(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 35.v08 បាលី cs-km: sut.sn.35.v08 អដ្ឋកថា: sut.sn.35.v08_att PTS: ?
គិលានវគ្គ ទី៣(៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. គិលានវគ្គោ)
(១. បឋមគិលានសុត្តំ)
[៨៨] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយរូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ មានព្រះភាគអនុគ្រោះ ស្តេចទៅស្រោចស្រង់ភិក្ខុនោះផង។ លំដាប់នោះ ព្រះមានព្រះ ភាគ ទ្រង់ឮថា ភិក្ខុថ្មីណាស់ផង ឈឺធ្ងន់ផង ទ្រង់ជ្រាបច្បាស់ ដូច្នេះថា ភិក្ខុមិនទាន់ មានគេស្គាល់ ក៏ស្តេចចូលទៅរកភិក្ខុនោះ។ ភិក្ខុនោះ បានឃើញព្រះមានព្រះភាគ ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវា ( ចង់ក្រោក ) លើគ្រែ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ណ្ហើយភិក្ខុ អ្នកកុំប្រវេប្រវា លើគ្រែឡើយ ព្រោះមានអាសនៈ គេក្រាលទុកនេះហើយ តថាគត នឹងអង្គុយលើអាសនៈនោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ក៏ត្រាស់សួរភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលដែរឬ ទុក្ខវេទនា ចេះតែថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ព្រោះទុក្ខវេទនា របស់ខ្ញុំព្រះអង្គធ្ងន់ណាស់ តែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។ ម្នាលភិក្ខុ អ្នកមិនមានសេចក្តីរង្កៀសតិចតួច មិនមានវិប្បដិសារៈ នីមួយទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មានសេចក្តីរង្កៀសច្រើន មានវិប្បដិសារៈច្រើន។ ម្នាលភិក្ខុ ចុះអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតិះដៀលខ្លួន ដោយសីលទេ ។ ម្នាលភិក្ខុ បើអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកមានសេចក្តីរង្កៀសក្នុងអ្វី ទាំងមានវិប្បដិសារៈអ្វីទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងថា មានការស្អាតសីល ជាប្រយោជន៍ ។ ម្នាលភិក្ខុ បើអ្នកមិនទាន់យល់ច្បាស់ នូវធម៌ ដែលតថាគត សំដែងហើយថា មានការស្អាតសីល ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ នូវធម៌ដែលតថាគតសំដែងហើយ ថាមានអ្វីជាប្រយោជន៍។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា មានការកំចាត់បង់នូវរាគៈ ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ ថាមានការកំចាត់បង់ នូវរាគៈ ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថា ធម៌ដែលតថាគតបានសម្តែងហើយ សុទ្ធតែមានការកំចាត់បង់ នូវរាគៈជាប្រយោជន៍ ។
[៨៩] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀង ឬមិនទៀង។ មិនទៀង ទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនគួរនឹងយល់ឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងភ្នែងផង។បេ។ រមែងនឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុនោះ ក៏មានចិត្តរីករាយ ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ សម្តែងវេយ្យាករណ៍នេះចប់ហើយ ធម្មចក្ខុ គឺសោតាបត្តិផល ដ៏ប្រាសចាកធុលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់ភិក្ខុនោះថា ធម្មជាតណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញ ជាធម្មតា។
ចប់សូត្រ ទី១។
(២. ទុតិយគិលានសុត្តំ)
[៩០] គ្រានោះ ភិក្ខុមួយរូប។បេ។ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងវត្តឯណោះ មានភិក្ខុថ្មីមួយរូប មិនទាន់មានគេស្គាល់ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះ ស្តេចទៅជួបភិក្ខុនោះផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឮថា ភិក្ខុថ្មីណាស់ផង ឈឺធ្ងន់ណាស់ផង ជ្រាបច្បាស់ដូច្នេះថា ភិក្ខុមិនទាន់មានគេស្គាល់ ហើយក៏ស្តេចចូលទៅរកភិក្ខុនោះ។ ភិក្ខុនោះ បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ប្រវេប្រវាលើគ្រែ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ ណ្ហើយ អ្នកកុំប្រវេប្រវាលើគ្រែឡើយ ព្រោះមានអាសនៈ ដែលគេក្រាលទុកនេះហើយ តថាគតនឹងអង្គុយ លើអាសនៈនោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏ទ្រង់ត្រាស់សួរទៅភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលដែរឬ ទុក្ខវេទនាថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនចម្រើនឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ អត់ទ្រាំមិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតិះដៀលខ្លួន ដោយសីលទេ។ ម្នាលភិក្ខុ បើអ្នកមិនបានតិះដៀលខ្លួន ដោយសីលទេ កាលបើយ៉ាងនេះ អ្នកមានសេចក្តីរង្កៀសក្នុងរឿងអ្វី មានវិប្បដិសារៈអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនទាន់យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍។ ម្នាលភិក្ខុ បើអ្នកមិនទាន់ យល់ច្បាស់ធម៌ ដែលតថាគតសំដែងហើយថា សីលមានសេចក្តីស្អាត ជាប្រយោជន៍ទេ ម្នាលភិក្ខុ កាលបើយ៉ាងនេះ អ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយ ថាមានអ្វីជាប្រយោជន៍ ។ បពិត្រអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ យល់ច្បាស់ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងហើយថា មានអនុបាទាបរិនិព្វាន ( បរិនិព្វានកិលេស ព្រមទាំងខន្ធ ) ជាប្រយោជន៍។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ដែលអ្នកយល់ច្បាស់ធម៌ ដែលតថាគតសម្តែងហើយថា មានអនុបាទា បរិនិព្វាន ជាប្រយោជន៍ ម្នាលភិក្ខុ ព្រោះថាធម៌ ដែលតថាគតបានសម្តែងហើយ សុទ្ធតែមាន អនុបាទាបរិនិព្វាន ជាប្រយោជន៍។
[៩១] ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងភ្នែកផង។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញណ ក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ សម្តែងសូត្រនេះចប់ហើយ ភិក្ខុនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់សម្តែងវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់ភិក្ខុនោះ ក៏រួចស្រឡះចាកអាសវៈ ព្រោះមិនបានប្រកាន់មាំ។
ចប់សូត្រ ទី២។
(៣. រាធអនិច្ចសុត្តំ)
[៩២] គ្រានោះ ព្រះរាធៈមានអាយុ។បេ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនបានប្រមាទ មានព្យាយាម ដុតកំដៅនូវកិលេសស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ។ ម្នាលរាធៈ របស់ណា មិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។ ម្នាលរាធៈ ចុះរបស់ដូចម្តេច មិនទៀង ម្នាលរាធៈ ភ្នែកហ្នឹងឯង មិនទៀងទេ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ងក្នុងភ្នែកនោះចេញ។ រូប មិនទៀងទេ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ មិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។បេ។ អណ្តាត កាយ ចិត្ត មិនទៀងទេ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងចិត្តនោះចេញ។ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ មិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ របស់ណា មិនទៀង អ្នក ត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។
ចប់សូត្រ ទី៣។
(៤. រាធទុក្ខសុត្តំ)
[៩៣] ម្នាលរាធៈ របស់ណាជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។ ម្នាលរាធៈ ចុះរបស់អ្វី ជាទុក្ខ ម្នាលរាធៈ ភ្នែកហ្នឹងឯងជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងភ្នែកនោះចេញ។ រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា មិនជាទុក្ខក្តី មិនជាសុខក្តី។បេ។ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។បេ។ ចិត្តជាទុក្ខ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ របស់ណា ជាទុក្ខ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងរបស់នោះចេញ។
ចប់សូត្រ ទី៤។
(៥. រាធអនត្តសុត្តំ)
[៩៤] ម្នាលរាធៈ សភាវៈណាមិនមែនជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងសភាវៈនោះចេញ។ ម្នាលរាធៈ ចុះសភាវៈដូចម្តេច មិនមែនជារបស់ខ្លួន។ ម្នាលរាធៈ ភ្នែកហ្នឹងឯង មិនមែនជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងភ្នែកនោះចេញ។ រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស ទោះបីវេទនាណា។បេ។ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ចិត្តមិនមែនជារបស់ខ្លួនទេ ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនមែនជារបស់ខ្លួនដែរ អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងវេទនានោះចេញ។ ម្នាលរាធៈ សភាវៈណា មិនមែនជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុងប៉ង ក្នុងសភាវៈនោះចេញ។
ចប់សូត្រ ទី៥។
(៦. បឋមអវិជ្ជាបហានសុត្តំ)
[៩៥] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បានដែរ វិជ្ជា ក៏កើតឡើង មានដែរឬ។ ម្នាលភិក្ខុ ធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង ក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង តើដូចម្តេច។ ម្នាលភិក្ខុ ធម៌តែមួយ គឺអវិជ្ជាហ្នឹងឯង ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថាលះបង់បាន វិជ្ជា ក៏កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាកភិក្ខុ ភិក្ខុកាលដឹង កាលឃើញនូវភ្នែកថា ជារបស់មិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ភិក្ខុកាលដឹង កាលឃើញនូវរូប។បេ។ ភិក្ខុកាលដឹង កាលឃើញនូវវេទនា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ កាលបើភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។
ចប់សូត្រ ទី៦។
(៧. ទុតិយអវិជ្ជាបហានសុត្តំ)
[៩៦] គ្រានោះ ភិក្ខុមួយរូប។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌មួយ ដែលភិក្ខុលះ បង់ហើយ អវិជ្ជា ក៏ឈ្នោះថា លះបង់បាន វិជ្ជា ក៏កើតឡើង មានដែរឬ។ ម្នាលភិក្ខុ ធម៌តែមួយ ដែរភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្នោះថា លះបង់បាន វិជ្ជា ក៏កើតឡើង ក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌តែមួយ ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង តើដូចម្តេច។ ម្នាលភិក្ខុ ធម៌តែមួយ គឺអវិជ្ជាហ្នឹងឯង ដែលភិក្ខុលះបង់ហើយ អវិជ្ជា ក៏ឈ្មោះថា លះបង់បាន វិជ្ជា ក៏កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុ កាលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ បានស្តាប់ហើយថា ធម៌ទាំងពួង មិនគួរនឹងប្រកាន់មាំទេ។ ម្នាលភិក្ខុ បើភិក្ខុបានស្តាប់ពុទ្ធវចនៈនុ៎ះថា ធម៌ទាំងពួង មិនគួរនឹងប្រកាន់មាំឡើយ យ៉ាងនេះហើយ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹង នូវធម៌ទាំងពួង លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងឃើញច្បាស់ នូវនិមិត្តទាំងពួង ថាជារបស់ដទៃ ឃើញនូវភ្នែក ថាជារបស់ដទៃ ឃើញនូវរូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាជារបស់ដទៃ។បេ។ ឃើញនូវចិត្ត ថាជារបស់ដទៃ ឃើញនូវធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាជារបស់ដទៃ។ ម្នាលភិក្ខុ ភិក្ខុកាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។
ចប់សូត្រ ទី៧។
(៨. សម្ពហុលភិក្ខុសុត្តំ)
[៩៧] គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកអន្យតិរ្ថិយបរិព្វាជក ក្នុងទីឯណោះ សួរពួកខ្ញុំព្រះអង្គ យ៉ាងនេះថា នែអាវុសោទាំងឡាយ ព្រហ្មចរិយៈ មានអ្វីជាប្រយោជន៍ ដែលពួកលោកប្រព្រឹត្ត ក្នុងសំណាក់ព្រះសមណៈគោតម បពិត្រព្រះអង្គដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយ បរិព្វាជក សួរយ៉ាងនេះហើយ យើងខ្ញុំព្រះអង្គ ក៏ដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជក ទាំងនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ ព្រហ្មចរិយៈ មានការកំណត់ដឹង នូវទុក្ខហ្នឹងឯង ជាប្រយោជន៍ ដែលពួកយើងប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ពួកខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ ឈ្មោះថា និយាយតាមព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សម្តែងហើយផង មិននិយាយបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ សមគួរតាមធម៌ផង ទាំងលំអាននៃពាក្យនីមួយ ដែលសមតាមហេតុ មិនដល់ថ្នាក់គួរតិះដៀលទេឬ។ ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរយ៉ាងនេះហើយ អ្នកទាំងឡាយ ដោះស្រាយយ៉ាងនេះ ឈ្មោះថា និយាយតាមពាក្យ ដែលតថាគត សម្តែងហើយផង មិននិយាយបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ សមគួរតាមធម៌ផង ទាំងលំអាននៃពាក្យនីមួយ ដែលសមតាមហេតុ មិនដល់ថ្នាក់គួរតិះដៀលទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រហ្មចរិយៈ មានការកំណត់ដឹងនូវទុក្ខ ជាប្រយោជន៍ គឺពួកអ្នកបានប្រព្រឹត្ត ក្នុងសំណាក់តថាគត។ ម្នាលភិក្ខុទាំងឡាយ តែប្រសិនបើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នកទាំងឡាយ យ៉ាងនេះវិញថា នែអាវុសោទាំងឡាយ ចុះព្រហ្មចរិយៈ គឺពួកលោកបានប្រព្រឹត្ត ក្នុងសំណាក់ព្រះសមណគោតម ដើម្បីកំណត់ដឹងនូវទុក្ខនោះ ដូចម្តេច ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះ អ្នកទាំងឡាយ ត្រូវដោះស្រាយដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ ភ្នែកហ្នឹងឯង ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ក៏ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ រូបទាំងឡាយ។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។បេ។ ចិត្តជាទុក្ខ។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលតែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ នែអាវុសោទាំងឡាយ នេះឯង ឈ្មោះថាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ អ្នកទាំងឡាយ ត្រូវដោះស្រាយដល់ពួកអន្យតិរិ្ថយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ។
ចប់សូត្រ ទី៨។
(៩. លោកបញ្ហាសុត្តំ)
[៩៨] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលគេតែងនិយាយថា លោក លោក ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាលោក តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ សភាវៈណា តែងបែកធ្លាយ ព្រោះហេតុនោះ ទើបហៅថា លោក។ ចុះរបស់អ្វី តែងបែកធ្លាយ ម្នាលភិក្ខុ ភ្នែកតែងបែកធ្លាយ រូបទាំងឡាយ តែងបែកធ្លាយ ចក្ខុវិញ្ញាណ តែងបែកធ្លាយ ចក្ខុសម្ផ័ស្សតែងបែកធ្លាយ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏តែងបែកធ្លាយ។បេ។ អណ្តាតតែងបែកធ្លាយ។បេ។ ចិត្តតែងបែកធ្លាយ ធម៌ទាំងឡាយ តែងបែងធ្លាយ មនោវិញ្ញាណ តែងបែកធ្លាយ មនោសម្ផ័ស្ស តែងបែកធ្លាយ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏តែងបែកធ្លាយ។ ម្នាលភិក្ខុ សភាវៈណា តែងបែកធ្លាយ ព្រោះហេតុនោះ ទើបហៅថា លោក។
ចប់សូត្រ ទី៩។
(១០. ផគ្គុនបញ្ហាសុត្តំ)
[៩៩] គ្រានោះ ព្រះផគ្គុនៈមានអាយុ។បេ។ លុះព្រះផគ្គុនៈមានអាយុ អង្គុយក្នុងទី សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គ មានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហា កាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយភ្នែកណា ភ្នែកនោះ មានដែរឬ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ បរិនិព្វានទៅហើយ។បេ។ គប្បីបញ្ញត្តដោយអណ្តាតណា អណ្តាតនោះ មានដែរឬ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្ត ដោយចិត្តណា ចិត្តនោះមានដែរឬ។
[១០០] ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហា កាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយភ្នែកណា ភ្នែកនោះ មិនមានទេ។បេ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺ តណ្ហាកាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយអណ្តាតណា អណ្តាតនោះ មិនមានទេ។បេ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺតណ្ហាកាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈ គ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយចិត្តណា ចិត្តនោះ មិនមានទេ។
ចប់សូត្រ ទី១០។
ចប់គិលានវគ្គ ទី ៣។
ឧទ្ទាននៃគិលានវគ្គនោះ គឺ
និយាយអំពីភិក្ខុឈឺ មាន ២ លើក អំពីព្រះរាធៈមានអាយុ មាន ៣ លើក អំពីអវិជ្ជា មាន ២ លើក អំពីពួកភិក្ខុ ១ អំពីលោក ១ អំពីព្រះផគ្គុនៈមានអាយុ ១។