km:tipitaka:sut:sn:35:sut.sn.35.v13



គហបតិវគ្គ ទី៣(១៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 35.v13 បាលី cs-km: sut.sn.35.v13 អដ្ឋកថា: sut.sn.35.v13_att PTS: ?

គហបតិវគ្គ ទី៣(១៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៣. គហបតិវគ្គោ)

(វេសាលី)សូត្រ ទី១

(១. វេសាលីសុត្តំ)

[១៨៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ គ្រានោះ ឧគ្គគហតី អ្នកក្រុងវេសាលី ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ព្រះអង្គ ត្រាស់ថា ម្នាលគហបតី មានរូប ដែលគប្បីដឹងច្បាស់ដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យ នូវរូបនោះក៏មាន សេចក្តីប្រកាន់មាំ នូវរូបនោះក៏មាន។ ម្នាលគហបតី ភិក្ខុដែលមានសេចក្តីប្រកាន់មាំ មិនបរិនិព្វានទេ។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះ ក៏មាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មាន។ ម្នាលគហបតី ភិក្ខុ មានសេចក្តីប្រកាន់មាំ មិនបរិនិព្វានទេ ម្នាលគហបតី នេះឯង ជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។

[១៩០] ម្នាលគហបតី មានរូបដែលគប្បីដឹងច្បាស់ដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណ ដែលអាស្រ័យនូវរូបនោះ ក៏មិនមាន សេចក្តីប្រកាន់មាំនូវរូបនោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះក៏មិនមាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី១។

(វជ្ជី)សូត្រ ទី២

(២. វជ្ជីសុត្តំ)

[១៩១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងហត្ថិគ្រាម ក្នុងដែនវជ្ជី។ គ្រានោះ ឧគ្គគហបតី អ្នកហត្ថិគ្រាម បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះឧគ្គគហបតី អ្នកហត្ថិគ្រាម អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ យ៉ាងនោះចុះ)។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី២។

(នាឡន្ទ)សូត្រ ទី៣

(៣. នាឡន្ទសុត្តំ)

[១៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តបាវារិកម្ពវ័ន ជិតក្រុងនាឡន្ទា។ គ្រានោះ ឧបាលិគហបតី បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះឧបាលិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយយ៉ាងទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ យ៉ាងនោះចុះ)។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៣។

(ភារទ្វាជ)សូត្រ ទី៤

(៤. ភារទ្វាជសុត្តំ)

[១៩៣] សម័យមួយ ព្រះមានព្រះភាគ និងព្រះបិណ្ឌោលភារទ្វាជមានអាយុ គង់នៅក្នុងវត្ត ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ ព្រះបាទឧទេន ស្តេចចូលទៅរកព្រះបិណ្ឌោលភារទ្វាជៈមានអាយុ លុះស្តេចចូលទៅដល់ហើយ ទ្រង់ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏ទ្រង់គង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទឧទេន ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់មានព្រះបន្ទូលទៅនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ដូច្នេះថា បពិត្រព្រះភារទ្វាជៈដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលយូរអង្វែងបាន។ ព្រះបិណ្ឌោលភារទ្វាជៈ ថ្វាយព្រះពរថា បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរតាំងចិត្ត ឲ្យដូចជាមាតា ក្នុងពួកស្រីល្មមជាមាតា ចូរតាំងចិត្តឲ្យ ដូចជាបងប្អូនស្រី ក្នុងពួកស្រីល្មមជាបងប្អូនស្រី ចូរតាំងចិត្ត ឲ្យដូចជាកូនស្រី ក្នុងពួកស្រីល្មមជាកូនស្រី។ បពិត្រមហារាជ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។

[១៩៤] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចិត្តជាធម្មជាតឡេះឡោះ ចួនកាលលោភធម៌ កើតឡើង ក្នុងពួកស្រីល្មមជាមាតាក៏មាន លោភធម៌ កើតឡើង ក្នុងពួកស្រីល្មមជាបងប្អូនស្រីក៏មាន លោភធម៌កើតឡើង ក្នុងពួកស្រីល្មមជាកូនស្រីក៏មាន។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ហេតុដទៃ បច្ច័យដទៃទៀត មានដែរឬ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាង បវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរពិចារណា នូវកាយនេះឯង តាំងអំពីបាតជើងឡើងទៅលើ អំពីចុងសក់ចុះមកក្រោម ដែលមានស្បែកជាទីបំផុត ពេញដោយវត្ថុមិនស្អាត មានប្រការ ផ្សេងៗថា ក្នុងកាយនេះ មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងទឹកមូត្រ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ បពិត្រមហារាជ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាងបវេណិធម៌ឲ្យ ប្រពឹត្តទៅ អស់កាលជាយូរអង្វែងបាន។

[១៩៥] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ភិក្ខុទាំងឡាយណា ដែលបានចម្រើនកាយ ចម្រើនសីល ចម្រើនចិត្ត ចម្រើនបញ្ញាហើយ កិច្ច គឺការពិចារណា ឲ្យឃើញថា ជាអសុភនោះ ភិក្ខុទាំងនោះ មិនមែនធ្វើបានដោយលំបាកឡើយ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន តែភិក្ខុទាំងឡាយណា ដែលមិនបានចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនចិត្ត មិនបានចម្រើនបញ្ញាហើយ កិច្ចនោះ ភិក្ខុទាំងនោះ ធ្វើបានដោយកម្រណាស់។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចួនកាលយើងខ្ញុំគិតថា នឹងធ្វើទុកក្នុងចិត្តថា អារម្មណ៍មិនល្អ ក៏ប្រែក្លាយទៅជាអារម្មណ៍ល្អវិញ ក៏មាន បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ក្រែងមានហេតុដទៃ បច្ច័យដទៃទៀតដែរឬ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូររក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ អ្នកទាំងឡាយ បានឃើញរូប ដោយចក្ខុហើយ កុំប្រកាន់និមិត្ត កុំប្រកាន់អនុព្យព្ជានៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្គត់ នូវបុគ្គល ដែលមិនសង្រួមនូវឥន្រ្ទិយនុ៎ះ ព្រោះហេតុតែចក្ខុន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ ចូររក្សានូវចក្ខុន្រ្ទិយ ចូរដល់នូវសេចក្តីសង្រួម ក្នុងចក្ខុន្រ្ទិយ។ ឮសម្លេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ អ្នកទាំងឡាយ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ កុំប្រកាន់និមិត្ត កុំប្រកាន់អនុព្យព្ជានៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ ចូររក្សាមនិន្រ្ទិយ ចូរដល់នូវសេចក្តីសង្រួម ក្នុងមនិន្រ្ទិយ។ បពិត្រមហារាជា នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។

[១៩៦] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន មិនដែលមានទេ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកដោយប្រពៃហើយ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន នេះហើយជាហេតុ នេះហើយជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធអស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចំណែកខ្ញុំករុណាវិញ សម័យណា មិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានប្រុងស្មារតី មិនបានសង្រួមឥន្រិ្ទយ ចូលទៅនៅក្នុងព្រះរាជាវាំង សម័យនោះ លោភធម៌ទាំងឡាយ តែងគ្របសង្កត់ខ្ញុំករុណា ពន់ពេក។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន លុះតែសម័យណា ខ្ញុំករុណា បានរក្សាកាយ រក្សាវាចារ រក្សាចិត្ត ប្រុងស្មារតី សង្រួមឥន្រ្ទិយ ចូលទៅក្នុងព្រះរាជាវាំង លោភធម៌ទាំងឡាយ ក៏មិនបានគ្របសង្កត់ចិត្តខ្ញុំករុណា ក្នុងសម័យនោះឡើយ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ច្បាស់ណាស់។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ ដែលគេបិទបាំងទុក ឬដូចគេបង្ហាញផ្លូវ ដល់បុគ្គល អ្នកវង្វេងទិស ពុំនោះសោត ដូចបុគ្គលទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា បុគ្គលទាំងឡាយមានចក្ខុ នឹងមើលឃើញរូបទាំងឡាយបាន មានឧបមា យ៉ាងណា ព្រះភារទ្វាជៈដ៏ចម្រើន បានប្រកាសធម៌ ដោយអនេកបរិយាយ មានឧបមេយ្យ យ៉ាងនោះដែរ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ខ្ញុំករុណា សូមដល់ព្រះមានព្រះភាគនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរឭក សូមព្រះភារទ្វាជៈដ៏ចម្រើន ចាំទុក នូវខ្ញុំករុណា ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

ចប់សូត្រ ទី៤។

(សោណ)សូត្រ ទី៥

(៥. សោណសុត្តំ)

[១៩៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ សោណគហបតិបុត្ត បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសោណគហបតិបុត្ត អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិតព្រអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន (សូត្រមុនយ៉ាងណា បណ្ឌិតគប្បីសំដែង ឲ្យពិស្តារ យ៉ាងនោះផងចុះ)។

ចប់សូត្រ ទី៥។

(ឃោសិត)សូត្រ ទី៦

(៦. ឃោសិតសុត្តំ)

[១៩៨] សម័យមួយ ព្រះមានព្រះភាគ និងព្រះអានន្ទមានអាយុ គង់នៅក្នុងវត្ត ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ឃោសិតគហបតី ចូលទៅរកព្រះអានន្ទមានអាយុ។បេ។ លុះឃោសិតគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ព្រះមានព្រះភាគ ត្រាស់ថា ធាតុផ្សេងៗគ្នា ធាតុផ្សេងៗគ្នា បពិត្រលោកម្ចាស់ដ៏ចម្រើន តើធាតុផ្សេងៗគ្នា ព្រះមានព្រះភាគ ត្រាស់ដោយហេតុយ៉ាងណា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបដែលជាទីគាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃសុខវេទនា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបមិនជាទីគាប់ចិត្ត ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃទុក្ខវេទនា។ ម្នាលគហបតី ចក្ខុធាតុ ១ រូបជាទីតាំង នៃឧបេក្ខា ១ ចក្ខុវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនា (វេទនា មិនជាទុក្ខ មិនជាសុខ) កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃទុក្ខមសុខវេទនា។បេ។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជាទីគាប់ចិត្ត ១ ជិវ្ហាញ្ញាណ ១ មានហើយ ទើបសុខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃសុខវេទនា។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសមិនជាទីគាប់ចិត្ត ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំងនៃទុក្ខវេទនា។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជាទីតាំង នៃឧបេក្ខា ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនា។បេ។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ ជាទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបសុខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃសុខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ មិនជាទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃទុក្ខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មរម្មណ៍ជាទីតាំង នៃឧបេក្ខា ១ មនោវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនា។ ម្នាលគហបតី ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងធាតុផ្សេងៗគ្នា ដោយហេតុមានប្រមាណ ប៉ុណ្ណោះឯង។

ចប់សូត្រ ទី៦។

(ហាលិទ្ទិកានិ)សូត្រ ទី៧

(៧. ហាលិទ្ទិកានិសុត្តំ)

[១៩៩] សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំសំបវត្តៈ ជិតស្រុក កុលឃរៈ ក្នុងអវន្តិជនបទ។ គ្រានោះ ហាលិទ្ទកានិគហបតី បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ។បេ។ លុះហាលិទ្ទកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលទៅនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកថា ការផ្សេង ៗ គ្នា នៃផស្សៈ កើតឡើង ព្រោះអាស្រ័យធាតុផ្សេងៗ គ្នា ការផ្សេង ៗគ្នា នៃវេទនា កើតឡើង ព្រោះអាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ។ បពិត្រលោកដ៏ចម្រើន ការផ្សេង ៗ គ្នា នៃផស្សៈកើតឡើង ព្រោះអាស្រ័យធាតុផ្សេង ៗ និងការផ្សេង ៗ គ្នា នៃវេទនាកើតឡើង ព្រោះអាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ តើដូចម្តេច។

[២០០] ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ក៏ដឹងច្បាស់ថា រូបនេះ ជាទីគាប់ចិត្ត យ៉ាងនេះ សុខវេទនា ក៏កើតឡើង ព្រោះអាស្រ័យ នូវចក្ខុវិញ្ញាណ ជាទីតាំង នៃសុខវេទនាផង នូវផស្សៈ ដែលជាទីតាំង នៃសុខវេទនាផង។ មួយទៀត ភិក្ខុឃើញរូប ដោយចក្ខុ យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា រូបនេះមិនជាទីគាប់ចិត្ត យ៉ាងនេះ ទុក្ខវេទនា ក៏កើតឡើង ព្រោះអាស្រ័យនូវចក្ខុវិញ្ញាណ ជាទីតាំង នៃទុក្ខវេទនាផង នូវផស្សៈ ជាទីតាំង នៃទុក្ខវេទនាផង។ មួយទៀត ភិក្ខុឃើញរូប ដោយចក្ខុ យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា រូបនេះ គួរជាទីតាំង នៃឧបេក្ខា យ៉ាងនេះ អទុក្ខមសុខវេទនា ក៏កើតឡើង ព្រោះអាស្រ័យនូវចក្ខុវិញ្ញាណ ជាទីតាំងនៃអទុក្ខមសុខ វេទនាផង នូវផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនាផង។ ម្នាលគហបតី មួយទៀត ភិក្ខុឮសម្លេង ដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយដឹងច្បាស់ថា ធម្មារម្មណ៍នេះ ជាទីគាប់ចិត្តយ៉ាងនេះ សុខវេទនាក៏កើតឡើង ព្រោះអាស្រ័យ នូវមនោវិញ្ញាណ ជាទីតាំង នៃសុខវេទនាផង នូវផស្សៈ ជាទីតាំង នៃសុខវេទនាផង។ ភិក្ខុដឹងនូវធម្មារម្មណ៍ ដោយចិត្ត យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា ធម្មារម្មណ៍នេះ មិនជាទីគាប់ចិត្តយ៉ាងនេះ ទុក្ខវេទនាក៏កើតឡើង ព្រោះអាស្រ័យ នូវមនោវិញ្ញាណ ជាទីតាំងនៃទុក្ខវេទនាផង នូវផស្សៈ ជាទីតាំង នៃទុក្ខវេទនាផង។ ភិក្ខុដឹងនូវធម្មារម្មណ៍ដោយចិត្ត យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា ធម្មារម្មណ៍នេះ គួរជាទីតាំង នៃឧបេក្ខាយ៉ាងនេះ អទុក្ខមសុខវេទនា ក៏កើតឡើង ព្រោះអាស្រ័យ នូវមនោវិញ្ញាណ ជាទីតាំង នៃអទុក្ខមសុខវេទនាផង នូវផស្សៈ ជាទីតាំង នៃអទុក្ខមសុខវេទនាផង។ ម្នាលគហបតី ការផ្សេង ៗ គ្នា នៃផស្សៈកើតឡើង ព្រោះអាស្រ័យធាតុផ្សេងៗ គ្នា និងការផ្សេង ៗ គ្នា នៃវេទនា កើតឡើង ព្រោះអាស្រ័យការផ្សេងៗ គ្នា នៃផស្សៈ យ៉ាងនេះឯង។

ចប់សូត្រ ទី៧។

(នកុលបិតុ)សូត្រ ទី៨

(៨. នកុលបិតុសុត្តំ)

[២០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង ភេសកឡាវ័ន ជាទីឲ្យអភ័យ ដល់ពួកម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ គ្រានោះ គហបតី ឈ្មោះ នកុលបិតា បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយវិញទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលលគហបតី មានរូប ដែលគប្បីដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ នូវរូបនោះ ក៏កើតឡើង សេចក្តីប្រកាន់មាំ នូវរូបនោះ ក៏មានឡើង។ ម្នាលគហបតី ភិក្ខុមានសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វាន។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះ ត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណ ដែលអាស្រ័យនូវធម្មារម្មណ៍នោះ ក៏កើតឡើង សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មានឡើង។ ម្នាលគហបតី ភិក្ខុមានសេចក្តីប្រកាន់មាំ រមែងមិនបរិនិព្វាន។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។

[២០២] ម្នាលគហបតី មានរូបដែលគប្បីដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ នូវរូបនោះ ក៏មិនកើតឡើង សេចក្តីប្រកាន់មាំនូវរូបនោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះ ក៏មិនកើតឡើង សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។

ចប់សូត្រ ទី៨។

(លោហិច្ច)សូត្រ ទី៩

(៩. លោហិច្ចសុត្តំ)

[២០៣] សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅក្នុងអរញ្ញកុដិ (កុដិតូច តាំងនៅក្នុងព្រៃ) ជិតនគរ មក្ករកដៈ ក្នុងអវន្តិជនបទ។ គ្រានោះ ពួកមាណព អ្នករកឧសច្រើននាក់ ជាសិស្សរបស់លោហិច្ចព្រាហ្មណ៍ បានចូលទៅរកអរញ្ញកុដិ របស់ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏ដើររង្គាត់ ព័ទ្ធជុំវិញអរញ្ញកុដិ ស្រែហ៊ោកញ្រ្ជៀវ នាំគ្នាលេងល្បែង សេលេយ្យកៈ1) ណាមួយ (តាមទំនើងចិត្ត)។ មាណពទាំងនោះ និយាយថា សមណៈត្រងោលទាំងនេះ ជាពួកគហបតីកណ្ហគោត្រ កើតអំពីខ្នងជើងនៃព្រហ្ម ដែលពួកកុដុម្ពីក៍ធ្វើសក្ការៈ គោរពរាប់អាន បូជា កោតក្រែង។ វេលានោះ ព្រះមហាកច្ចានៈមានអាយុ បានចេញអំពីវិហារ ហើយពោលទៅនឹងមាណពទាំងនោះ ដូច្នេះថា នែពួកមាណព អ្នកទាំងឡាយ កុំស្រែកហ៊ោឡើយ យើងនឹងសម្តែងធម៌ ដល់អ្នកទាំងឡាយ។ កាលបើព្រះថេរៈ ពោលយ៉ាងនេះហើយ មាណពទាំងនោះ ក៏នាំគ្នាស្ងៀម។ ទើបព្រះមហាកច្ចានៈមានអាយុ បានពោលទៅនឹងមាណពទាំងនោះ ដោយគាថាទាំងឡាយថា

[២០៤] ព្រាហ្មណ៍ទាំងឡាយណា រព្ញកធម៌ (របស់ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានសីលដ៏ឧត្តម មានគុណប្រាកដមកពីដើម ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានគ្រប់គ្រងរក្សា នូវទ្វារដោយប្រពៃ ទាំងគ្របសង្កត់ នូវសេចក្តីក្រោធបាន។ ព្រាហ្មណ៍ទាំងឡាយណា រឭកធម៌ (របស់ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងឡាយនោះ ឈ្មោះថា ប្រព្រឹត្តក្នុងធម៌ គឺកុសលកម្មបថ ១០ ប្រការ និងសមាបត្តិជ្ឈាន ៨ យ៉ាង ព្រាហ្មណ៍ទាំងនេះឯង បានចៀសចេញ (ចាកគុណ) ស្រវឹងដោយគោត្រ គិតថា យើងទាំងឡាយ រមែងលះបង់ (អកុសលកម្ម) ហើយនាំគ្នាប្រព្រឹត្តកម្មមិនស្មើ គឺធ្វើកម្មមិនស្មើគ្នា មានកាយកម្ម ជាដើម។ ព្រាហ្មណ៍ទាំងឡាយ ដែលសេចក្តីក្រោធ គ្របសង្កត់ មានអាជ្ញាលើខ្លួនជាច្រើន នាំគ្នាប្រព្រឹត្តខុស ក្នុងបុគ្គល ដែលមានតណ្ហា និងបុគ្គល ដែលឥតតណ្ហាទាំងឡាយ បុគ្គលដែលមិនបានគ្រប់គ្រងទ្វារ រមែងមានសេចក្តីសាបសូន្យទទេ ដូចទ្រព្យ ដែលបុរសបាន ក្នុងវេលាយល់សប្តិ។ ការអត់អាហារ ១ ការដេកលើផែនដី ១ការជម្រះរាយកាយអំពីព្រឹក ១ ត្រៃភេទ ១ ស្បែកខ្លាឃ្មុំ មានសម្ផ័ស្សរឹង ១ ផ្នួងសក់ ១ មន្ទិលរបស់ធ្មេញ ១ មន្ត ១ សីល និងវត្ត ១ តបៈ១ ការញុំាងមហាជនឲ្យភ័ន្តភាំង ១ ទំពក់ ១ ទឹក ១ គ្រឿងដុសខាត់មុខ ១ ទាំងនេះជាគ្រឿងបរិក្ខារ របស់ពួកព្រាហ្មណ៍ ដែលពួកព្រាហ្មណ៍បានធ្វើ ភាវនាបន្តិចបន្តួច ទាំងបានតំកល់ចិត្ត ខ្ជាប់ខ្ជួនល្អ ជាចិត្តថ្លា មិនកករល្អក់ ជាចិត្តមិនរឹងត្អឹង គឺទន់ភ្លន់ ក្នុងពួកសត្វទាំងពួង ផ្លូវនោះ តែងប្រព្រឹត្តទៅ ដើម្បីដល់នូវធម៌ដ៏ប្រសើរ។

[២០៥] គ្រានោះ មាណពទាំងនោះ ក៏ខឹងអាក់អន់ចិត្ត ហើយនាំគ្នាចូលទៅរកលោហិច្ចព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានពោលនឹងលោហិច្ចព្រាហ្មណ៍ ដូច្នេះថា នែលោកដ៏ចម្រើន លោកគប្បីដឹងថា សមណៈឈ្មោះ មហាកច្ចានៈ មិនពោលសរសើរ ត្រឡប់ជាពោលបដិសេធ ចំពោះមន្តទាំងឡាយ របស់ពួកព្រាហ្មណ៍ ដោយដាច់ខាត។ កាលពួកមាណព និយាយយ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត។ ទើបលោហិច្ចព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា បើតាមអញស្តាប់សំដី របស់ពួកមាណព គួរតែជេរប្រទេច គម្រាមព្រះសមណៈមហាកច្ចានៈ ដោយពិត តែអំពើនេះ មិនសមគួរ ដល់អញឡើយ បើដូច្នោះ គួរតែអញចូលទៅសួរលោកសិន។ លំដាប់នោះ លោហិច្ចព្រាហ្មណ៍ ព្រមដោយមាណពទាំងនោះ បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកច្ចានៈមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួរជាទីរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះលោហិច្ចព្រាហ្មណ៍ អង្គុយក្នុងទីសមដ៏គួរហើយ បានពោលនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចម្រើន ពួកមាណព អ្នករកឧស ជាសិស្សរបស់ខ្ញុំ ច្រើននាក់ បានមកក្នុងទីនេះ ដែរឬ។ ម្នាលព្រាហ្មណ៍ ពួកមាណពអ្នករកឧស ជាសិស្សរបស់អ្នកច្រើននាក់ បានមកក្នុងទីនេះមែន។ ចុះព្រះកច្ចានៈដ៏ចម្រើន បានពោលចរចា ជាមួយនឹងពួកមាណទាំងនោះ ខ្លះដែរឬ។ ម្នាលព្រាហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ ខ្លះដែរ។ ចុះព្រះកច្ចានៈដ៏ចម្រើន បានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ ដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ យ៉ាងនេះថា

ព្រាហ្មណ៍ទាំងឡាយណា រឭកធម៌ (របស់ពួកព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសីល ដ៏ឧត្តម មានគុណប្រាកដមកអំពីមុន។បេ។ ជាចិត្តមិនរឹងត្អឹង គឺទន់ភ្លន់ ក្នុងពួកសត្វទួទៅ ផ្លូវនោះ រមែងប្រព្រឹត្តទៅ ដើម្បីដល់នូវធម៌ដ៏ប្រសើរ។

ម្នាលព្រហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ យ៉ាងនេះឯង។ ព្រះកច្ចានៈដ៏ចម្រើនពោលថា បុគ្គលមិនបានគ្រប់គ្រងទ្វារ ដូច្នេះ បពិត្រព្រះកច្ចានៈដ៏ចម្រើន បុគ្គល ដែលមិនបានគ្រប់គ្រងទ្វារ តើដោយហេតុដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ បានឃើញរូប ដោយចក្ខុហើយ ជាប់ចិត្តក្នុងរូប ដែលជាទីស្រឡាញ់ ព្យាបាទក្នុងរូប ដែលមិនជាទីស្រឡាញ់ មិនបានប្រុងស្មារតី មានចិត្តប្រកបដោយកិលេស ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតហើយ រមែងមិនរលត់ទៅវិញ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ បុគ្គលឮសំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ រមែងជាប់ចិត្ត ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ ព្យាបាទក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ មិនប្រុងស្មារតី មានចិត្តប្រកបដោយកិលេស ទាំងមិនដឹងតាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើង រមែងមិនរលត់ទៅវិញ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ ម្នាលព្រាហ្មណ៍ បុគ្គល មិនបានគ្រប់គ្រងទ្វារ រមែងមានដោយប្រការយ៉ាងនោះ ៗ ឯង។

[២០៦] បពិត្រព្រះកច្ចានៈដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ចំឡែកណាស់ បុគ្គល ដែលមិនបានគ្រប់គ្រងទ្វារ ព្រះកច្ចានៈដ៏ចម្រើនពោលថា ជាបុគ្គល មិនបានគ្រប់គ្រងទ្វារមែន។ ចុះព្រះកច្ចានៈដ៏ចម្រើន ពោលថា បុគ្គល គ្រប់គ្រងទ្វារ ដូច្នេះ បពិត្រព្រះកច្ចានៈដ៏ចម្រើន តើបុគ្គល ដែលបានគ្រប់គ្រងទ្វារ ដោយហេតុដូចម្តេច។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជាប់ចិត្តក្នុងរូប ដែលជាទីស្រឡាញ់ មិនព្យាបាទក្នុងរូប ដែលមិនជាទីស្រឡាញ់ ប្រុងស្មារតី មានចិត្តមិនប្រកបដោយកិលេស ទាំងដឹងច្បាស់តាមពិត នូវចេតោវិមិត្តិ នឹងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅវិញដោយ មិនមានសេសសល់ ដោយប្រការយ៉ាងណា។ បុគ្គលឮសំឡេង ដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ មិនជាប់ចិត្ត ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ ប្រុងស្មារតី មានចិត្តមិនប្រកបដោយកិលេស ទាំងដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ ម្នាលព្រាហ្មណ៍ បុគ្គល បានគ្រប់គ្រងទ្វារ ដោយប្រការយ៉ាងនោះ ៗ ឯង។

[២០៧] បពិត្រព្រះកច្ចានៈដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ចម្លែកណាស់ បុគ្គល ដែលគ្រប់គ្រងទ្វារ ព្រះកច្ចានៈដ៏ចម្រើន ពោលថា ជាអ្នកគ្រប់គ្រងទ្វារមែន។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ដូចគេផ្ងាររបស់ ដែលគេផ្កាប់ ឬបើកបង្ហាញរបស់ ដែលបិទបាំងទុក ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា មនុស្សទាំងឡាយ ដែលមានភ្នែកភ្លឺ នឹងបានឃើញនូវរូបទាំងឡាយ មានឧបមា យ៉ាងណា។ ធម៌ដែលព្រះកច្ចានៈដ៏ចម្រើន បានប្រកាសដោយអនេកបរិយាយ ក៏មានឧបមេយ្យ ដូច្នោះដែរ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ខ្ញុំព្រះករុណានេះ សូមដល់ព្រះមានព្រះភាគនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរឭក សូមព្រះកច្ចានៈដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់នូវសរណគមន៍ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមតទៅ។ មួយទៀតព្រះកច្ចានៈដ៏ចម្រើន តែងចូលទៅរកត្រកូលនៃឧបាសក ក្នុងនគរមក្ករកដៈ យ៉ាងណា សូមលោកចូលទៅរកត្រកូល នៃលោហិច្ចព្រាហ្មណ៍ យ៉ាងនោះដែរ។ ពួកមាណព ឬមាណវិកាណា ក្នុងត្រកូលនោះ នឹងថ្វាយបង្គំ នឹងក្រោកទទួល នឹងក្រាលអាសនៈ ឬនឹងប្រគេនទឹក ចំពោះព្រះកច្ចានៈដ៏ចម្រើន អំពីនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកមាណព និងមាណវិកាទាំងនោះ អស់កាលជាយូរអង្វែង។

ចប់សូត្រ ទី៩។

(វេរហច្ចានិ)សូត្រ ទី១០

(១០. វេរហច្ចានិសុត្តំ)

[២០៨] សម័យមួយ ព្រះឧទាយិមានអាយុ គង់ក្នុងព្រៃស្វាយ របស់តោទេយ្យព្រហ្មណ៍ ជិតនគរកាមណ្ឌា។ គ្រានោះ មាណព ជាសិស្ស របស់ព្រាហ្មណី ឈ្មោះវេរហញ្ចានិគោត្តា បានចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧទាយិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះឧទាយិមានអាយុ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ មាណព ដែលព្រះឧទាយិមានអាយុ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ ហើយចូលទៅរកវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏បានពោលនឹង វេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា បពិត្រនាងជាម្ចាស់ នាងដ៏ចម្រើន គួរដឹងថា ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មរិយធម៌ បរិសុទ្ធ បរិបូណ៌ទាំងអស់ ព្រមទាំងអត្ត ព្រមទាំងព្យព្ជានៈ។ នែមាណព បើដូច្នោះ អ្នកចូរទៅនិមន្តសមណៈឧទាយិ ដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់យើង។ មាណពនោះ ទទួលស្តាប់ពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងជាម្ចាស់ ហើយចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ បានពោលនឹងព្រះឧទាយិ មានអាយុដូច្នេះថា សូមព្រះឧទាយិដ៏ចម្រើន ទទួលភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក របស់វេរហញ្ចានិគោត្តាព្រាហ្មណី ជាភរិយារបស់អាចារ្យ នៃខ្ញុំករុណា។ ព្រះឧទាយិមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។ លុះកន្លងរាត្រីនោះទៅ ព្រះឧទាយិមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅ របស់វេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ គ្រានោះ វេរហញ្ចនិគោត្តាព្រាហ្មណី (អង្គាស) ព្រះឧទាយិមានអាយុ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក។ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី (ដឹងថា) ព្រះឧទាយិមានអាយុ ឆាន់ស្រេច លែងលូកដៃ ក្នុងបាត្រហើយ ក៏ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល បានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា បពិត្រព្រះសមណៈ សូមលោកសម្តែងធម៌ទៅ។ ព្រះឧទាយិ ពោលថា ម្នាលនាង សម័យគួរនឹងមាន ( ទៅថ្ងៃក្រោយ ) ហើយក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ។

[២០៩] មាណពនោះ ចូលទៅរកព្រះឧទាយិ ជាគម្រប់ពីរដងទៀត លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧទាយិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួរជាទីរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះឧទាយិមានអាយុ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ មាណពនោះ លុះព្រះឧទាយិ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅរក វេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងវេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា បពិត្រនាងជាម្ចាស់ នាងដ៏ចម្រើន គួរដឹងថា ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មចរិយធម៌ បរិសុទ្ធ បរិបូណ៌ទាំងអស់ ព្រមទាំងអត្ថ ព្រមទាំងព្យព្ជានៈ។ នែមាណព អ្នកពោលសរសើរគុណព្រះសមណៈឧទាយិ យ៉ាងនេះ ពិតមែនហើយ ប៉ុន្តែព្រះសមណៈឧទាយិ កាលយើងនិយាយថា បពិត្រព្រះសមណៈ សូមលោកសម្តែងធម៌ទៅ ដូច្នេះ លោកឆ្លើយថា ម្នាលនាង សម័យគួរ នឹងមាន (ទៅថ្ងៃក្រោយ ) ហើយក្រោកអំពីអាសនៈចេញទៅ។ ពិតដូច្នោះមែន ដ្បិតនាងដ៏ចម្រើន ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល បានពោល ដូច្នេះថា បពិត្រព្រះសមណៈ ចូរលោកសម្តែងធម៌ទៅ ព្រោះថា លោកដ៏ចម្រើនទាំងនោះ ជាអ្នកគោរពធម៌ មានធម៌ជាទីគោរព។ ម្នាលមាណព បើដូច្នោះ អ្នកចូរទៅនិមន្ត ព្រះសមណៈឧទាយិ ដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់យើង។ មាណពនោះ ទទួលពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងដ៏ចម្រើន ហើយចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ហើយ បានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា សូមព្រះឧទាយិដ៏ចម្រើន ទទួលនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក របស់វេរហញ្ចានិគោត្តាព្រាហ្មណី ជាភរិយា នៃអាចារ្យរបស់ខ្ញុំព្រះករុណា។ ព្រះឧទាយិមានអាយុ ក៏បានទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះឧទាយិមានអាយុ លុះកន្លង រាត្រីនោះទៅ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ លំនៅ នៃវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី អង្គាសព្រះឧទាយិមានអាយុ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក។ លំដាប់នោះ វេរហញ្ចានិគោត្តាព្រាហ្មណី ( ដឹងថា ) ព្រះឧទាយិមានអាយុ ឆាន់ស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏ដោះស្បែកជើង អង្គុយលើអាសនៈទាប ផាត់ (សំពត់) អំពីក្បាលចេញ ហើយបានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន កាលបើអ្វីមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាបើអ្វីមិនមាន ទើបព្រះអរហន្តទាំងឡាយ មិនបញ្ញាត្តនូវសុខ និងទុក្ខ។

[២១០] ម្នាលនាង កាលបើចក្ខុមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាលបើចក្ខុមិនមាន ព្រះអរហន្តទាំងឡាយ មិនបញ្ញាត្តនូវសុខ និងទុក្ខទេ។បេ។ កាលបើអណ្តាតមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាលបើអណ្តាតមិនមាន ព្រះអរហន្តទាំងឡាយ មិនបញ្ញាត្តនូវសុខ និងទុក្ខទេ ។បេ។ កាលបើចិត្តមាន ទើបព្រះអរហន្តទាំងឡាយ បញ្ញាត្តនូវសុខ និងទុក្ខ កាលបើចិត្តមិនមាន ព្រះអរហន្តទាំងឡាយ មិនបញ្ញាត្ត នូវសុខ និងទុក្ខទេ។ កាលបើព្រះឧទាយិ ពោលយ៉ាងនេះហើយ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី ពោលនឹងព្រះឧទាយិ មានអាយុ ដូច្នេះថា ច្បាស់ណាស់ លោកម្ចាស់ ច្បាស់ណាស់ លោកម្ចាស់ បពិត្រលោកម្ចាស់ដ៏ចម្រើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលបិទបាំង ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា បុគ្គលទាំងឡាយមានភ្នែកភ្លឺ នឹងមើលឃើញ នូវរូបទាំងឡាយបាន មានឧបមា យ៉ាងណា។ លោកម្ចាស់ឧទាយិ បានប្រកាសធម៌ ដោយអនេកបរិយាយ ក៏មានឧបមេយ្យ ដូច្នោះដែរ។ បពិត្រព្រះឧទាយិ ដ៏ចម្រើន ខ្ញុំព្រះករុណា សូមដល់នូវព្រះមានព្រះភាគនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមលោកម្ចាស់ឧទាយិ ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសិកា អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។

ចប់សូត្រ ទី១០។

ចប់ គហបតិវគ្គ ទី៣។

ឧទ្ទាននៃគហបតិវគ្គនោះ គឺ

និយាយអំពីឧគ្គគហបតី នៅក្រុងវេសាលី ១ អំពីឧគ្គគហបតី អ្នកហត្ថិគ្រាម ក្នុងដែនវជ្ជី ១ អំពីព្រះមានព្រះភាគ គង់នៅក្នុងក្រុងនាឡន្ទា ១ អំពីព្រះបិណ្ឌោលភារទ្វាជត្ថេរ ១ អំពីសោណគហបតីបុត្ត ១ អំពីឃោសិតគហបតី ១ អំពីហាលិទ្ទកានិគហបតី ១ អំពីនកុលបិតាគហបតី ១ អំពីលោហិច្ចព្រាហ្មណ៍ ១ អំពីវេរហញ្ចានិគោត្តាព្រាហ្មណី ១។

 

លេខយោង

1)
គឺលេងល្បែងចាប់ខ្នងគ្នាទៅវិញទៅមក ហើយលោតកញ្ឆេងទៅខាងណេះម្តង ខាងណោះម្តង។ អដ្ឋកថា។
km/tipitaka/sut/sn/35/sut.sn.35.v13.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann