហើយកត់សំគាល់ នូវរសផង កត់សំគាល់នូវតម្រេកក្នុងរសផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុង រសខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរសខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុលិទ្ធភ្លក្សរស ដោយអណ្តាត ហើយកត់សំគាល់នូវរសផង កត់សំគាល់នូវតម្រេក ក្នុងរសផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរសខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរសខាងក្នុងផង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយ ហេតុយ៉ាងនេះ ក៏មាន។បេ។

[៨១] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុដឹងច្បាស់នូវធម៌ដោយចិត្ត ហើយកត់ សំគាល់ នូវធម៌ផង កត់សំគាល់នូវតម្រេកក្នុងធម៌ផង ដឹងច្បាស់នូវតម្រេកដែលមាន ក្នុងធម៌ខាងក្នុងថា អាត្មាអញ មានតម្រេកក្នុងធម៌ខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុ ដឹងច្បាស់ នូវធម៌ដោយចិត្ត ហើយកត់សំគាល់នូវធម៌ផង កត់សំគាល់នូវតម្រេក ក្នុងធម៌ផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មានតម្រេកក្នុងធម៌ខាងក្នុង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។បេ។ ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុយ៉ាងនេះ ក៏មាន។

[៨២] ម្នាលឧបវាណ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយគ្រាន់តែកត់ សំគាល់នូវរូប តែមិនកត់សំគាល់ នូវតម្រេកក្នុងរូប ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងរូបខាងក្នុងថា អាត្មាអញ មិនមានតម្រេក ក្នុងរូបខាងក្នុងទេ។ ម្នាលឧបវាណ ត្រង់ដែលភិក្ខុ ឃើញរូបដោយចក្ខុ ហើយគ្រាន់តែកត់សំគាល់នូវរូប តែមិនកត់សំគាល់នូវតម្រេកក្នុងរូប ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងរូបខាងក្នុងថា អាត្មាអញ មិនមានតម្រកក្នុងរូបខាងក្នុងទេ។ ម្នាលឧបវាណ ធម៌ដែលបុគ្គល ឃើញច្បាស់ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹង ចំពោះខ្លួន យ៉ាងនេះក៏មាន។

[ ៨៣] ម្នាលឧបវាណ មួយទៀត ភិក្ខុឮសំឡេង ដោយត្រចៀក។ ធុំក្លិនដោយ ច្រមុះ។ លិទ្ធភ្លក្សរស ដោយអណ្តាត ហើយគ្រាន់តែកត់សំគាល់រស តែមិនកត់សំគាល់ តម្រេកក្នុងរស ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងរសខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងរសខាងក្នុងទេ។បេ។

[៨៤] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុ ដឹងនូវធម៌ដោយចិត្ត ហើយគ្រាន់តែកត់ សំគាល់នូវធម៌ តែមិនកត់សំគាល់នូវតម្រេកក្នុងធម៌ ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងធម៌ខាងក្នុង។ ម្នាលឧបវាណ ភិក្ខុ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយគ្រាន់តែកត់សំគាល់នូវធម៌ តែមិនកត់សំគាល់នូវតម្រេក ក្នុងធម៌ ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងធម៌ខាងក្នុង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុយ៉ាងនេះ ក៏មាន។

ចប់សូត្រ ទី៨។

(បឋមឆផស្សាយតន)សូត្រ ទី៩

(៩. បឋមឆផស្សាយតនសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ភិក្ខុណាមួយ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈទាំង ៦ ទេ ភិក្ខុនោះ ឈ្មោះថា មិនបានប្រព្រឹត្តព្រហ្មចរិយៈទេ ភិក្ខុនោះ ឈ្មោះថា ឆ្ងាយអំពី ធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ វិនាសចាក ធម៌វិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់ដឹងច្បាស់ តាមពិតនូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការ របស់ផស្សៈ ទាំង៦ឡើយ។ ម្នាលភិក្ខុ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនមែនឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចក្ខុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ នុ៎ះឯង ជាទីបំផុតនៃទុក្ខ។ អ្នកពិចារណាឃើញអណ្តាតថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនមែនឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញអណ្តាតនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ នុ៎ះឯង ជាទីបំផុតនៃទុក្ខ។បេ។ អ្នកពិចារណាឃើញចិត្តថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនមែនឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចិត្តនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់ អញទេ នុ៎ះឯង ជាទីបំផុតនៃទុក្ខ។

ចប់សូត្រ ទី៩។

(ទុតិយឆផស្សាយតន)សូត្រ ទី១០

(១០. ទុតិយឆផស្សាយតនសុត្តំ)

[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ទេ ភិក្ខុ នោះមិនឈ្មោះថា នៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុនោះ ឈ្មោះថា ឆ្ងាយអំពីធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនបានដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ឡើយ។ ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចក្ខុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈជាបឋមនុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន។បេ។ អ្នកពិចារណា ឃើញអណ្តាតថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញអណ្តាតនុ៎ះដោយ ប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈជាគម្រប់ ៤ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន។បេ។ អ្នកពិចារណាឃើញចិត្តថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចិត្តនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈ ជាគម្រប់ ៦ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះកើតតទៅទៀតបាន។

ចប់សូត្រ ទី១០។

(តតិយឆផស្សាយតន)សូត្រ ទី១១

(១១. តតិយឆផស្សាយតនសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ មិនបានដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ទេ ភិក្ខុ នោះឈ្មោះថា មិនបាននៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុនោះឈ្មោះថា ឆ្ងាយ អំពីធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦។ ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ ឃើញដូច្នោះទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងភ្នែកផង នឿយណាយនឹងត្រចៀកផង នឹងច្រមុះផង នឹងអណ្តាតផង នឹងកាយផង នឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើង យ៉ាងនេះថា ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី ១១។

ចប់ មិគជាលវគ្គ ទី២។

ឧទ្ទាននៃមិគជាលវគ្គនោះ គឺ

និយាយ អំពីព្រះមិគជាលៈមានអាយុ មាន ២ លើក អំពីព្រះសមិទិ្ធមានអាយុ មាន ៤ លើក អំពីព្រះឧបសេនមានអាយុ ១ អំពីព្រះឧបវាណមានអាយុ ១ អំពីអាការរបស់ ផស្សៈ ៦ មាន ៣ លើក។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.v07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann