km:tipitaka:sut:sn:35:sut.sn.35.v18



សមុទ្ទវគ្គ ទី៣(១៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 35.v18 បាលី cs-km: sut.sn.35.v18 អដ្ឋកថា: sut.sn.35.v18_att PTS: ?

សមុទ្ទវគ្គ ទី៣(១៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៨. សមុទ្ទវគ្គោ)

(បឋមសមុទ្ទ)សូត្រ ទី១

(១. បឋមសមុទ្ទសុត្តំ)

[២៨៣] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិនចេះដឹង រមែងពោលថា សមុទ្ទ សមុទ្ទ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ មិនមែនជាសមុទ្ទ ក្នុងវិន័យរបស់ព្រះអរិយៈទេ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ សំដៅយកធារទឹកដ៏ធំ និងអន្លង់ទឹកដ៏ជ្រៅ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាសមុទ្ទរបស់បុរស កម្លាំងនៃចក្ខុនោះ សម្រេចដោយរូប បុគ្គលណា គ្របសង្កត់កម្លាំង ដែលសម្រេចដោយរូបនោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ បានឆ្លងនូវសមុទ្ទ គឺចក្ខុ ដែលប្រកបដោយរលក គឺកិលេស ប្រកបដោយទឹកវល់ គឺកិលេស ប្រកបដោយសត្វសាហាវ គឺកិលេស ប្រកបដោយអារក្សទឹក គឺកិលេស បានឆ្លងដល់ទៅត្រើយនាយ ឈរនៅលើគោក គឺព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហា ជាសមុទ្ទរបស់បុរស កម្លាំងនៃសមុទ្ទ គឺជិវ្ហានុ៎ះ សម្រេចដោយរស បុគ្គលណា គ្របសង្កត់នូវកម្លាំង (នៃសមុទ្ទ គឺជិវ្ហា) សម្រេចដោយរសនោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ បានឆ្លងនូវសមុទ្ទ គឺជិវ្ហា ដែលប្រកបដោយរលក ប្រកបដោយទឹកវល់ ប្រកបដោយសត្វហាវ ប្រកបដោយអារក្សទឹក ឆ្លងទៅដល់ត្រើយនាយ ហើយឈរនៅលើគោក។បេ។ ម្នាលភិក្ខុទាំងឡាយ មនោ ជាសមុទ្ទរបស់បុរស់ កម្លាំងនៃសមុទ្ទ គឺមនោនោះ សម្រេចដោយធម្មារម្មណ៍ បុគ្គលណា គ្របសង្កត់នូវកម្លាំង (នៃសមុទ្ទ គឺមនោ) សម្រេចដោយធម្មារម្មណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា ព្រាហ្មណ៍ បានឆ្លងនូវសមុទ្ទ គឺមនោ ដែលប្រកបដោយរលក ប្រកបដោយទឹកវល់ ប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ឆ្លងដល់ត្រើយ ហើយឈរនៅលើគោក។ ព្រះសាស្តា ទ្រង់ត្រាស់សូត្រនេះចប់ហើយ។បេ។

[២៨៤]

បុគ្គលណា បានឆ្លងសមុទ្ទ ដែលប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ប្រកបដោយរលក ប្រកបដោយភ័យ ដែលឆ្លងបានដោយកម្រនេះបាន បុគ្គលនេះ តថាគតហៅថា អ្នកប្រកបដោយការចេះត្រៃវេទ មានព្រហ្មចរិយៈ នៅរួចហើយ ដល់នូវទីបំផុតនៃលោក ដល់នូវត្រើយ គឺ ព្រះនិព្វាន។

(ទុតិយសមុទ្ទ)សូត្រ ទី២

(២. ទុតិយសមុទ្ទសុត្តំ)

[២៨៥] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិនចេះដឹង រមែងពោលថា សមុទ្ទ សមុទ្ទ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ មិនមែនជាសមុទ្ទ ក្នុងវិន័យរបស់ព្រះអរិយៈទេ។ ម្នាលភិក្ខុទាំងឡាយ សមុទ្ទនុ៎ះ សំដៅយកធារទឹកដ៏ធំ និងអន្លង់ទឹកដ៏ជ្រៅ។ ម្នាលភិក្ខុទាំងឡាយ រូប ដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សមុទ្ទ ក្នុងវិន័យនៃព្រះអរិយៈ សត្វលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណៈ និងព្រាហ្មណ៍ ពពួកសត្វ ព្រមទាំងទេវតា និងមនុស្សដ៏សេស ច្រើនលិចចុះ ក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនកន្លងផុតនូវអបាយ ទុគ្គតិ វិនិបាត សង្សារ បានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ រសដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សមុទ្ទ ក្នុងវិន័យរបស់ព្រះអរិយៈ ឯសត្វលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណៈ និងព្រាហ្មណ៍ ពពួកសត្វ ព្រមទាំងទេវតា និងមនុស្សដ៏សេស ច្រើនតែលិចចុះ ក្នុងសមុទ្ទនេះ ទទឹក វឹកវរ ស្មុគស្មាញ ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនកន្លងនូវអបាយ ទុគ្គតិ វិនិបាត សង្សារ បានឡើយ។

[២៨៦]

បុគ្គលណា មានរាគៈ ទោសៈ និងអវិជ្ជា ប្រាសចេញហើយ បុគ្គលនោះ បានឆ្លងនូវសមុទ្ទនេះ ដែលប្រកបដោយសត្វសាហាវ ប្រកបដោយអារក្សទឹក ប្រកបដោយរលក ប្រកបដោយភ័យ ដែលមិនងាយនឹងឆ្លងបាន បុគ្គលណា កន្លងបង់ នូវគ្រឿងជាប់ចំពាក់ លះបង់នូវមច្ចុ មិនមានឧបធិ បំផ្លាញនូវសេចក្តីទុក្ខ ដើម្បីប្រយោជន៍ ដល់ព្រះនិព្វាន តថាគតពោលថា បុគ្គលនោះ សម្រេចប្រយោជន៍ មិនមកកាន់ភពថ្មីទៀត ជាអ្នកញុំាងមច្ចុរាជ ឲ្យវង្វេង។

(ពាឡិសិកោបម)សូត្រ ទី៣

(៣. ពាឡិសិកោបមសុត្តំ)

[២៨៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះសន្ទូច ដែលជាប់ដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីមួយឃើញនុយ ក៏លេបនុយនោះទៅ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ត្រីដែលលេបសន្ទូចនោះ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ក្នុងកណ្តាប់ដៃ នៃព្រានសន្ទូច គួរព្រានសន្ទូចធ្វើតាមសេចក្តីប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ នេះ ប្រព្រឹត្តទៅ ដើម្បីធ្វើពួកសត្វ ឲ្យវិនាស ដើម្បីសម្លាប់ពួកសត្វក្នុងលោក ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សន្ទូច ទាំង ៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មានរូប ដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ប្រសិនបើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីការាយ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់មារ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស គួរមារមានចិត្តបាប ធ្វើតាមសេចក្តីប្រាថ្នាបាន។

[២៨៨] ម្នាលភិក្ខុទាំងឡាយ មានរូបដែលត្រូវដឹងដោយចក្ខុ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មិនលេបសន្ទូចទេ បានកាច់បំបាក់សន្ទូច ផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបាន។បេ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលត្រូវដឹង ដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ គួរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅ ថាអ្នកមិនលេបសន្ទូច បានកាច់បំបាក់សន្ទូច បានផ្តាច់សន្ទូចរបស់មារ មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស មារមានចិត្តបាប មិនគួរធ្វើតាមសេចក្តីប្រាថ្នាបានឡើយ។

[២៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ (តម្រេក) ទោសៈ (សេចក្តីប្រទូស្ត) មោហៈ ( សេចក្តីវង្វេង) ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹង ដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ គ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ ក៏នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តីមាន រាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ ជាធម្មារម្មណ៍មានប្រមាណតិច មកកាន់គន្លង មនោរបស់ បុគ្គលនោះ គ្របសង្កត់ចិត្តបុគ្គលនោះ។ ក៏នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ដ៏ក្រៃលែង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។

[២៩០] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រដូចទឹកដោះ គឺ ដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលនៅសាវខ្ចីតូច ៗ នៅឡើយ បុរសយកពូថៅដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ មុខជាចេញមក (ដែរឬ)។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនោះ យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះជ័រ ដូចទឹកដោះនោះមាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណតិច មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ នឹងបាច់ពោលទៅថ្វី ដល់រូបដ៏ក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ក្នុងរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោលទេ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ ជាធម្មារម្មណ៍មានប្រមាណតិច មកកាន់គន្លងនៃមនោ របស់បុគ្គលនោះ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ ដ៏ក្រៃលែង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះរាគៈ ទោសៈ មោហៈ នៅមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ មិនបានលះបង់ចោល។

(ខីររុក្ខោបម)សូត្រ ទី៤

(៤. ខីររុក្ខោបមសុត្តំ)

[២៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូប ដែលត្រូវដឹងដោយចក្ខុ ជារូបមានប្រមាណក្រៃលែង មកកាន់គន្លង ចក្ខុ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបានឡើយ។ នឹងបាច់ពោលទៅថ្វី ដល់រូបមានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ រាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរស ដែលត្រូវដឹងដោយជិវ្ហា។បេ។ មិនមានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ មានប្រមាណច្រើន មកកាន់គន្លង នៃមនោរបស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះ បានឡើយ។ នឹង បាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។

[២៩២] ម្នាលភិក្ខុទាំងឡាយ ដើមឈើមានជ័រ ដូចទឹកដោះ គឺដើមពោធិ៍បាយក្តី ដើមជ្រៃក្តី ដើមលៀបក្តី ដើមល្វាក្តី ដែលស្ងួត ជាឈើពុក កន្លងមួយឆ្នាំហើយ បុរសយកពូថៅ ដ៏មុត មកចោះដើមឈើនោះ ត្រង់ណា ៗ ក៏ដោយ ជ័រដូចទឹកដោះ ចេញមកបានឬទេ។ ជ័រដូចទឹកដោះ មិនចេញទេព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះរបស់ ដែលជាជ័រ ដូចទឹកដោះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចបុគ្គលណា មួយទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរូប ដែលត្រូវដឹងដោយចក្ខុ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើរូបដែលត្រូវដឹង ដោយចក្ខុមានប្រមាណ ច្រើន មកកាន់គន្លងចក្ខុ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះ បានឡើយ។ នឹងបាច់ពោលទៅថ្វី ដល់រូបមានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះបីជា ភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងរសដែលត្រូវដឹង ដោយជិវ្ហា។បេ។ បុគ្គលណាមួយ ទោះបីជាភិក្ខុក្តី ភិក្ខុនីក្តី មិនមានរាគៈ ទោសៈ មោហៈ ក្នុងធម្មារម្មណ៍ ដែលត្រូវដឹងដោយមនោ រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ ប្រសិនបើធម្មារម្មណ៍ ដែលត្រូវដឹង ដោយមនោ មានប្រមាណច្រើន មកកាន់គន្លងនៃមនោ របស់បុគ្គលនោះ ក៏មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះឡើយ។ នឹងបាច់ពោលទៅថ្វី ដល់ធម្មារម្មណ៍ មានប្រមាណតិច។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរាគៈ ទោសៈ មោហៈ មិនមាន រាគៈ ទោសៈ មោហៈ បុគ្គលនោះ លះបង់ហើយ។

(កោដ្ឋិក)សូត្រ ទី៥

(៥. កោដ្ឋិកសុត្តំ)

[២៩៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិកៈមានអាយុ គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ បានចូលទៅរកព្រះសារីបុត្ត មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាកោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចក្ខុ ជាសំយោជនៈរបស់រូប រូបជាសំយោជនៈ របស់ចក្ខុឬ។បេ។ ជិវ្ហា ជាសំយោជនៈ របស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ។បេ។ មនោជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ជាសំយោជនៈរបស់មនោ ឬ។ ម្នាលអាវុសោកោដ្ឋិកៈ ចក្ខុមិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យ របស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថាសំយោជនៈ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជន របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៤] ម្នាលអាវុសោ ដូចគោខ្មៅ និងគោស គេទឹមដោយខ្សែទាមមួយក្តី ខ្សែបរមួយក្តី បើមានអ្នកណា និយាយយ៉ាងនេះថា គោខ្មៅជាសំយោជនៈ របស់គោស គោស ជាសំយោជនៈ របស់គោខ្មៅ ដូច្នេះ តើអ្នកនោះ ឈ្មោះថា និយាយត្រូវដែរ ឬដូចម្តេច។ មិនត្រូវទេ អាវុសោ ម្នាលអាវុសោ គោខ្មៅ មិនមែនជាសំយោជនៈ របស់គោសទេ គោស ក៏មិនមែនជាសំយោជនៈ របស់គោខ្មៅដែរ គោទាំងពីរនេះ គេទឹមដោយខ្សែទាមមួយ ឬខ្សែបរមួយណា ខ្សែទាម និងខ្សែបរនោះ ជាសំយោជនៈ របស់គោទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តីនុ៎ះ មានឧបមេយ្យ ដូច ចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា កើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៥] ម្នាលអាវុសោ បើចក្ខុជាសំយោជនៈរបស់រូប ឬរូបជាសំយោជនៈរបស់ចក្ខុ ហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ ចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ទើបមានប្រាកដ។បេ។ បើជិវ្ហា ជាសំយោជនៈ របស់រស ឬរសជាសំយោជនៈ របស់ជិវ្ហាហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ ជិវ្ហាមិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។បេ។ ម្នាលអាវុសោ បើមនោ ជាសំយោជនៈ របស់ធម្មារម្មណ៍ ឬធម្មារម្មណ៍ ជាសំយោជនៈ របស់មនោហើយ ការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ មិនប្រាកដឡើយ ម្នាលអាវុសោ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ ហេតុណា ហេតុនោះ បានជាការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ មានប្រាកដមែន។ ម្នាលអាវុសោ ដំណើរនុ៎ះ អ្នកត្រូវយល់តាមបរិយាយនោះ។ ដូចជាចក្ខុ មិនមែនជាសំយោជនៈ របស់រូបទេ រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈរបស់ទេ។បេ។ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

[២៩៦] ម្នាលអាវុសោ ព្រះចក្ខុរបស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ទតមើលរូប ដោយព្រះចក្ខុដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះស្រោត របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ព្រះសណ្តាប់សំឡេង ដោយព្រះស្រោតដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះឃានៈ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ហិតក្លិនដោយព្រះឃានៈដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះជិវ្ហា របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់លិទ្ធរសដោយព្រះជិវ្ហាដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះកាយ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ ដោយព្រះកាយដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ព្រះមនោ របស់ព្រះមានព្រះភាគ ក៏មាន ព្រះមានព្រះភាគ ក៏ទ្រង់ជ្រាបច្បាស់ នូវធម្មារម្មណ៍ ដោយព្រះមនោដែរ តែឆន្ទរាគ របស់ព្រះមានព្រះភាគ មិនមានទេ ព្រោះព្រះមានព្រះភាគ ព្រះអង្គមានព្រះហប្ញទ័យ ផុតស្រឡះហើយ។ ម្នាលអាវុសោ ហេតុនុ៎ះ អ្នកត្រូវយល់តាមបរិយាយនេះចុះ។ ដូចយ៉ាង ចក្ខុ មិនមែនជាសំយោជនៈ របស់រូប រូប ក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ សោតៈមិនមែន។ ឃានៈមិនមែន។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រស រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ទើឈ្មោះថា សំយោជនៈ។ កាយមិនមែន។ មនោមិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

(កាមភូ)សូត្រ ទី៦

(៦. កាមភូសុត្តំ)

[២៩៧] សម័យមួយ ព្រះអានន្ទមានអាយុ និងព្រះកាមភូមានអាយុ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះកាមភូមានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះកាមភូមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ ចក្ខុ ជាសំយោជនៈ របស់រូប រូបជាសំយោជនៈ របស់ចក្ខុ ឬដូចម្តេច។បេ។ ជិវ្ហាជាសំយោជនៈ របស់រស រសជាសំយោជនៈ របស់ជិវ្ហាឬ។បេ។ មនោ ជាសំយោជនៈ របស់ធម្មារម្មណ៍ ធម្មារម្មណ៍ ជាសំយោជនៈ របស់មនោ ឬដូចម្តេច។ ព្រះអានន្ទតបថា ម្នាលអាវុសោ កាមភូ ចក្ខុមិនមែនជាសំយោជនៈ របស់រូបទេ រូបក៏មិនមែនជាសំយោជនៈ របស់ចក្ខុដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។បេ។ ជិវ្ហា មិនមែនជាសំយោជនៈ របស់រសទេ រសក៏មិនមែនជាសំយោជនៈ របស់ជិវ្ហាដែរ។បេ។ មនោ មិនមែនជាសំយោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ ក៏មិនមែនជាសំយោជនៈ របស់មនោដែរ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។ ម្នាលអាវុសោ ដូចគោខ្មៅ និងគោស ដែលគេទឹម ដោយខ្សែទាមមួយ ឬខ្សែបរមួយ បើមានអ្នកណា និយាយថា គោខ្មៅ ជាសំយោជានៈរបស់គោស គោស ជាសំយោជនៈ របស់គោខ្មៅ តើអ្នកនិយាយនោះ ឈ្មោះថា និយាយត្រូវដែរឬទេ។ ម្នាលអាវុសោមិនត្រូវទេ ម្នាលអាវុសោ គោខ្មៅ មិនមែនជាសំយោជនៈ របស់គោសទេ គោសក៏មិនមែនជាសំយោជនៈ របស់គោខ្មៅដែរ គោទាំងនោះ សុទ្ធតែគេទឹម ដោយខ្សែទាមមួយ ឬខ្សែបរមួយ ខ្សែទាម និងខ្សែបរនោះ ជាសំយោជនៈ របស់គោទាំងពីរនោះ។ ម្នាលអាវុសោ សេចក្តីនុ៎ះ មានឧបមេយ្យ ដូចចក្ខុមិនមែនជាសំយោជនៈរបស់រូបទេ រូបក៏មិនមែន ជា សំយោជនៈរបស់ចក្ខុដែរ។បេ។ ជិវ្ហាក៏មិនមែន។បេ។ មនោក៏មិនមែន។បេ។ ឆន្ទរាគណា ដែលកើតឡើង ព្រោះអាស្រ័យរបស់ទាំងពីរនោះ ឆន្ទរាគនោះ ឈ្មោះថា សំយោជនៈ។

(ឧទាយី)សូត្រ ទី៧

(៧. ឧទាយីសុត្តំ)

[២៩៨] សម័យមួយ ព្រះអានន្ទមានអាយុ និងព្រះឧទាយិមានអាយុ គង់នៅក្នុង ឃោសិតា ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះឧទាយិមានអាយុ ចេញចាកផល សមាបត្តិ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បានធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយ នឹងព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអាវុសោ អានន្ទ កាយនេះ ព្រះមានព្រះភាគ តែងសម្តែង បើក ប្រកាសថា កាយនេះជាអនត្តា ដោយអនេកបរិយាយ យ៉ាងណា។ ព្រះមានព្រះភាគ អាចដើម្បីប្រាប់សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយ នូវវិញ្ញាណនេះថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ យ៉ាងនោះ បានដែរឬ។ ម្នាលអាវុសោ ឧទាយិ កាយនេះ ព្រះមានព្រះភាគ ត្រាស់សម្តែង បើក ប្រកាសថា កាយនេះ ជាអនត្តា ដូច្នេះ ដោយអនេកបរិយាយយ៉ាងណា។ ព្រះមានព្រះភាគ អាចប្រាប់ សម្តែង តែងតាំង ផ្តួចផ្តើម បើក វែកញែក ធ្វើឲ្យងាយ នូវវិញ្ញាណនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ យ៉ាងនោះបាន។

[២៩៩] ម្នាលអាវុសោអានន្ទ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបឬ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះមែនហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យចក្ខុវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ ឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង ចក្ខុវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ ចក្ខុវិញ្ញាណនុ៎ះ មិនប្រាកដទេ ម្នាលអាវុសោ ឧទាយិ ហេតុនុ៎ះ ព្រះមានព្រះភាគបានត្រាស់ បានបើក បានប្រកាសហើយ ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តាដូច្នេះ។បេ។ ម្នាលអាវុសោអានន្ទ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យជិវ្ហា និងរសឬ។ ម្នាលអាវុសោឧទាយិ យ៉ាងនេះ មែនហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យជិវ្ហាវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ ឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង ជិវ្ហាវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះ មិនប្រាកដទេ ម្នាលអាវុសោឧទាយិ ជិវ្ហាវិញ្ញាណនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ បានបើក បានប្រកាសហើយ ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ។បេ។ ម្នាលអាវុសោអានន្ទ មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យមនោ និងធម្មារម្មណ៍ឬ។ ម្នាលអាវុឧទាយិ យ៉ាងនេះ មែនហើយ។ ម្នាលអាវុសោអានន្ទ ហេតុណា បច្ច័យណា ដែលនាំឲ្យមនោវិញ្ញាណកើតឡើង ហេតុនោះ បច្ច័យនោះ នឹងរលត់ទៅ ឥតមានសេសសល់ ដោយអាការទាំងពួង ដោយប្រការទាំងពួង មនោវិញ្ញាណ នឹងប្រាកដឬហ្ន៎។ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ មិនប្រាកដទេ ម្នាលអាវុសោឧទាយិ មនោវិញ្ញាណនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ បានបើក បានប្រកាស ដោយបរិយាយនេះថា វិញ្ញាណនេះ ជាអនត្តា ដូច្នេះ។

[៣០០] ម្នាលអាវុសោ ឧទាយិ ដូចជាបុរសអ្នកត្រូវការខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅរកខ្លឹមឈើ កាន់ដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេក ធំ ត្រង់ ខ្ចី មិនទាន់មានបណ្តូលស្ទង នៅក្នុងព្រៃនោះ ក៏កាត់យកដើមចេកនោះ ត្រង់គល់ លុះកាត់រួចហើយ ទើបកាត់ចុង លុះកាត់ចុងរួចហើយ ក៏បកស្រទប សូម្បីតែស្រាយ ក៏បុរសនោះ រកមិនបានក្នុងដើមចេកនោះផង នឹងបានខ្លឹមមកពីណា មានឧបមា យ៉ាងណាមិញ។ ម្នាលអាវុសោឧទាយិ មានឧបមេយ្យ ដូចភិក្ខុមិនពិចារណាឃើញខ្លួន មិនពិចារណាឃើញវត្ថុជារបស់ខ្លួន ក្នុងផស្សាយតនៈ ទាំង ៦ កាលបើភិក្ខុនោះ ពិចារណាឃើញយ៉ាងនេះ ក៏លែងប្រកាន់របស់អ្វីតិចតួចក្នុងលោក កាលបើលែងប្រកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរំលត់កិលេសដោយពិត ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។

(អាទិត្តបរិយាយ)សូត្រ ទី៨

(៨. អាទិត្តបរិយាយសុត្តំ)

[៣០១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម្មបរិយាយនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុន្រ្ទិយ ដែលបុគ្គល អាលដោយបន្ទះដែក ដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងរូប ដែលបុគ្គល គប្បីដឹងដោយចក្ខុ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួលទៅរក សេចក្តីត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ក្នុងអនុព្យព្ជានៈ ហើយតាំងនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនោះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងសំឡេង ដែលបុគ្គលគប្បីដឹង ដោយសោតៈ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះអនុព្យព្ជានៈ ហើយឋិតនៅ បើបុគ្គលធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ដោយក្រចកដែកដ៏មុត ដែលភ្លើងកំពុងឆេះរុចរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងដោយឃានៈ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះអនុព្យព្ជានៈ ហើយតាំងនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហិន្រ្ទិយ ដែលបុគ្គលកាត់ ដោយកាំបិតកោរដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងរស ដែលបុគ្គលគប្បីដឹងដោយជិវ្ហា មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេក ផ្តួលទៅរកសេចក្តីត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ក្នុងអនុព្បព្ជានៈ

ហើយឋិតនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បី ទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាយិន្រ្ទិយ ដែលបុគ្គលពន្លះ ដោយកាំបិតដ៏មុត ដែលភ្លើងកំពុងឆេះរុងរោចន៍សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងផោដ្ឋព្វៈដែលបុគ្គល គប្បីដឹងដោយកាយ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ដែលផ្តេកផ្តួលទៅរកសេចក្តីត្រេកអរ ចំពោះនិមិត្ត ឬផ្តេកផ្តួលទៅរកសេចក្តីត្រេកអរចំពោះអនុព្យព្ជានៈ ហើយឋិតនៅ ប្រសិនបើ បុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះទៅ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង បានជាពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដេកលក់ ប្រសើរជាង ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ពោលការដេកលក់ ថាជាទោសរបស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាមិនមែនជាផល របស់មនុស្ស ដែលរស់នៅ តថាគត ពោលការដេកលក់ ថាជាសេចក្តីវង្វេង របស់មនុស្សដែលរស់នៅ បុគ្គលលុះក្នុងអំណាច វិតក្កៈ មានសភាព យ៉ាងណាហើយ បំបែកសង្ឃ បុគ្គលត្រិះរិះ ក្នុងវិតក្កៈ មានសភាពយ៉ាងនោះ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតឃើញទោសនេះឯង ថាជាទោសរបស់បុគ្គល ដែលរស់នៅ បានជាពោលយ៉ាងនេះ។

[៣០២] ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងទាំងនោះ អរិយសាវ័ក អ្នកចេះដឹង ពិចារណាឃើញ ដូច្នេះថា ចក្ខុន្រ្ទិយ ដែលបុគ្គលអាល ដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ចក្ខុមិនទៀង រូបមិនទៀង ចក្ខុវិញ្ញាណមិនទៀង ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ សោតិន្រ្ទិយ ដែលបុគ្គលខ្វារ ដោយកង្វារដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា សោតៈមិនទៀង សទ្ទៈមិនទៀង សោតវិញ្ញាណមិនទៀង សោតសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះសោតសម្ផ័ស្ស ជាបច្ច័យ វេទនានោះ មិនទៀង។ ឃានិន្រ្ទិយ ដែលបុគ្គលខ្វេះ ដោយក្រចកដែកដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ឃានៈមិនទៀង គន្ធៈមិនទៀង ឃានវិញ្ញាណមិនទៀង ឃានសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះឃានៈសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ ជិវ្ហិន្រ្ទិយ ដែលបុគ្គល ពន្លះដោយកាំបិតកោរដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា ជិវ្ហាមិនទៀង រសមិនទៀង ជិវ្ហាវិញ្ញាណមិនទៀង ជិវ្ហាសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ កាយិន្រ្ទិយ ដែលបុគ្គលចាក់ ដោយលំពែងដ៏មុត ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ លើកទុកដោយឡែកសិនចុះ បើដូច្នោះ អញធ្វើទុកក្នុង ចិត្តនូវហេតុនេះ ដូច្នេះថា កាយមិនទៀង ផោដ្ឋព្វារម្មណ៍មិនទៀង កាយវិញ្ញាណមិនទៀង កាយសម្ផ័ស្សមិនទៀង វេទនាណា ដែលកើតឡើង ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ ការដេកលក់ លើកទុកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា មនោមិនទៀង ធម្មារម្មណ៍មិនទៀង មនោវិញ្ញាណមិនទៀង មនោសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តីជា ទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ។

(បឋមហត្ថបាទោបម)សូត្រ ទី៩

(៩. បឋមហត្ថបាទោបមសុត្តំ)

[៣០៣] ម្នាលភិក្ខុទាំងឡាយ កាលបើដៃមាន ការកាន់ និងការដាក់ចុះ រមែងប្រាកដ កាលបើជើងមាន ការឈានទៅមុខ និងឈានថយក្រោយ ក៏រមែងប្រាកដ កាលបើសន្លាក់ទាំងឡាយមាន ការបត់ចូល និងលាចេញ ក៏រមែងប្រាកដ កាលបើពោះមាន សេចក្តីស្រេកឃ្លាន ក៏រមែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមាន សេចក្តីសុខ និងទុក្ខ ជាខាងក្នុង ក៏កើតឡើង ព្រោះចក្ខុសម្ផ័ស្សជា បច្ច័យ។បេ។ កាលបើជិវ្ហាមាន សេចក្តីសុខ និងទុក្ខជាខាងក្នុង ក៏កើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើមនោមាន សេចក្តីសុខ និងទុក្ខជាខាងក្នុង ក៏កើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។បេ។

[៣០៤] ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានដៃ ការកាន់យក និងការដាក់ចុះ ក៏មិនប្រាកដ កាលបើមិនមានជើង ការឈានទៅមុខ និងឈានថយក្រោយ ក៏មិនប្រាកដ កាលបើមិនមានសន្លាក់ ការបត់ចូល និងលាចេញ ក៏មិនប្រាកដ កាលបើមិនមានពោះ សេចក្តីស្រេកឃ្លាន ក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុ មិនមាន សេចក្តីសុខ ទុក្ខជាខាងក្នុង ក៏មិនកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើជិវ្ហាមិនមាន សេចក្តី សុខទុក្ខជាខាងក្នុង ក៏មិនកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើមនោមិនមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏មិនកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។

(ទុតិយហត្ថបាទោបម)សូត្រ ទី១០

(១០. ទុតិយហត្ថបាទោបមសុត្តំ)

[៣០៥] ម្នាលភិក្ខុទាំងឡាយ កាលបើមានដៃ ការកាន់ និងការដាក់ចុះ ក៏មាន កាលបើមានជើង ការឈានទៅមុខ និងឈានថយក្រោយ ក៏មាន កាលបើមានសន្លាក់ ការបត់ចូល និងលាចេញ ក៏មាន កាលបើមានពោះ សេចក្តីស្រេកឃ្លាន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏កើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ។បេ។ កាលបើជិវ្ហាមាន។ បេ។ កាលបើមនោមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏កើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។

[៣០៦] ម្នាលភិក្ខុទាំងឡាយ កាលបើមិនមានដៃ ការកាន់ និងការដាក់ចុះ ក៏មិនមាន កាលបើមិនមានជើង ការឈានទៅមុខ និងឈានថយក្រោយ ក៏មិនមាន កាលបើមិនមានសន្លាក់ ការបត់ចូល និងលាចេញ ក៏មិនមាន កាលបើមិនមានពោះ សេចក្តីស្រេកឃ្លាន ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ ពិតយ៉ាងនេះឯង កាលបើចក្ខុមិនមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏មិនកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ កាលបើមនោ មិនមាន សេចក្តីសុខទុក្ខ ជាខាងក្នុង ក៏មិនកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ។

ចប់ សមុទ្ទវគ្គ ទី៣។

ឧទ្ទាននៃសមុទ្ទវគ្គនោះគឺ

ព្រះអង្គសម្តែងប្រៀបពីសមុទ្ទ ២ រឿង រឿងព្រានសន្ទូច ១ ប្រៀបដោយដើមឈើ មានជ័រ ដូចទឹកដោះ ១ រឿងព្រះមហាកោដ្ឋិកៈ ១ រឿងព្រះកាមភូ ១ រឿងព្រះឧទាយិ ១ អាទិត្តបរិយាយ ជាគម្រប់ប្រាំបី ១ ទ្រង់សម្តែងពីដៃជើង និងសន្លាក់ ២ រឿង ហេតុដូច្នោះ ទើបហៅថាវគ្គ។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.v18.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann