km:tipitaka:sut:sn:35:sut.sn.35.v14



ទេវទហវគ្គ ទី៤(១៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 35.v14 បាលី cs-km: sut.sn.35.v14 អដ្ឋកថា: sut.sn.35.v14_att PTS: ?

ទេវទហវគ្គ ទី៤(១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៤. ទេវទហវគ្គោ)

(ទេវទហ)សូត្រ ទី១

(១. ទេវទហសុត្តំ)

[២១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគមរបស់ពួកសក្យៈ ឈ្មោះទេវទហៈ ក្នុងសក្យជនបទ។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលថា ភិក្ខុគ្រប់ៗរូប ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត តថាគត មិនពោលថា ភិក្ខុគ្រប់រូប ៗរូប មិនត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ ដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្ត ខីណាស្រព មានព្រហ្មចរិយៈ នៅរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួន សម្រេចហើយ មានសញ្ញោជនៈក្នុងភព អស់រលីងហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុទាំងនោះឯង មិនត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។ ដំណើរនោះ ព្រោះហេតុអ្វី។ (ព្រោះ) ភិក្ខុទាំងនោះ បានធ្វើកិច្ចរួចហើយ ដោយសេចក្តីមិនប្រមាទ ភិក្ខុទាំងនោះ មិនគួរប្រមាទទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាសេក្ខបុគ្គល មិនទាន់បានសម្រេចអរហត្តផលនៅឡើយ ក៏ប្រាថ្នា នូវព្រះនិព្វាន ជាធម្មជាតក្សេម ចាកយោគៈ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភិក្ខុទាំងនោះ ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយភ្នែក ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន រូបទាំងនោះ ពាល់ត្រូវរឿយៗ តែមិនគ្របសង្គត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្គត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យាយាម មិនរួញរា តំកល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) តថាគត សំឡឹងឃើញផល នៃសេចក្តីមិនប្រមាទនេះឯង ទើបពោលថា ភិក្ខុទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។បេ។ ម្នាលភិក្ខុទាំងឡាយ រសទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយអណ្តាត ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន រសទាំងនោះ ពាល់ត្រូវរឿយ ៗ តែមិនគ្របសង្កត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្កត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យាយាម មិនរួញរា តំកល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) តថាគត សំឡឹងឃើញផល នៃសេចក្តីប្រមាទនេះឯង ទើបពោលថា ភិក្ខុទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចិត្ត ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន ធម្មារម្មណ៍ទាំងនោះ ពាល់ត្រូវរឿយ ៗ តែមិនគ្របសង្កត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្កត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យយាម មិនរួញរា តំកល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) តថាគត សំឡឹងឃើញផល នៃសេចក្តីមិនប្រមាទនេះឯង ទើបពោលថា ភិក្ខុទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។

ចប់សូត្រ ទី១។

(ខណ)សូត្រ ទី២

(២. ខណសុត្តំ)

[២១២] ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តព្រហ្មចរិយធម៌ ក៏ឈ្មោះថា អ្នកទាំងឡាយ បានហើយ។ ម្នាលភិក្ខុទាំងឡាយ នរក ឈ្មោះ ផស្សាយតនិកៈ ទាំង ៦ តថាគត បានឃើញហើយ បុគ្គលឃើញរូបណាមួយ ក្នុងនរកនោះ ដោយភ្នែក រមែងឃើញតែរូប ដែលមិនជាទីប្រាថ្នា មិនឃើញរូប ដែលជាទីប្រាថ្នា ឃើញតែរូប ដែលមិនជាទីត្រេកអរ មិនឃើញរូប ដែលជាទីត្រេកអរ ឃើញតែរូប ដែលមិនជាទីគាប់ចិត្ត មិនឃើញរូប ដែលជាទីគាប់ចិត្តឡើយ ឮសំឡេងណាមួយ ដោយត្រចៀក។ ធុំក្លិនណាមួយ ដោយច្រមុះ។ ជញ្ជាប់រសណាមួយ ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈណាមួយ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ណាមួយ ដោយចិត្ត រមែងដឹងធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្ត មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្តឡើយ។

[២១៣] ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានដោយល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយបានហើយ។ ម្នាលភិក្ខុទាំងឡាយ ឋានសួគ៌ឈ្មោះ ផស្សាយតនិកៈ ទាំង ៦ តថាគត បានឃើញហើយ បុគ្គលឃើញរូបណាមួយ ក្នុងឋានសួគ៌នោះ ដោយភ្នែក រមែងឃើញតែរូប ដែលជាទីប្រាថ្នា មិនឃើញនូវរូប ដែលមិនជាទីប្រាថ្នា ឃើញតែរូប ដែលជាទីត្រេកអរ មិនឃើញនូវរូប ដែលមិនជាទីត្រេកអរ ឃើញតែរូបដែលជាទីគាប់ចិត្ត មិនឃើញនូវរូប ដែលមិនជាទីគាប់ចិត្តឡើយ។បេ។ ជញ្ជាប់រសណាមួយ ដោយងណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ណាមួយដោយចិត្ត រមែងដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្ត មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្តឡើយ។ ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយ បានហើយ។

ចប់សូត្រ ទី២។

(បឋមរូបារាម)សូត្រ ទី៣

(៣. បឋមរូបារាមសុត្តំ)

[២១៤] ម្នាលភិក្ខុទាំងឡាយ ទេវតានិងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងរូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងសំឡេង ត្រេកអរនឹងសំឡេង ពេញចិត្តនឹងសំឡេង ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃសំឡេង។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងក្លិន រីករាយនឹងរស រីករាយនឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍ ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ទៅផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃរូបទាំងឡាយ ទើបជាអ្នកមិនរីករាយនឹងរូប មិនត្រេកអរនឹងរូប មិនពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ព្រះតថាគត បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិនមានសេចក្តីរីករាយ នឹងធម្មារម្មណ៍ មិនត្រេកអរនឹងធម្មារម្មណ៍ មិនពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រ នេះចប់ហើយ លុះព្រះសុគត ជាសាស្តាត្រាស់ព្រះសូត្រនេះហើយ ទើបទ្រង់សម្តែង នូវគាថាពន្ធដទៃទៀត ដូច្នេះថា

[២១៥] រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍ទាំងអស់ តថាគត ពោលថាជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ អារម្មណ៍ទាំងនុ៎ះឯង មនុស្សលោក ព្រមទាំងទេវលោក សន្មត ថាជាសុខ ប្រសិនបើអារម្មណ៍ទាំងនុ៎ះ រលត់ទៅក្នុងទីណា ទីនោះ ពួកមនុស្សលោក ព្រមទាំងទេវលោក សន្មតថាជាទុក្ខ។ ក៏ឯសេចក្តីរលត់ នូវសក្កាយទិដ្ឋិ ព្រះអរិយៈទាំងឡាយ បានឃើញច្បាស់ ថាជាសុខ សេចក្តីសុខនេះ តែងមានដល់បណ្ឌិតទាំងឡាយ ដែលឃើញច្បាស់ (ដោយប្រាជ្ញា) ប៉ុន្តែជាសត្រូវនឹងលោកទាំងមូល។ ជនទាំងឡាយដទៃ ពោលនូវអារម្មណ៍ណា ថាជាសុខ ព្រះអរិយៈទាំងឡាយ ពោលនូវអារម្មណ៍នោះ ថាជាទុក្ខវិញ ជនទាំងឡាយដទៃ ពោលនូវអារម្មណ៍ណា ថាជាទុក្ខ ព្រះអរិយៈទាំងឡាយ អ្នកដឹងច្បាស់ (ពោល) នូវអារម្មណ៍នោះ ថាជាសុខវិញ។ អ្នកចូលមើលនូវនិព្វានធម៌ ដែលបុគ្គលដឹងបានដោយកម្រ ឯពួកមនុស្សល្ងង់ខ្លៅ តែងវង្វេង ក្នុងនិព្វានធម៌នោះឯង សេចក្តីងងឹត គឺមានអាការដូចជាមនុស្សខ្វាក់ រមែងមានដល់ជនទាំងឡាយ ដែលត្រូវកិលេសរួបរឹតហើយ មិនឃើញនូវព្រះនិព្វាន។ មួយទៀត ព្រះនិព្វាន ជាទីបើកចំហ ទទួលពួកសប្បុរស ( ដែលឃើញច្បាស់ ដោយប្រាជ្ញាញាណ ) ប្រៀបដូចជាពន្លឺ ជនទាំងឡាយ ដែលមិនប៉ិនប្រសប់ នូវផ្លូវ និងមិនមែនផ្លូវ រមែងមិនដឹងច្បាស់ នូវព្រះនិព្វាន ដែលមាននៅក្នុងទីជិត។ ធម៌នេះហើយ ដែលជនទាំងឡាយ ត្រូវភវរាគៈគ្របសង្កត់ មានប្រក្រតីអន្ទោលទៅ តាមក្រសែនៃភព ចូលទៅកាន់លំនៅរបស់មាររឿយៗ មិនបានត្រាស់ដឹង ដោយប្រពៃឡើយ។ ព្រះអរិយៈទាំងឡាយ ដែលមិនមានអាសវៈ បានត្រាស់ដឹង ដោយប្រពៃ នូវព្រះនិព្វានណា ហើយបរិនិព្វាន នរណាហ្ន៎ លើកលែងតែព្រះអរិយៈទាំងឡាយចេញ គួរត្រាស់ដឹង នូវព្រះនិព្វាននោះបាន។

ចប់សូត្រ ទី៣។

(ទុតិយរូបារាម)សូត្រ ទី៤

(៤. ទុតិយរូបារាមសុត្តំ)

[២១៦] ម្នាលភិក្ខុទាំងឡាយ ទេវតានិងមនុស្សទាំងឡាយ ជាអ្នករីករាយនឹងរូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ រមែងមានទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ជាអ្នករីករាយ នឹងសំឡេង រីករាយនឹងក្លិន រីករាយនឹងរស រីករាយនឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍ ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ រមែងមានទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ឯតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយ ជាគ្រឿរលាស់ចេញផង នៃរូបទាំងឡាយ ទើបមិនរីករាយនឹងរូប មិនត្រេកអរនឹងរូប មិនពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានតែសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ តថាគត ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិនរីករាយនឹងធម្មារម្មណ៍ មិនត្រេកអរនឹងធម្មារម្មណ៍ មិនពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ តថាគត មានតែសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។

ចប់សូត្រ ទី៤។

(បឋមនតុម្ហាកំ)សូត្រ ទី៥

(៥. បឋមនតុម្ហាកំសុត្តំ)

[២១៧] ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនមែនជារបស់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភ្នែកមិនមែនជារបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ភ្នែកនោះចេញ ភ្នែកនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ អណ្តាតមិនមែនជារបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់អណ្តាតនោះចេញ អណ្តាតនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ ចិត្តមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ចិត្តនោះចេញ ចិត្តនោះ បើអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្មៅ ឧស មែក ស្លឹកណា ក្នុងវត្តជេតពននេះ ជននាំយកទៅក្តី ដុតក្តី ប្រើប្រាស់នូវស្មៅ ជាដើមនោះ តាមត្រូវការក្តី តើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ជននាំយកទៅក្តី ដុតក្តី ប្រើប្រាស់តាមត្រូវការក្តី នូវយើងទាំងឡាយដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា វត្ថុនុ៎ះ មិនមែនជាខ្លួន ឬជាទ្រព្យរបស់ខ្លួន នៃយើងខ្ញុំព្រះអង្គទេ។ ម្នាលភិក្ខុទាំង ឡាយ សេចក្តីនេះ មានឧមេយ្យ ដូចភ្នែកមិនមែន របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ភ្នែកនោះចេញ ភ្នែកនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ អណ្តាតមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់អណ្តាតនោះចេញ អណ្តាតនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ ចិត្តមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ចិត្តនោះចេញ ចិត្តនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។

ចប់សូត្រ ទី៥។

(ទុតិយនតុម្ហាកំ)សូត្រ ទី៦

(៦. ទុតិយនតុម្ហាកំសុត្តំ)

[២១៨] ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនមែនជារបស់អ្នកទាំងឡាយ។ ម្នាលលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបទាំងនោះចេញ រូបទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់ទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្មៅ ឧស មែក ស្លឹកណា ក្នុងវត្តជេតពននេះ។បេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចរូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបទាំងនោះចេញ រូបទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់ទាំងនោះចេញ របស់ទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។

ចប់សូត្រ ទី៦។

(អជ្ឈត្តានិច្ចហេតុ)សូត្រ ទី៧

(៧. អជ្ឈត្តានិច្ចហេតុសុត្តំ)

[២១៩] ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀងទេ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យ កើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចក្ខុ កើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ ចក្ខុនឹងមានសេចក្តីទៀងទាត់ មកពីណា។បេ។ អណ្តាត មិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាត កើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ អណ្តាតនឹងមានសេចក្តីទៀងទាត់ មកពីណា។បេ។ ចិត្តមិនទៀងទេ ម្នាលភិក្ខុទាំងឡាយ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ ចិត្តនឹងមានសេចក្តីទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង។បេ។ នឿយណាយនឹងអណ្តាតផង។បេ។ នឿយណាយនឹងចិត្តផង កាលបើនឿយណាយ ចិត្តក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៧។

(អជ្ឈត្តទុក្ខហេតុ)សូត្រ ទី៨

(៨. អជ្ឈត្តទុក្ខហេតុសុត្តំ)

[២២០] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចក្ខុ កើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ ចក្ខុនឹងមានសេចក្តីសុខមកពីណា។បេ។ អណ្តាតជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ អណ្តានឹងមានសេចក្តីសុខមកពីណា។បេ។ ចិត្តក៏ជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យដែលជាទុក្ខហើយ ចិត្តនឹងមានសេចក្តីសុខមកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៨។

(អជ្ឈត្តានត្តហេតុ)សូត្រ ទី៩

(៩. អជ្ឈត្តានត្តហេតុសុត្តំ)

[២២១] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចក្ខុកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ចក្ខុនឹងទៅជាអត្តាម្តេចកើត។បេ។ អណ្តាត ជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុនិងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ អណ្តាត នឹងទៅជាអត្តាម្តេចកើត។បេ។ ចិត្តជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ចិត្តនឹងទៅជាអត្តាម្តេចកើត។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី៩។

(ពាហិរានិច្ចហេតុ)សូត្រ ទី១០

(១០. ពាហិរានិច្ចហេតុសុត្តំ)

[២២២] ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប។បេ។ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ រូបនឹងមានសេចក្តីទៀងទាត់មកពីណា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍កើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ ធម្មារម្មណ៍នឹងមានសេចក្តីទៀងទាត់ មកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី១០។

(ពាហិរទុក្ខហេតុ)សូត្រ ទី១១

(១១. ពាហិរទុក្ខហេតុសុត្តំ)

[២២៣] ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ រូបនឹងមានសេចក្តីសុខមកពីណា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍ កើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ ធម្មារម្មណ៍នឹងមានសេចក្តីសុខមកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី១១

(ពាហិរានត្តហេតុ)សូត្រ ទី១២

(១២. ពាហិរានត្តហេតុសុត្តំ)

[២២៤] ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ រូបនឹងទៅជាអត្តាម្តេចកើត។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍ កើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ធម្មារម្មណ៍នឹងទៅជាអត្តាម្តេចកើត។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងរូប នឿយណាយនឹងសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ទាំងឡាយ កាលបើនឿយណាយ ចិត្តក៏ប្រាសចាកតម្រេក ព្រោះការប្រាសចាកតម្រេក ទើបផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច ដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់សូត្រ ទី ១២

ចប់ ទេវទហវគ្គ ទី៤។

ឧទ្ទាននៃទេវហវគ្គនោះគឺ

និយាយអំពីព្រះមានព្រះភាគ គង់ក្នុងទេវទហនិគម ១ អំពីខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ១ អំពីការទទួលត្រេកអរ នូវអារម្មណ៍ ១ អំពីការមិនទទួលត្រេកអរ នូវអារម្មណ៍ដោយចិត្ត មាន ២ លើក អំពីព្រះមានព្រះភាគ ទ្រង់សម្តែងហេតុ នៃការកើតឡើង នៃអារម្មណ៍ មានរូប ជាដើម ៣ លើក អំពីអាយតនៈខាងក្នុង និងខាងក្រៅ ២ លើក។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.v14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann