km:tipitaka:sut:sn:35:sut.sn.35.v19



អាសីវិសវគ្គ ទី៤(១៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 35.v19 បាលី cs-km: sut.sn.35.v19 អដ្ឋកថា: sut.sn.35.v19_att PTS: ?

អាសីវិសវគ្គ ទី៤(១៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៩. អាសីវិសវគ្គោ)

(អាសីវិសោបម)សូត្រ ទី១

(១. អាសីវិសោបមសុត្តំ)

[៣០៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ ដូចជាអាសីរពិស ៤ ពួក មានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក។ កាលណោះ មានបុរសចង់រស់ មិនចង់ស្លាប់ ប្រាថ្នាសុខ ខ្ពើមទុក្ខ ដើរមក ពួកជនដទៃ គប្បីនិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អាសីរពិស ទាំង ៤ ពួកនេះ មានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក អ្នកត្រូឲ្យក្រោកឡើង តាមកាលដ៏គួរ ត្រូវឲ្យងូតទឹក តាមកាលដ៏គួរ ត្រូវឲ្យបរិភោគ តាមកាលដ៏គួរ ត្រូវឲ្យចូលទៅដេក តាមកាលដ៏គួរ។ ម្នាលបុរសដ៏ចម្រើន បណ្តាអាសីរពិសទាំង ៤ ពួក មានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក ទាំងនេះ អាសីរពិសណា ក៏ដោយៗ នឹងខឹងដល់អ្នក ក្នុងកាលណា ម្នាលបុរសដ៏ចម្រើន ក្នុងកាលណោះ អ្នកនឹងដល់នូវសេចក្តីស្លាប់ ឬដល់ទុក្ខស្ទើរនឹងស្លាប់ ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣០៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក ហើយក៏រត់ទៅតាមទីផ្តេសផ្តាស ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន នេះជាពេជ្ឈឃាត ទាំង ៥ ជាសត្រូវ ដេញតាមពីខាងក្រោយខ្នងៗ អ្នក ដោយគិតគ្នាថា យើងទាំងឡាយ ឃើញបុរសនុ៎ះ ក្នុងទីណា នឹងផ្តាច់ជីវិត ក្នុងទីនោះឯង ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣០៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ ហើយក៏រត់ទៅតាមទីផ្តេសផ្តាស ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន នេះជាពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជាគម្រប់ ៦ មានដាវងាឡើង ដេញតាមពីខាងក្រោយខ្នងៗ អ្នក ដោយគិតថា អញឃើញបុរសនោះ ក្នុងទីណា នឹងកាត់ក្បាល ក្នុងទីនោះឯង ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣១០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត អ្នកចាំស្កាត់ ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើង ហើយក៏រត់ទៅតាមទីផ្តេសផ្តាស បុរសនោះ ឃើញស្រុកដ៏ស្ងាត់ ក៏ចូលទៅរកផ្ទះណាមួយ ផ្ទះនោះ ក៏ទទេស្អាត ស្ងាត់សូន្យសុង លូករាវរកភាជន៍ណាមួយ ភាជន៍នោះ ក៏ទទេស្អាត រលីង សោះសូន្យដែរ។ ពួកជនដទៃ គប្បីនិយាយ នឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ឥឡូវនេះ ពួកចោរធ្លាប់សម្លាប់អ្នកស្រុក តែងចូលមករកស្រុកស្ងាត់នេះ ម្នាលបុរសដ៏ចម្រើន កិច្ចណា ដែលអ្នកគួរធ្វើ ចូរអ្នកធ្វើកិច្ចនោះចុះ។

[៣១១] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះ មានសេចក្តីភិតភ័យ នឹងអាសីរពិស ទាំង ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹក មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត ទាំង ៥ ជាសត្រូវ មានសេចក្តីភិតភ័យ នឹងពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើង មានសេចក្តីភិតភ័យ នឹងពួកចោរ ជាអ្នកសម្លាប់អ្នកស្រុក ហើយក៏រត់ទៅតាមទីផ្តេសផ្តាស បុរសនោះ ឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ ចំពោះមុខ មានត្រើយខាងនាយ ដ៏ក្សេម ឥតមានភ័យ ចំពោះមុខ ទូក ក្បូន ស្ពានឆ្លង ដើម្បីឆ្លងអំពីត្រើយអាយ ទៅត្រើយខាងនាយ ក៏មិនមានសោះ។

[៣១២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា នេះឯងហើយ ជាអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ ចំពោះមុខ មានត្រើយខាងនាយ ដ៏ក្សេម ឥតមានភ័យ ចំពោះមុខ ទូក ក្បូន ស្ពានឆ្លង ដើម្បីឆ្លងអំពីត្រើយខាងអាយ ទៅត្រើយខាងនាយ ក៏មិនមាន បើដូច្នោះ មានតែអាត្មាអញ ប្រមូលស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ចងជាក្បូន អាស្រ័យក្បូននោះហើយ អុំដោយដៃ និងជើងទាំងឡាយ ទើបដល់ទៅត្រើយ ដោយសួស្តីបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសនោះ ប្រមូលស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ មកចងជាក្បូន អាស្រ័យក្បូននោះហើយ អុំដោយដៃ និងជើងទាំងឡាយ ទើបដល់ទៅត្រើយ ដោយសួស្តី បានឈ្មោះថា ជាព្រាហ្មណ៍ ឆ្លងដល់ត្រើយ ហើយឋិតនៅលើគោក។

[៣១៣] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើសេចក្តីឧបមានេះ ដើម្បីបញ្ជាក់នូវសេចក្តីអធិប្បាយ ឯសេចក្តីអធិប្បាយ ក្នុងសេចក្តីឧបមានុ៎ះ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាសីរពិស ៤ ពួក ដែលមានតេជះដ៏ខ្លាំង មានពិសដ៏ពន្លឹកនុ៎ះ ជាឈ្មោះ នៃមហាភូតរូប ទាំង ៤ គឺ បឋវីធាតុ ១ អាបោធាតុ ១ តេជោធាតុ ១ វាយោធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពេជ្ឈឃាត ទាំង ៥ ជាសត្រូវនុ៎ះ ជាឈ្មោះ នៃឧបាទានក្ខន្ធ ទាំង៥។ គឺអ្វីខ្លះ។ គឺ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពេជ្ឈឃាត អ្នកចាំស្កាត់ខាងក្នុង ជាគម្រប់ ៦ ដែលមានដាវងាឡើងនុ៎ះ ជាឈ្មោះ នៃនន្ទិរាគ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ស្រុកស្ងាត់នុ៎ះ ជាឈ្មោះ នៃអាយតនៈ ខាងក្នុង ៦។

[៣១៤] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់នូវនាមរូបនោះ ថាជាចក្ខុ ចក្ខុនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់ នូវនាមរូបនោះ ថាជាសោតៈ សោតៈនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់នូវនាមរូបនោះ ថាជាឃានៈ ឃានៈនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលកំណត់ នូវនាមរូបនោះ ថាជាជិវ្ហា។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលកំណត់ នូវនាមរូបនោះ ថាជាកាយ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលជាបណ្ឌិត វាងវៃ មានប្រាជ្ញា កំណត់ នូវនាមរូបនោះថាជាមនោ មនោនោះ ប្រាកដជារបស់ទទេ ប្រាកដជារបស់រលីងធេង ប្រាកដជារបស់សូន្យសោះ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ពួកចោរ អ្នកសម្លាប់អ្នកស្រុកនុ៎ះ ជាឈ្មោះ នៃអាយតនៈ ខាងក្រៅ ៦។ ម្នាលលភិក្ខុទាំងឡាយ ចក្ខុរមែងបៀតបៀន ចំពោះរូបទាំងឡាយ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ សោតៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ឃានៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហារមែងបៀតបៀន ចំពោះរសទាំងឡាយ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាយ។បេ។ ម្នាលភិក្ខុទាំងឡាយ មនោ រមែងបៀតបៀន ចំពោះធម្មារម្មណ៍ ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អន្លង់ទឹកធំនុ៎ះ ជាឈ្មោះ នៃឱឃៈ ទាំង ៤ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ត្រើយអាយ ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ ចំពោះមុខនុ៎ះ ជាឈ្មោះ នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ត្រើយនាយ ដ៏ក្សេម ឥតមានភ័យ ចំពោះមុខនុ៎ះ ជាឈ្មោះ នៃព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ក្បូននុ៎ះ ជាឈ្មោះ នៃមគ្គ មានអង្គ ៨ ដ៏ប្រសើរ។ គឺអ្វីខ្លះ។ គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អុំដោយដៃ និងជើងទាំងឡាយនុ៎ះ ជាឈ្មោះ នៃការប្រារព្ធសេចក្តីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាហ្មណ៍ ឆ្លងដល់ត្រើយ ឋិតនៅលើគោក នុ៎ះ ជាឈ្មោះ នៃព្រះអរហន្ត។

ចប់សូត្រ ទី១។

(រថោបម)សូត្រ ទី២

(២. រថោបមសុត្តំ)

[៣១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ជាអ្នកច្រើនដោយសុខ និងសោមនស្ស សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ មួយទៀត ភិក្ខុនោះ ប្រារព្ធហេតុ ដើម្បីសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ។ ធម៌ ៣ តើអ្វីខ្លះ។ គឺភិក្ខុអ្នកមានទ្វារ រក្សាក្នុងឥន្រ្ទិយទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១ ប្រកបរឿយៗ ក្នុងការភ្ញាក់រព្ញក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ មានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ មិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយនោះ។ ឮសម្លេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម៌ដោយចិត្ត មិនប្រកាន់និមិត្ត មិនប្រកាន់អនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយនោះ។ ម្នាលភិក្ខុទាំងឡាយ ដូចជា រថទឹមដោយសេះអាជានេយ្យ ដែលបុគ្គលទឹមហើយ មានសេះបញ្ឈរនៅ មានជន្លួញផ្គងឡើងហើយ ក្នុងផ្លូវធំបែកជា ៤ មានផែនដីដ៏ស្មើ អាចារ្យបង្ហាត់ ដ៏ប៉ិនប្រសប់ ជាសារថីអ្នកបង្ហាត់សេះ ឡើងជិះរថនោះ ដៃឆ្វេងកាន់ខ្សែបរ ដៃស្តាំកាន់ជន្លួញ បរទៅ បរមក កាន់ទីដែលខ្លួនប្រាថ្នាហើយ ៗ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុសិក្សាដើម្បីរក្សា សិក្សាដើម្បីសង្រួម សិក្សាដើម្បីទូន្មាន សិក្សាដើម្បីស្ងប់រម្ងាប់ឥន្រ្ទិយ ទាំង ៦ នេះ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ យ៉ាងនេះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយប្រាជ្ញាហើយ ឆាន់អាហារដើម្បីលេង ក៏ទេ ដើម្បីសេចក្តីស្រវឹង ក៏ទេ ដើម្បីប្រដាប់តាក់តែង ក៏ទេ ដើម្បីស្អិតស្អាង ក៏ទេ កំណត់ទុកដើម្បីតាំងនៅ នៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយៈថា អាត្មាអញ កំចាត់បង់ នូវវេទនាចាស់ផង នឹងមិនញុំាងវេទនាថ្មី ឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថ ទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ ម្នាលភិក្ខុទាំងឡាយ ដូចជា បុរសលាបសម្បុរកាយ ប្រយោជន៍តែនឹងធ្វើសេវនកិច្ចប៉ុណ្ណោះ ឬក៏ដូចបុរសលាបភ្លៅរទេះ ប្រយោជន៍តែនឹងដឹកនាំភារៈប៉ុណ្ណោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ដោយឧបាយប្រាជ្ញាហើយ ទើបឆាន់អាហារ ដើម្បីលេង ក៏ទេ ដើម្បីសេចក្តីស្រវឹង ក៏ទេ ដើម្បីប្រដាប់តាក់តែង ក៏ទេ ដើម្បីស្អិតស្អាង ក៏ទេ គ្រាន់តែកំណត់ ដើម្បីតាំងនៅ នៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់ នូវសេចក្តីបៀតបៀន ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយៈថា អាត្មាអញ កំចាត់បង់ នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មី មិនឲ្យកើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថ ទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។

[៣១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រព្ញក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជម្រះចិត្ត ចាកធម៌ជាគ្រឿងរាំងរាទាំងឡាយ ដោយការចង្រ្កម និងការអង្គុយ ក្នុងវេលាថ្ងៃ ជម្រះចិត្ត ចាកធម៌ជាគ្រឿងរាំងរាទាំងឡាយ ដោយការចង្រ្កម និងការអង្គុយ អស់បឋមយាម នៃរាត្រី សម្រេចសីហសេយ្យាស ដោយចំហៀងខាងស្តាំ តម្រួតជើងដោយជើង ជាអ្នកមានស្មារតី មានសេចក្តីដឹងខ្លួន ធ្វើនូវឧដ្ឋានសញ្ញា (កំណត់ពេលក្រោក) ទុកក្នុងចិត្ត អស់មជ្ឈិមយាម នៃរាត្រី ក្រោកឡើង ក្នុងមច្ឆិមយាម នៃរាត្រី ជម្រះចិត្ត ចាកធម៌ជា គ្រឿងរាំងរាទាំងឡាយ ដោយការចង្រ្កម និងការអង្គុយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបរឿយ ៗ ក្នុងការភ្ញាក់រព្ញក យ៉ានេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ នេះឯង ជាអ្នកច្រើនដោយសុខ និងសោមនស្ស សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ មួយទៀត ភិក្ខុនោះ ប្រារព្ធហេតុ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ។

ចប់សូត្រ ទី២។

(កុម្មោបម)សូត្រ ទី៣

(៣. កុម្មោបមសុត្តំ)

[៣១៨] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា មានអណ្តើកសង្កល់មួយ ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យ។ ម្នាលភិក្ខុទាំងឡាយ ឯសត្វចចក ក៏ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យដែរ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកសង្កល់ បានឃើញចចក ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ពន្លឹបនូវអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ ចូលក្នុងស្នូករបស់ខ្លួន មានសេចក្តីខ្វល់ខ្វាយតិច ស្ងៀមសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ ឯចចកបានឃើញអណ្តើកសង្កល់ ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកអណ្តើកសង្កល់ លុះចូលទៅដល់ហើយ ក៏ឈរនៅក្នុងទីចំពោះមុខអណ្តើកសង្កល់។ ចចកនោះ គិតថា កាលណាអណ្តើកសង្កល់នេះ លៀនអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ អវយវៈណា ៗ ចេញមកក៏ដោយ អញនឹងខាំទាញអវយវៈនោះ មកស៊ីក្នុងទីនេះឯង ក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ កាលណាអណ្តើកសង្កល់ លៀនអវយវៈទាំងឡាយ មានក្បាលជាគម្រប់ ៥ អវយវៈណាៗ ចេញមក។ គ្រានោះ ចចកមិនបាននូវឱកាស ក៏លាកចិត្ត គេចចេញអំពីអណ្តើកសង្កល់ទៅ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប ដែលអ្នកទាំងឡាយ បណ្តោយឲ្យងើបឡើងបានរឿយៗហើយ រមែងគិតថា ធ្វើម្តេច អញនឹងបានចន្លោះ អំពីភ្នែករបស់ភិក្ខុទាំងឡាយនេះក្តី ។បេ។ គប្បីបានចន្លោះ អំពីអណ្តាតក្តី។បេ។ គប្បីបានចន្លោះ អំពីចិត្តក្តី ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវមានទ្វាររក្សា ក្នុងឥន្រ្ទិយទាំងឡាយ ឃើញរូបដោយចក្ខុ កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយនោះ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ ឮសម្លេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម៌ដោយចិត្ត កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោសមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយនោះ។ ម្នាលភិក្ខុទាំងឡាយ កាលណាអ្នកទាំងឡាយ មានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ សម្រេចសម្រាន្តនៅ។ កាលនោះ មារមានចិត្តបាប កាលបើមិនបានឱកាសនឹងលាកចិត្ត គេចចេញអំពីអ្នកទាំងឡាយទៅ។ ដូចជាចចក លាកចិត្ត គេចចេញ អំពីអណ្តើក ដូច្នោះដែរ។

[៣១៩]

ភិក្ខុមិនអាស្រ័យនូវមនោវិតក្កៈ មិនបៀតបៀនបុគ្គលដទៃ បរិនិព្វានហើយ មិនតិះដៀលបុគ្គលណាមួយឡើយ ដូចជាអណ្តើកសង្កល់ លឹបនូវអវយវៈទាំងឡាយ ចូលក្នុងស្នូករបស់ខ្លួន។

ចប់សូត្រ ទី៣។

(បឋមទារុក្ខន្ធោបម)សូត្រ ទី៤

(៤. បឋមទារុក្ខន្ធោបមសុត្តំ)

[៣២០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងអជេ្ឈយៈ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែតតាមខ្សែទឹក ក្នុងឆ្នេរទន្លេគង្គា លុះទតហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញកំណាត់ឈើឯណោះ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គាដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បើកំណាត់ឈើ មិនអណ្តែតមកកាន់ត្រើយអាយ មិនទៅកាន់ត្រើយនាយ មិនលិចចុះក្នុងកណ្តាល មិនរសាត់ឡើងទៅលើគោក មិនមានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និងមិនស្អុយខាងក្នុងទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ កំណាត់ឈើនោះ នឹងរសាត់ទៅរកសមុទ្រ រេទៅរកសមុទ្រ ងាកទៅរកសមុទ្រ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាខ្សែទឹកទន្លេគង្គា ហូរទៅរកសមុទ្រ រេទៅរកសមុទ្រ ងាកទៅរកសមុទ្រ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនឡើងកាន់ត្រើយខាងអាយ មិនឆ្លងទៅកាន់ត្រើយខាងនាយ មិនលិចចុះត្រង់កណ្តាល មិនរសាត់ឡើងលើគោក មិនមានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និងមិនស្អុយខាងក្នុងទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ អ្នកទាំងឡាយ នឹងឱនទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សម្មាទិដ្ឋិ តែងឱនទៅរកព្រះនិព្វាន រេទៅរកព្រះនិព្វាន ងាកទៅរកព្រះនិព្វាន យ៉ាងនោះឯង។

[៣២១] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាត្រើយអាយ អ្វីជាត្រើយនាយ អ្វីដែលលិចចុះក្នុងកណ្តាល អ្វីដែលរសាត់ទៅលើគោក អ្វីជាមនុស្សចាប់យក អ្វីជាអមនុស្សចាប់យក អ្វីជាទឹកវល់កួចយក អ្វីជាសភាពស្អុយក្នុង។ ម្នាលភិក្ខុ ពាក្យថា ត្រើយអាយ នេះជាឈ្មោះ នៃអាយតនៈ ខាងក្នុង ៦ ម្នាលភិក្ខុ ពាក្យថា ត្រើយនាយនេះ ជាឈ្មោះ នៃអាយតនៈ ខាងក្រៅ ៦។ ម្នាលភិក្ខុ ពាក្យថា លិចចុះក្នុងកណ្តាល នេះជាឈ្មោះ នៃនន្ទិរាគ។ ម្នាលភិក្ខុ ពាក្យថា រសាត់ទៅលើគោក នេះជាឈ្មោះ នៃអស្មិមានៈ។ ម្នាលភិក្ខុ ចុះមនុស្សចាប់យក តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ នៅច្រឡូកច្រឡំ ដោយពួកគ្រហស្ថ មានសេចក្តីរីករាយជាមួយគ្នា មានសេចក្តីសោយសោកជាមួយគ្នា កាលបើពួកគ្រហស្ថបានសុខ ក៏បានសេចក្តីសុខ កាលបើពួកគ្រហស្ថបានទុក្ខ ក៏បានសេចក្តីទុក្ខ កាលបើកិច្ច ដែលត្រូវធ្វើកើតឡើង ក៏ខំប្រឹងប្រែងធ្វើ ដោយខ្លួនឯង។ ម្នាលភិក្ខុ នេះហៅថា មនុស្សចាប់យក។ ម្នាលភិក្ខុ ចុះអមនុស្សចាប់យក តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីប្រាថ្នាទៅកើត ក្នុងពួកទេវតាណាមួយថា អាត្មាអញ សូមបានជាទេវតា ឬជាទេវតាណាមួយ ដោយសីល ឬដោយវត្ត ដោយតបៈ ឬដោយព្រហ្មចរិយធម៌នេះ។ ម្នាលភិក្ខុ នេះហៅថា អមនុស្សចាប់យក។ ម្នាលភិក្ខុ ពាក្យថា ទឹកវល់កួចយក នេះជាឈ្មោះ នៃកាមគុណ ៥។ ម្នាលភិក្ខុ ចុះបុគ្គលមានសភាពស្អុយខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មិនស្អាត មានមារយាទ ដែលបុគ្គលដទៃ គប្បីរង្កៀស មានអំពើបិទបាំងទុក មិនមែនជាសមណៈ ប្តេជ្ញាថា ជាសមណៈ មិនមែនជាព្រហ្មចារី ប្តេជ្ញាថា ជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ មានសេចក្តីស្មោកគ្រោក ដោយកិលេស។ ម្នាលភិក្ខុ នេះហៅថា បុគ្គលមានសភាព ជាអ្នកស្អុយខាងក្នុង។

[៣២២] សម័យនោះឯង នន្ទគោបាល ( នាយគោបាល ឈ្មោះនន្ទៈ ) ឋិតនៅក្នុងទីជិតព្រះមានព្រះភាគ។ លំដាប់នោះ នន្ទគោបាល បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនឡើងមកកាន់ត្រើយអាយ មិនឆ្លងទៅកាន់ត្រើយនាយ មិនលិចចុះ ត្រង់កណ្តាល មិនរសាត់ទៅលើគោក មិនមានមនុស្សចាប់យក មិនមានអមនុស្សចាប់យក មិនមានទឹកវល់កួចយក និងមិនស្អុយខាងក្នុងទេ បពិត្រព្រះអង្គដ៏ចម្រើន សូមមេត្តាប្រោស ខ្ញុំព្រះអង្គ គប្បីបានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ ម្នាលនន្ទៈ បើដូច្នោះ ចូរអ្នកប្រគល់គោទាំងឡាយ ឲ្យដល់ម្ចាស់គេវិញចុះ។ បពិត្រព្រះអង្គដ៏ចម្រើន មេគោទាំងឡាយ ដែលជាប់ចំពាក់ដោយកូនគោ នឹងទៅតាម (កូនគោ)។ ម្នាលនន្ទៈ ណ្ហើយចុះ ចូរអ្នកប្រគល់គោ ឲ្យម្ចាស់គេចុះ។ លំដាប់នោះ នន្ទគោបាល ប្រគល់គោទាំងឡាយ ឲ្យដល់ម្ចាស់ហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គោទាំងឡាយ ខ្ញុំព្រះអង្គ បានប្រគល់ឲ្យម្ចាស់គេហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ គប្បីបានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ នន្ទគោបាល ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ នៃព្រះមានព្រះភាគ។ លុះព្រះនន្ទៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះនន្ទៈមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។

ចប់សូត្រ ទី៤។

(ទុតិយទារុក្ខន្ធោបម)សូត្រ ទី៥

(៥. ទុតិយទារុក្ខន្ធោបមសុត្តំ)

[៣២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរទន្លេគង្គា ទៀបក្រុងកិម្មិលា។ ព្រះមានព្រះភាគ ទ្រង់ទតឃើញកំណាត់ឈើដ៏ធំ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គា លុះទតហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញកំណាត់ឈើធំឯណោះ កំពុងអណ្តែត តាមខ្សែទឹកទន្លេគង្គាដែរឬ។ ព្រះករុណា ព្រះអង្គ។បេ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះកិម្មិលៈមានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាត្រើយអាយ។បេ។ ម្នាលកិម្មិលៈ ចុះបុគ្គលមានសភាពស្អុយខាងក្នុង តើដូចម្តេច។ ម្នាលកិម្មិលៈ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិ ជាគ្រឿងសៅហ្មងណាមួយ មិនបានចេញចាកអាបត្តិ តាមសភាពសមគួរ ម្នាលកិម្មិលៈ នេះហៅថា បុគ្គលមានសភាពស្អុយខាងក្នុង។

ចប់សូត្រ ទី៥។

(អវស្សុតបរិយាយ)សូត្រ ទី៦

(៦. អវស្សុតបរិយាយសុត្តំ)

[៣២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះដំណាក់ថ្មី ដែលពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ទើបនឹងធ្វើហើយ មិនយូរប៉ុន្មាន ដែលសមណៈ ឬព្រាហ្មណ៍ ឬមនុស្សណាមួយ មិនទាន់ដែលបានមកសំណាក់អាស្រ័យនៅឡើយ។ លំដាប់នោះ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ព្រះដំណាក់ថ្មី ដែលពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ទើបតែនឹងសង់ហើយ មិនយូរប៉ុន្មាន ដែលសមណៈ ឬព្រាហ្មណ៍ ឬមនុស្សណាមួយ មិនទាន់ដែលបានមកសំណាក់អាស្រ័យនៅឡើយ។ បពិត្រព្រះអង្គដ៏ច្រើន សូមព្រះមានព្រះភាគ ប្រើប្រាស់ព្រះដំណាក់នោះជាមុន លុះព្រះមានព្រះភាគ ប្រើប្រាស់ជាមុនហើយ សឹមពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ នឹងប្រើប្រាស់ជាខាងក្រោយ ការដែលព្រះអង្គប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ អស់កាលជាយូរអង្វែង។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់ព្រះដំណាក់ថ្មី លុះចូលទៅដល់ហើយ រៀបចំព្រះដំណាក់ ឲ្យសមគួរ ដល់ទីដែលត្រូវរៀបចំទាំងអស់ ហើយក្រាលអាសនៈ ឲ្យតំកល់ក្អមទឹក អុជប្រទីបប្រេង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដំណាក់ បានរៀបចំសមគួរ ដល់ទីដែលត្រូវរៀបចំទាំងអស់ហើយ អាសនៈ បានក្រាលហើយ ក្អមទឹក បានឲ្យតំកល់ទុកហើយ ប្រទីបប្រេង ក៏ឲ្យអុជឡើងហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំគាល់នូវកាល ដ៏សមគួរនឹងស្តេចទៅឥឡូវនេះ។

[៣២៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ មួយអន្លើ ដោយភិក្ខុសង្ឃ ស្តេចចូលទៅកាន់ព្រះដំណាក់ថ្មី លុះចូលទៅដល់ លាងព្រះបាទទាំងគូហើយ ចូលទៅកាន់ព្រះដំណាក់ គង់ផ្អែកនឹងសសរកន្លោង ឈមព្រះភ័ក្រ្តទៅទិសខាងកើត។ ចំណែកខាងភិក្ខុសង្ឃ ក៏លាងបាទាទាំងឡាយ ហើយចូលទៅកាន់ព្រះដំណាក់ គង់ផ្អែកនឹងជញ្ជាំងខាងលិច ឈមមុខទៅទិសខាងកើតចោមរោមព្រះមានព្រះភាគ។ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ លាងបាទាទាំងឡាយហើយ ស្តេចចូលទៅកាន់ព្រះដំណាក់ គង់ផ្អែកនឹងជញ្ជាំងខាងកើត ឈមព្រះភក្រ្តទៅទិសខាងលិច ចោមរោមព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ឲ្យយល់ច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីដ៏ច្រើន ហើយទ្រង់បញ្ជូនទៅ ដោយព្រះពុទ្ធដីកាថា ម្នាលគោតម រាត្រីភ្លឺស្វាងហើយ អ្នកទាំងឡាយ ចូរសម្គាល់នូវកាលគួរ ដែលនឹងទៅឥឡូវនេះចុះ។ ពួកសក្យៈ នៅក្នុងក្រុងកបិលព័ស្តុ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។

[៣២៦] លំដាប់នោះ ព្រះមានព្រះភាគ កាលបើពួកសក្យៈ នៅក្រុងកបិលព័ស្តុ ចៀសចេញទៅ មិនយូរប៉ុន្មាន បានត្រាស់ហៅព្រះមហាមោគ្គលា្លនមានអាយុថា ម្នាលមោគ្គល្លាន ភិក្ខុសង្ឃ មានសេចក្តីងងុយងោកងក់ទៅប្រាសហើយ ម្នាលមោគ្គល្លាន អ្នកចូរសម្តែងធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគត រួយខ្នង ហេតុនោះ តថាគត នឹងសម្រាក។ ព្រះមហាមោគ្គល្លានមានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដី មានជាន់ ៤ ហើយទ្រង់សម្រេចសីហសេយ្យាស ផ្អៀងខាងស្តាំ គងព្រះបាទដោយព្រះបាទ មានព្រះសតិសម្បជញ្ញៈ ធ្វើនូវឧដ្ឋានសញ្ញា ទុកក្នុងព្រះហឫទ័យ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លានមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយមានអាយុ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា ករុណា អាវុសោ។ ព្រះមហាមោគ្គល្លានមានអាយុ បានពោល ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំនឹងសម្តែង នូវហេតុនៃចិត្តទទឹកដោយរាគៈផង នូវហេតុនៃចិត្ត ដែលមិនទទឹកដោយរាគៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរចាំស្តាប់រឿងនោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសម្តែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា ករុណា អាវុសោ។ ទើបព្រះមហាមោគ្គល្លានមានអាយុ បានពោល ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តទទឹកដោយរាគៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជ្រប់ក្នុងរូបជាទីស្រឡាញ់ ព្យាបាទក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយមិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយទៀត អកុសលធម៌ ដ៏លាមកទាំងឡាយនោះ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ ឥតមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។ ដឹងច្បាស់ នូវធម៌ដោយចិត្តហើយ ជ្រប់ក្នុងធម៌ ដែលជាទីស្រឡាញ់ ព្យាបាទក្នុងធម៌ ដែលមិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយទៀត អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ហៅថា មានចិត្តទទឹកដោយរាគៈក្នុងរូប ដែលគប្បីដឹងដោយចក្ខុ។បេ។ មានចិត្តទទឹកដោយរាគៈ ក្នុងរសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត។បេ។ មានចិត្តទទឹកដោយរាគៈ ក្នុងធម៌ទាំងឡាយ ដែលគប្បីដឹងដោយចិត្ត។

[៣២៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុ ប្រព្រឹត្តនៅយ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារ រមែងបាននូវឱកាស មាររមែងបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយចិត្ត មាររមែងបាននូវឱកាស មាររមែងបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ដូចផ្ទះប្រក់ដោយបបុស ឬផ្ទះប្រក់ដោយស្មៅ មានឈើស្ងួតហែង សល់នៅតែរាងទទេ បើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងកើត ភ្លើងក៏នឹងបាននូវឱកាស នឹងបាននូវអារម្មណ៍។ បើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងលិច។បេ។ បើឆូលផ្ទះនោះ ក្នុងទិសខាងជើង។ បើឆូលផ្ទះនោះ ក្នុងទិសខាងត្បូង។ បើឆួលផ្ទះនោះ ពីខាងក្រោម។ បើឆួលផ្ទះនោះ ពីខាងលើ។ កាលបើបុរសចូលទៅឆួលផ្ទះនោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ អំពីទិសខាងណា ក្នុងកាលណា ភ្លើងក៏នឹងបាននូវឱកាស នឹងបាននូវអារម្មណ៍ អំពីទិសខាងណោះ ក្នុងកាលណោះ យ៉ាងណាមិញ។ មា្នលអាវុសោទាំងឡាយ ភិក្ខុប្រព្រឹត្តនៅ យ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារ រមែងបាននូវចន្លោះ រមែងបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយចិត្ត មាររមែងបាននូវឱកាស រមែងបាននូវអារម្មណ៍ ក៏យ៉ាងនោះដែរ។

[៣២៨] ម្នាលអាវុសោទាំងឡាយ រូបទាំងឡាយ គ្របសង្កត់ភិក្ខុ ដែលប្រព្រឹត្តនៅ យ៉ាងនេះបាន ភិក្ខុគ្របសង្កត់នូវរូបទាំងឡាយមិនបាន សម្លេងទាំងឡាយ គ្របសង្កត់ភិក្ខុបាន ភិក្ខុ គ្របសង្កត់សម្លេងទាំងឡាយមិនបាន ក្លិនគ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់ក្លិនមិនបាន រសគ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់រសមិនបាន ផោដ្ឋព្វៈ គ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់ផោដ្ឋព្វៈមិនបាន ធម្មារម្មណ៍ គ្របសង្កត់ភិក្ខុបាន ភិក្ខុគ្របសង្កត់ ធម្មារម្មណ៍មិនបាន។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុដែលរូបគ្របសង្កត់ សម្លេងគ្របសង្កត់ ក្លិនគ្របសង្កត់ រសគ្របសង្កត់ ផោដ្ឋព្វៈគ្របសង្កត់ ធម្មារម្មណ៍គ្របសង្កត់ តែភិក្ខុគ្របសង្កត់មិនបាន អកុសលធម៌ ដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ប្រកបដោយភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈតទៅ បានគ្របសង្កត់ភិក្ខុនោះ។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានចិត្តទទឹកដោយរាគៈ។

[៣២៩] ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុអ្នកមានចិត្ត មិនទទឹកដោយរាគៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជ្រប់ក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទ ក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយ តាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធ ម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅវិញ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ មិនជ្រប់ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍មិនជាទីស្រឡាញ់ មានសតិក្នុងកាយ តាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅវិញ ឥតមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុមានចិត្តមិនទទឹក ដោយរាគៈក្នុងរូបទាំងឡាយ ដែលគប្បីដឹងដោយចក្ខុ។បេ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុមានចិត្តមិនទទឹកដោយរាគៈ ក្នុងរសទាំងឡាយ ដែលគប្បីដឹង ដោយអណ្តាត។បេ។ មានចិត្តមិនទទឹក ដោយរាគៈ ក្នុងធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្ត។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ ដែលប្រព្រឹត្តនៅយ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយចិត្ត មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ដូចជាកូដាគារសាលា (ផ្ទះមានកំពូល) មានដីស្អិត ច្របាច់លាបដ៏ក្រាស់ បើបុរស ចូលទៅជិត ឆួលកូដាគារសាលានោះ ដោយគប់ភ្លើង ដ៏ឆេះសន្ធោ ក្នុងទិសខាងកើត ភ្លើងក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។បេ។ បើឆួលកូដាគារសាលានោះ ក្នុងទិសខាងលិច។ បើឆួលកូដាគារសាលានោះ ក្នុងទិសខាងជើង។ បើឆួលកូដាគារសាលានោះ ក្នុងទិសខាងត្បូង។ បើឆួលកូដាគារសាលានោះ អំពីខាងក្រោម។ បើឆួលកូដាគារសាលានោះ អំពីខាងលើ បើបុរស ចូលទៅជិត ឆួលដោយគប់ភ្លើង ដ៏ឆេះសន្ធោ អំពីទិសណា ក្នុងកាលណា ភ្លើងក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍ អំពីទិសខាងណោះ ក្នុងកាលណោះ យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលប្រព្រឹត្តនៅ យ៉ាងនេះ បើមារចូលទៅរកភិក្ខុនោះ ដោយចក្ខុ មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។បេ។ បើមារចូលទៅរកភិក្ខុនោះ ដោយអណ្តាត មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលប្រព្រឹត្តនៅ យ៉ាងនេះ ជាប្រក្រតី ទើបគ្របសង្កត់រូបទាំងឡាយបាន រូបទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់សម្លេងទាំងឡាយបាន សម្លេងទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ក្លិនទាំងឡាយបាន ក្លិនទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់រសទាំងឡាយបាន រសទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ផោដ្ឋព្វៈទាំងឡាយបាន ផោដ្ឋព្វៈទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ភិក្ខុគ្របសង្កត់ធម្មារម្មណ៍ទាំងឡាយបាន ធម្មារម្មណ៍ទាំងឡាយ គ្របសង្កត់ភិក្ខុមិនបាន ក៏យ៉ាងនោះឯង។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកគ្របសង្កត់រូប គ្របសង្កត់សំឡេង គ្របសង្កត់ក្លិន គ្របសង្កត់រស គ្របសង្កត់ផោដ្ឋេព្វៈ គ្របសង្កត់ធម្មារម្មណ៍ គ្របសង្កត់អកុសលធម៌ ដ៏លាមកទាំងនោះ ដែលប្រកបដោយសេចក្តីសៅហ្មង ប្រកបដោយភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខ ជាវិបាក ប្រកបដោយជាតិ ជរា មរណៈតទៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្ត មិនទទឹកដោយរាគៈ យ៉ាងនេះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ហើយត្រាស់ហៅព្រះមហាមោគ្គល្លានមានអាយុ មកថា ម្នាលមោគ្គល្លាន ប្រពៃហើយៗ ម្នាលមោគ្គល្លាន ប្រពៃហើយ ដែលអ្នកបានសម្តែង នូវហេតុនៃចិត្ត ដែលទទឹកដោយរាគៈ និងហេតុនៃចិត្ត ដែលមិនទទឹកដោយរាគៈ ដល់ភិក្ខុទាំងឡាយ។ ព្រះមហាមោគ្គល្លានមានអាយុ បានសម្តែងធម៌នេះហើយ។ ព្រះសាស្តា ទ្រង់សព្វព្រះហប្ញទ័យ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមហាមោគ្គល្លានមានអាយុ។

ចប់សូត្រ ទី៦។

(ទុក្ខធម្ម)សូត្រ ទី៧

(៧. ទុក្ខធម្មសុត្តំ)

[៣៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង និងសេចក្តីសូន្យ នៃទុក្ខធម៌ទាំងឡាយ ទាំងពួង ក្នុងកាលណា។ កាលណោះ កាមទាំងឡាយ ឈ្មោះថា ភិក្ខុនោះ បានឃើញហើយ កាលបើភិក្ខុនោះ ឃើញនូវកាមទាំងឡាយ ដោយអាការណា ចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាម សេចក្តីជ្រប់ ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ ក្នុងកាម ជាដើមនោះ ក៏ដេកត្រាំនៅពុំបាន ធម៌ជាគ្រឿងប្រព្រឹត្ត និងធម៌ជាគ្រឿងនៅ រមែងជាប់តាមភិក្ខុនោះ ដោយអាការនោះ។ អភិជ្ឈា និងទោមនស្ស ជាអកុសល ធម៌ដ៏លាមក រមែងមិនគ្របសង្កត់ភិក្ខុ ដែលជាអ្នកប្រព្រឹត្ត មានធម៌ជាគ្រឿងនៅ ដូច្នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង និងសេចក្តីសាបសូន្យ នៃទុក្ខធម៌ទាំងពួង តើដូចម្តេច ដឹងច្បាស់ថា រូបដូច្នេះ សេចក្តីកើតឡើង នៃរូបដូច្នេះ សេចក្តីសាបសូន្យនៃរូប ដូច្នេះ។ វេទនា ដូច្នេះ។បេ។ សញ្ញា ដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ សេចក្តីកើតឡើង នៃវិញ្ញាណដូច្នេះ សេចក្តីសាបសូន្យ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង និងសេចក្តីសាបសូន្យ នៃទុក្ខធម៌ទាំងពួង យ៉ាងនេះឯង។

[៣៣១] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបានឃើញកាមទាំងឡាយ តាមទំនង ដែលគេឃើញ នូវកាមទាំងឡាយ ហើយចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាមសេចក្តីជ្រប់ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ក្នុងកាម ជាដើមនោះ មិនដេកត្រាំក្នុងសន្តាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញដោយរងើកភ្លើង ប្រាសចាកអណ្តាត ប្រាកចាកផ្សែង។ គ្រានោះ បុរសប្រាថ្នារស់ មិនចង់ស្លាប់ ប្រាថ្នាសុខ ខ្ពើមទុក្ខ ដើរមក មានបុរសពីរនាក់ មានកម្លាំង ចាប់បុរសនោះ ត្រង់ដើមដៃម្ខាងម្នាក់ ច្រានបុរសនោះ ឲ្យចូលទៅក្នុងរណ្តៅរងើកភ្លើង បុរសនោះ ក៏ក្រាញ ទប់កាយនេះ ដោយអាការ ដូច្នេះ ៗ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ មានការយល់ច្បាស់ថា អាត្មាអញ នឹងធ្លាក់ចុះ ក្នុងរណ្តៅរងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវមរណៈ ឬនឹងដល់ នូវទុក្ខស្ទើរមរណៈ ព្រោះការធ្លាក់ចុះនោះ ជាហេតុ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចភិក្ខុបានឃើញកាមទាំងឡាយ ដែលទុកដូចជា រណ្តៅរងើកភ្លើង តាមទំនង ដែលគេឃើញ នូវកាមទាំងឡាយហើយ ចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាម សេចក្តីជ្រប់ ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ក្នុងកាម ជាដើមនោះ មិនដេកត្រាំ ក្នុងសន្តាន យ៉ាងនោះឯង។

[ ៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានការប្រព្រឹត្តិ និងការនៅដ៏ខ្ជាប់ខ្ជួន តាមទំនង ដែលគេប្រព្រឹត្ត គេនៅ ហើយអភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក មិនគ្របសង្កត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចបុរស ចូលទៅកាន់ដងព្រៃ មានបន្លាច្រើន បន្លាខាងមុខបុរសនោះ ក៏មាន បន្លាខាងក្រោយក៏មាន បន្លាខាងឆ្វេងក៏មាន បន្លាខាងស្តាំ ក៏មាន បន្លាខាងក្រោមក៏មាន បន្លាខាងលើក៏មាន បុរសនោះ គប្បីប្រុងស្មារតី ឈានទៅមុខ ប្រុងស្មារតី ឈានថយក្រោយ ដោយគិតថា កុំឲ្យបន្លាមុតអាត្មាអញឡើយ សេចក្តីនេះ មានឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចរូបជាទីស្រឡាញ់ ជាទីត្រេកអរណា ក្នុងលោកនេះ ហៅថា បន្លា ក្នុងវិន័យរបស់ព្រះអរិយៈ។

[៣៣៣] កាលបើភិក្ខុដឹងច្បាស់យ៉ាងនេះហើយ ត្រូវដឹងច្បាស់ នូវសេចក្តីមិនសង្រួម និងសេចក្តីសង្រួម។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីមិនសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជ្រប់ក្នុងរូបជាទីស្រឡាញ់ ព្យាបាទក្នុងរូប មិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយទៀត មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ដ៏លាមកទាំងនោះ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅ មិនមានសេសសល់។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ហើយជ្រប់នៅក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ ព្យាបាទក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយវិញទៀត មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅមិនមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនសង្រួម យ៉ាងនេះឯង។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ មិនជ្រប់នៅក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ ដ៏លាមកទាំងនោះ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅ មិនមានសេសសល់។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត មិនជ្រប់នៅក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ មានសតិក្នុងកាយ តាំងមាំហើយ មានចិត្តប្រមាណមិនបាន មួយវិញទៀត ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាគុណជាតិ នាំឲ្យអកុសលធម៌ ដ៏លាមកទាំងនោះ ដែលកើតឡើង ដល់ភិក្ខុនោះ រលត់ទៅ មិនមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសង្រួម យ៉ាងនេះឯង។

[៣៣៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះប្រព្រឹត្តយ៉ាងនេះ នៅយ៉ាងនេះ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺការត្រិះរិះ ដោយសេចក្តីរព្ញក ប្រកបដោយសញ្ញោជនៈ តែងកើតឡើង ព្រោះភ្លេចស្មារតី ក្នុងពេលមួយដង មួយកាល។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃសតិដ៏យឺតយូរ រមែងលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវការសាបសូន្យ យ៉ាងឆាប់រហ័ស ដោយពិត។ ម្នាលភិក្ខុទាំងឡាយ ដូចបុរស សម្រក់ចុះ នូវដំណក់ទឹកពីរ ឬ បីដំណក់ ទៅក្នុងអម្បែងខ្ទះដែក ដ៏ក្តៅខ្លាំង ក្នុងវេលាថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ការស្រក់ចុះ នៃដំណក់ទឹកទាំងឡាយ ដ៏យឺតយូរ តែងដល់នូវការអស់ ការសាបសូន្យ យ៉ាងឆាប់រហ័ស ដោយពិត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ ប្រព្រឹត្តយ៉ាងនេះ នៅយ៉ាងនេះ អកុសលធម៌ទាំងឡាយដ៏លាមក គឺការត្រិះរិះ ដោយសេចក្តីរព្ញក ប្រកបដោយសញ្ញោជនៈ ក៏កើតឡើង ព្រោះភ្លេចស្មារតី ក្នុងពេលមួយដង មួយកាល។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃសតិដ៏យឺតយូរ ក៏តែងលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវការសាបសូន្យ យ៉ាងឆាប់រហ័ស ដោយពិត ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានការប្រព្រឹត្ត និងការនៅដ៏ខ្ជាប់ខ្ជួន តាមទំនង ដែលគេប្រព្រឹត្ត គេនៅហើយ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក មិនគ្របសង្កត់ យ៉ាងនេះឯង។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ បើពួកស្តេចក្តី ពួកមហាមាត្យ នៃស្តេចក្តី ពួកមិត្តក្តី ពួកអាមាត្យក្តី ពួកញាតិក្តី ពួកសាលោហិតក្តី បាននាំភោគៈទាំងឡាយ មកបវារណា ចំពោះភិក្ខុនោះ ដែលប្រព្រឹត្ត យ៉ាងនេះ ដែលនៅយ៉ាងនេះ ដោយពាក្យថា នែបុរសដ៏ចម្រើន ចូរអ្នកមកអាយ ចុះសំពត់កាសាវៈ របស់អ្នកទាំងនេះ ដុតរោលអ្នកឬទេ។ ចុះព្រោះអ្វី ក៏អ្នកកោរត្រងោល ដើរកាន់អម្បែង។ ចូរអ្នកមកអាយ ចូរត្រឡប់មកជាហីនភេទវិញ ហើយបរិភោគ នូវភោគៈទាំង ឡាយ ទាំងធ្វើនូវបុណ្យទាំងឡាយចុះ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុនោះ កាលបើប្រព្រឹត្ត យ៉ាងនេះ កាលនៅយ៉ាងនេះ នឹងពោលលាសិក្ខា ហើយត្រឡប់មក ជាហីនភេទវិញ ដំណើរដូច្នេះនុ៎ះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជម្រាលទៅទិសខាងកើត ជ្រាលទៅទិសខាងកើត ទោរទៅទិសខាងកើត គ្រានោះ ពពួកមហាជន កាន់យកចបកាប់ និងបង្គី ដើរមក ដោយគិតថា យើងទាំងឡាយ នឹងទប់ទន្លេគង្គានេះ ឲ្យទឹកហូរជម្រាលទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះ ដូចម្តេច ពពួកមហាជននោះ នឹងទប់ទន្លេគង្គា ឲ្យទឹកហូរជម្រាលទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅទិសខាងលិចវិញ បានដែរឬ។ កិច្ចនុ៎ះ មិនបានទេ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ទន្លេគង្គា ជម្រាលទៅទិសខាងកើត ជ្រាលទៅទិសខាងកើត ទោរទៅទិសខាងកើត ទន្លេគង្គានោះ បុគ្គលមិនងាយនឹងទប់ ឲ្យទឹកហូរជម្រាល ទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅខាងលិចបានឡើយ។ ឯពពួកមហាជននោះ គប្បីបានតែចំណែក នៃសេចក្តីលំបាក និងសេចក្តីនឿយហត់ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចជា ប្រសិនបើពួកស្តេចក្តី ពួកមហាមាត្យ នៃស្តេចក្តី ពួកមិត្តក្តី ពួកអាមាត្យក្តី ញាតក្តី ពួកសាលោហិតក្តី គប្បីនាំនូវភោគៈទាំងឡាយ មកបវារណា ចំពោះភិក្ខុនោះ ដែលប្រព្រឹត្ត យ៉ាងនេះ ដែលនៅ យ៉ាងនេះ ដោយពាក្យថា នែបុរសដ៏ចម្រើន ចូរអ្នកមកអាយ ចុះសំពត់កាសាវៈ របស់អ្នកទាំងនេះ ដុតរោលអ្នក ឬទេ។ ចុះហេតុអ្វី ក៏អ្នកកោរត្រងោល ដើរកាន់អម្បែង។ ចូរអ្នកមកអាយ ចូរអ្នកត្រឡប់មក ជាហីនភេទវិញ ហើយបរិភោគ នូងភោគៈទាំងឡាយ និងធ្វើបុណ្យទាំងឡាយចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ កាលបើប្រព្រឹត្ត យ៉ាងនេះ កាលនៅ យ៉ាងនេះ នឹងពោលលាសិក្ខា ត្រឡប់ទៅជាហីនភេទវិញ ដំណើរដូច្នេះនុ៎ះ មិនមានទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តណា ដែលឱនទៅរកវិវេក បែរទៅរកវិវេក រេទៅរកវិវេក អស់កាលជាយូរអង្វែងហើយ ចិត្តនោះ នឹងត្រឡប់ ទៅជាហីនភេទវិញ ដំណើរដូច្នេះ មិនមានឡើយ។

ចប់សូត្រ ទី៧។

(កិំសុកោបម)សូត្រ ទី៨

(៨. កិំសុកោបមសុត្តំ)

[៣៣៧] គ្រានោះ ភិក្ខុមួយរូបចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ បានពោល នឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុ ជាទីកើតឡើង និងសូន្យទៅ នៃផស្សាយតនៈ ទាំង ៦ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ គ្រានោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃឧបាទានក្ខន្ធ ទាំង ៥ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ គ្រានោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃមហាភូតរូប ទាំង ៤ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ លំដាប់នោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលណា ភិក្ខុដឹងច្បាស់ តាមពិតថា របស់ណានីមួយ មានការកើតឡើង ជាធម្មតា របស់ទាំងអស់នោះ រលត់ទៅវិញ ជាធម្មតា ម្នាលអាវុសោ កាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។

[៣៣៨] គ្រានោះឯង ភិក្ខុនោះមិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ភិក្ខុនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃផស្សាយតនៈ ទាំង ៦ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង ខ្ញុំព្រះអង្គ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានសួរភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏ បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ភិក្ខុនោះ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃឧបាទានក្ខន្ធ ទាំង ៥។បេ។ នៃមហាភូតរូប ទាំង ៤ ក្នុងកាលណា។បេ។ ភិក្ខុដឹងច្បាស់ តាមពិតថា របស់ណានីមួយ មានការកើតឡើង ជាធម្មតា របស់ទាំងអស់នោះ រលត់ទៅវិញជាធម្មតា ម្នាលអាវុសោ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ខ្ញុំព្រះអង្គ មិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលមកគាល់ព្រះមានព្រះភាគ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច ។

[៣៣៩] ម្នាលភិក្ខុ ដូចបុរសមិនធ្លាប់ឃើញដើមចារ។ បុរសនោះ ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារដូចម្តេច។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ មានសម្បុរខ្មៅ ដូចជាដង្គត់ ដែលភ្លើងឆេះ។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះឯង ដើមចារប្រាកដ ដូច្នោះមែន គឺដូចជាការឃើញ របស់បុរសនោះ។ ម្នាលភិក្ខុ គ្រានោះឯង បុរសនោះ មិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់បុរសនោះ ក៏ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ ប្រាកដដូចជាអ្វី។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារមានសម្បុរក្រហម ដូចជាដុំសាច់។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះឯង ដើមចារ ប្រាកដដូច្នេះមែន គឺដូចជាការឃើញ របស់បុរសនោះ។ ម្នាលភិក្ខុ គ្រានោះឯង បុរសនោះ មិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់បុរសនោះ ក៏ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ ប្រាកដដូចជាអ្វី។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ មានផ្លែដូចជាសំពត់គេព្យួរ មានផ្លែដូចជាស្រោមដាវ មានមុខផ្កាប់ចុះ ដូចដើមច្រេស។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះ ដើមចារប្រាកដដូច្នោះមែន គឺដូចជាការឃើញ របស់បុរសនោះដែរ។ ម្នាលភិក្ខុ លំដាប់នោះឯង បុរសនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់បុរសនោះ ក៏ចូលទៅរកបុរសម្នាក់ទៀត ជាអ្នកធ្លាប់ឃើញដើមចារ លុះចូលទៅដល់ហើយ បានសួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ ប្រាកដដូចជាអ្វី។ បុរសនោះ ប្រាប់យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ដើមចារ មានស្លឹកចាស់ខ្ចី ដ៏ក្រាស់ មានម្លប់ ដ៏ជិត ដូចជាដើមជ្រៃ។ ម្នាលភិក្ខុ ក៏ក្នុងសម័យនោះឯង ដើមចារ ប្រាកដដូច្នោះមែន គឺដូចជាការឃើញ របស់បុរសនោះ។ ម្នាលភិក្ខុ សេចក្តីនេះ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចការឃើញ ដ៏បរិសុទ្ធល្អ របស់សប្បុរសទាំងនោះ ដែលមានចិត្តរួចស្រឡះហើយ ដោយអាការណាៗ ពាក្យដែលសប្បុរសទាំងឡាយ ដ៏ឈ្លាសវៃ បានព្យាករហើយ ដោយអាការនោះ ៗ។

[៣៤០] ម្នាលភិក្ខុ ដូចជានគរចុងដែន របស់ព្រះរាជា មានកំពែង និងខ្លោងទ្វារ ដ៏មាំមួន មានទ្វារ ៦ ក្នុងទ្វារទាំងនោះ មាននាយទ្វារ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា របស់ព្រះរាជានោះ ជាអ្នកហាមឃាត់ ចំពោះពួកមនុស្ស ដែលមិនស្គាល់ បើកឲ្យចូល តែពួកមនុស្សដែលស្គាល់។ មានរាជទូតពីរនាក់ មកយ៉ាងរហ័ស អំពីទិសខាងកើត ហើយនិយាយនឹងនាយទ្វារនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ម្ចាស់នគរនេះ នៅក្នុងទីណា។ នាយទ្វារនោះ ប្រាប់យ៉ាងនេះថា បពិត្រអ្នកដ៏ចម្រើន ម្ចាស់នុ៎ះ អង្គុយនៅត្រង់កណ្តាលផ្លូវបែកជាបួន។ គ្រានោះឯង រាជទូតពីរនាក់ ដែលមកដល់ភ្លាមនោះ បានប្រគល់រាជសាសន៍ តាមពិត ដល់ម្ចាស់នគរ ហើយដើរទៅតាមផ្លូវ ដែលគួរទៅ។ មានរាជទូតពីរនាក់ មកយ៉ាងរហ័ស អំពីទិសខាងលិចទៀត។បេ។ អំពីទិសខាងជើង មានរាជទូតពីរនាក់ទៀត មកយ៉ាងរហ័ស អំពីទិសខាងត្បូង ហើយនិយាយនឹងនាយទ្វារនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ម្ចាស់នគរនេះ នៅក្នុងទីណា។ នាយទ្វារនោះ ប្រាប់យ៉ាងនេះថា បពិត្រអ្នកដ៏ចម្រើន ម្ចាស់នគរនុ៎ះ អង្គុយនៅត្រង់កណ្តាលផ្លូវបែកជាបួន។ គ្រានោះឯង រាជទូតពីរនាក់ ដែលមកយ៉ាងរហ័សនោះ បានប្រគល់រាជសាសន៍ តាមពិត ដល់ម្ចាស់នគរ ហើយក៏ដើរទៅតាមផ្លូវដែលគួរទៅ។ ម្នាលភិក្ខុ សេចក្តីឧបមានេះ តថាគត ធ្វើដើម្បីបំភ្លឺ នូវសេចក្តីអធិប្បាយ ឯសេចក្តីអធិប្បាយ ក្នុងពាក្យឧបមានោះ ដូច្នេះ ម្នាលភិក្ខុ ពាក្យថា នគរនុ៎ះ ជាឈ្មោះកាយនេះ ដែលប្រកបដោយមហាភូតរូប ទាំង ៤ មានមាតា បិតា ជាដែនកើត ចម្រើនឡើង ដោយបាយ និងនំ មានការដុះខាត់ គក់ច្របាច់ បំបាត់ក្លិនអាក្រក់ជានិច្ច ជាធម្មតា។ ម្នាលភិក្ខុ ពាក្យថា ទ្វារទាំង ៦ នុ៎ះ ជាឈ្មោះ នៃអាយតនៈ ខាងក្នុង ៦។ ម្នាលភិក្ខុ ពាក្យថា នាយទ្វារនុ៎ះ ជាឈ្មោះ នៃសតិ។ ម្នាលភិក្ខុ ពាក្យថា រាជទូតពីរនាក់ ដែលមករហ័សនុ៎ះ ជាឈ្មោះ នៃសមថៈ និងវិបស្សនា។ ម្នាលភិក្ខុ ពាក្យថា ម្ចាស់នគរនុ៎ះ ជាឈ្មោះ នៃវិញ្ញាណ។ ម្នាលភិក្ខុ ពាក្យថា កណ្តាលផ្លូវបែកជា ៤ នុ៎ះ ជាឈ្មោះ នៃមហាភូតរូប ទាំង ៤ គឺ បឋវីធាតុ ១ អាបោធាតុ ១ តេជោធាតុ ១ វាយោ ធាតុ ១។ ម្នាលភិក្ខុ ពាក្យថា ព្រះរាជសាសន៍ តាមពិតនុ៎ះ ជាឈ្មោះ នៃព្រះនិព្វាន។ ម្នាលភិក្ខុ ពាក្យថា ផ្លូវដែលគួរទៅនុ៎ះ ជាឈ្មោះ នៃមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។

ចប់សូត្រ ទី៨។

(វីណោបម)សូត្រ ទី៩

(៩. វីណោបមសុត្តំ)

[៣៤១] ម្នាលភិក្ខុទាំងឡាយ ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី មោហៈក្តី សេចក្តីថ្នាំងថ្នាក់ នៃចិត្តក្តី ក្នុងរូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយចក្ខុ កើតឡើង ដល់ភិក្ខុ ឬភិក្ខុនីណាមួយ ភិក្ខុ ឬភិក្ខុនីនោះ ត្រូវហាមឃាត់ចិត្ត ចាករូបទាំងនោះចេញថា នុ៎ះ ជាផ្លូវប្រកបដោយភ័យ ប្រកបដោយភ័យ ដ៏ពន្លឹក ប្រកបដោយបន្លា ប្រកបដោយព្រៃស្បាត ជាផ្លូវខុស ជាផ្លូវគួរខ្ពើម ជាផ្លូវទៅបាន ដោយកម្រ ផ្លូវនុ៎ះ អសប្បុរស តែងតែសេពគប់ ផ្លូវនុ៎ះ សប្បុរស មិនដែលសេពគប់ទេ អ្នកមិនគួរទៅតាមផ្លូវនុ៎ះឡើយ។ ភិក្ខុគប្បីហាមឃាត់ចិត្ត ចាករូបទាំងឡាយ ដែលគប្បីដឹង ដោយចក្ខុទាំងនោះចេញ។បេ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី មោហៈក្តី សេចក្តីថ្នាំងថ្នាក់ នៃចិត្តក្តី ក្នុងរសទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ក្នុងធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្ត កើតឡើងដល់ភិក្ខុ ឬភិក្ខុនីណាមួយ ភិក្ខុ ឬភិក្ខុនីនោះ ត្រូវហាមឃាត់ចិត្ត ចាកធម្មារម្មណ៍ទាំងនោះចេញថា នុ៎ះ ជាផ្លូវប្រកបដោយភ័យ ប្រកបដោយភ័យដ៏ពន្លឹក ប្រកបដោយបន្លា ប្រកបដោយព្រៃស្បាត ជាផ្លូវខុស ជាផ្លូវគួរខ្ពើម ជាផ្លូវទៅបានដោយកម្រ ផ្លូវនុ៎ះ អសប្បុរសតែងតែសេពគប់ ផ្លូវនុ៎ះ សប្បុរស មិនដែលសេពគប់ទេ អ្នកមិនគួរទៅតាមផ្លូវនុ៎ះឡើយ។ ភិក្ខុ ឬភិក្ខុនី ត្រូវហាមឃាត់ចិត្ត ចាកធម្មារម្មណ៍ទាំងឡាយ ដែលគប្បីដឹង ដោយចិត្តទាំងនោះចេញ។

[៣៤២] ម្នាលភិក្ខុទាំងឡាយ ដូចជាសំទូង កំពុងមានពាសពេញ ឯអ្នករក្សាសំទូង ក៏ធ្វេសប្រហែស ចំណែកឯគោ ធ្លាប់ស៊ីសំទូង ក៏ចុះទៅកាន់សំទូងឯណោះ ហើយដល់នូវសេចក្តីស្រវឹង ដល់នូវសេចក្តីធ្វេសប្រហែស ស៊ីសំទូងដរាបដល់ឆ្អែត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង មិនធ្វើសេចក្តីសង្រួម ក្នុងផស្សាយតនៈ ទាំង ៦ ក៏ដល់នូវសេចក្តីស្រវឹង ដល់នូវសេចក្តីធ្វេសប្រហែស ក្នុងកាមគុណ ទាំង ៥ ត្រាតែស្កប់ស្កល់ទៅ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំទូង កំពុងមានពាសពេញ ឯអ្នករក្សាសំទូង ជាអ្នកមិនធ្វេសប្រហែស ចំណែកឯគោ ធ្លាប់ស៊ីសំទូង ក៏ចុះទៅកាន់សំទូងឯណោះ អ្នករក្សាសំទូង ក៏ចាប់ដឹកគោនោះ ត្រង់ច្រមុះ លុះចាប់ដឹកត្រង់ច្រមុះបានហើយ ក៏យកទៅចងក្រៀក ក្នុងប្រគាបឈើ លុះចងក្រៀក ក្នុងប្រគាបឈើរួចហើយ ក៏វាយសំពង ដោយដំបង លុះវាយសំពង ដោយដំបងរួចហើយ ក៏ស្រាយលែងទៅ។ ម្នាលភិក្ខុទាំងឡាយ អស់វារៈ ជាគម្រប់ពីរដងទៀត។បេ។ ម្នាលភិក្ខុទាំងឡាយ គោដែលធ្លាប់ស៊ីសំទូង គប្បីចុះទៅកាន់សំទូងឯណោះ អ្នករក្សាសំទូង ក៏ចាប់ដឹកគោនោះ ត្រង់ច្រមុះ លុះចាប់ដឹកត្រង់ច្រមុះរួចហើយ ក៏យកទៅចងក្រៀក ក្នុងប្រគាបឈើ លុះចងក្រៀក ក្នុងប្រគាបឈើបានហើយ ក៏វាយសំពង ដោយដំបង លុះវាយសំពង ដោយដំបងរួចហើយ ក៏លែងទៅ ជាគម្រប់ ៣ ដងទៀត។ ម្នាលភិក្ខុទាំងឡាយ កាលបើធ្វើយ៉ាងនេះ គោដែលធ្លាប់ស៊ីសំទូងនោះ ទៅក្នុងស្រុកក្តី ទៅក្នុងព្រៃក្តី ច្រើនដោយការឈរក្តី ច្រើនដោយការដេកក្តី កាលរឭកឃើញ នូវសម្ផ័ស្សដំបង អំពីមុននោះ ក៏មិនហ៊ានចុះកាន់សំទូងនោះទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចកាលណាភិក្ខុបានគម្រាមចិត្ត បានគម្រាមល្អហើយ ក្នុងផស្សាយតនៈ ទាំង ៦ ចិត្តនោះ ក៏តាំងនៅ សម្ងំនៅ តែខាងក្នុងប៉ុណ្ណោះ មានអារម្មណ៍ខ្ពស់ឯក តាំងនៅខ្ជាប់ខ្ជួន។

[៣៤៣] ម្នាលភិក្ខុទាំងឡាយ ដូចជាសម្លេងពិណ ដែលព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា មិនធ្លាប់បានស្តាប់។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ឮសម្លេងពិណ គប្បីសួរ យ៉ាងនេះថា អើ សំឡេងអ្នកណានុ៎ះហ្ន៎ គួរឲ្យមានតម្រេកអ្វីម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងចិត្តអ្វីម្ល៉េះ គួរឲ្យងប់ចិត្តអ្វីម្ល៉េះ គួឲ្យជក់ចិត្តអ្វីម្ល៉េះ។ អ្នកផង ក៏ក្រាបទូលព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សម្លេងដែលគួរឲ្យមានតម្រេក យ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងចិត្តយ៉ាងនេះ គួរឲ្យងប់ចិត្តយ៉ាងនេះ គួរឲ្យជក់ចិត្តយ៉ាងនេះ នុ៎ះជាសម្លេងពិណ។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ក៏បង្គាប់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយ ចូរទៅនាំយកពិណនោះ មកឲ្យយើង។ ពួករាជបុរស ក៏នាំយកពិណនោះ មកថ្វាយ ដល់ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ហើយក្រាបទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សំឡេងដែលគួរឲ្យមានតម្រេក យ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងចិត្តយ៉ាងនេះ គួរឲ្យងប់ចិត្តយ៉ាងនេះ គួរឲ្យជក់ចិត្តយ៉ាងនេះ នុ៎ះជាសម្លេងពិណនេះឯង។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ត្រាស់យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន យើងមិនត្រូវការនឹងពិណនោះទេ អ្នកទាំងឡាយ ចូរនាំយកតែសំឡេងពិណនោះ មកឲ្យយើង។ ពួករាជបុរស ក្រាបទូលព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឈ្មោះថាពិណនេះ មានអង្គជាអនេក មានអង្គដ៏ច្រើន ផ្សំដោយអង្គទាំងឡាយ ជាអនេក ទើបដេញបាន។ អង្គដូចម្តេចខ្លះ។ គឺអាស្រ័យស្នូកផង អាស្រ័យទ្រូងផង អាស្រ័យដងផង អាស្រ័យខ្ទង់ទាំងឡាយផង អាស្រ័យខ្សែទាំងឡាយផង អាស្រ័យពំនួតផង អាស្រ័យសេចក្តីព្យាយាម ដ៏សមគួរ ដល់ពិណនោះ របស់បុរសផង បពិត្រព្រះអង្គដ៏ចម្រើន នេះឯង ឈ្មោះថា ពិណមានអង្គ ជាអនេក មានអង្គដ៏ច្រើន ផ្សំដោយអង្គទាំងឡាយជាអនេក ទើបដេញបាន។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ឲ្យបំបែពិណនោះ ជា ១០ ចំណែក ឬ ១០០ ចំណែក លុះឲ្យបំបែកពិណនោះ ជា១០ ចំណែក ឬ ១០០ ចំណែកហើយ ឲ្យពុះជាចម្រៀកៗ លុះពុះជាចម្រៀកៗ រួចហើយ ឲ្យកម្លោចដោយភ្លើង លុះកម្លោចដោយភ្លើងរួចហើយ ឲ្យកិនជាខ្មុកធ្យូង លុះកិនជាខ្មុកធ្យូងរួចហើយ ឲ្យរោយទៅតាមខ្យល់ដ៏ខ្លាំង ឬ បណ្តែតទៅតាមខ្សែទឹកទន្លេ ដ៏រហ័ស។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ត្រាស់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បានឮថា ធម្មតា ពិណនេះ ជារបស់អាក្រក់ណាស់ ទុកជាពិណណានីមួយ ក៏សុទ្ធតែយ៉ាងនេះដែរ ដ្បិតថា ជននេះ ដល់នូវការខូចវេលា ខ្វល់ អំពល់ ព្រោះតែពិណនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចភិក្ខុពិចារណារូបថា គតិនៃរូបទាំងប៉ុន្មាន ពិចារណាវេទនាថា គតិនៃវេទនាទាំងប៉ុន្មាន ពិចារណាសញ្ញាថា គតិនៃសញ្ញាទាំងប៉ុន្មាន ពិចារណាសង្ខារទាំងឡាយថា គតិនៃសង្ខារទាំងឡាយទាំងប៉ុន្មាន ពិចារណាវិញ្ញាណថា គតិវិញ្ញាណទាំងប៉ុន្មាន។ កាលភិក្ខុនោះ ពិចារណារូបថា គតិនៃរូបទាំងប៉ុន្មាន ពិចារណាវេទនា។បេ។ ពិចារណាសញ្ញា សង្ខារទាំងឡាយ វិញ្ញាណថា គតិនៃវិញ្ញាណទាំងប៉ុន្មាន ចិត្តណារបស់ភិក្ខុនោះថាអញ ថារបស់អញ ថាជាអញ ចិត្តនោះ របស់ភិក្ខុនោះ មិនមានឡើយ។

ចប់សូត្រ ទី៩។

(ឆប្បាណកោបម)សូត្រ ទី១០

(១០. ឆប្បាណកោបមសុត្តំ)

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានខ្លួនដំបៅ មានខ្លួនរងាល (ដោយដំបៅ) បើចូលទៅកាន់ព្រៃបន្លា បន្លាស្រួចៗទាំងឡាយ មុតបាតជើងទាំងឡាយ នៃបុរសនោះ។ ស្លឹកឈើ មានបន្លាទាំងឡាយ ក៏កោសរូសខ្លួន ដែលរងាល (ដោយដំបៅ របស់បុរសនោះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុរសនោះ ក៏ត្រូវរងទុក្ខ ទោមនស្សហួសប្រមាណ ព្រោះបន្លា និងស្លឹកឈើនោះជាហេតុ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ទៅកាន់ស្រុកក្តី ទៅកាន់ព្រៃក្តី រមែងបាន នូវអ្នកពោលចោទថា លោកមានអាយុនេះ ជាអ្នកធ្វើយ៉ាងនេះ ជាអ្នកមានមារយាទយ៉ាងនេះ ថាជាបន្លាក្នុងស្រុក មិនស្អាតដូច្នេះ (ខ្លះ) ថាជាអ្នកចាក់អ្នកស្រុកនោះ ដូច្នេះ (ខ្លះ) ក៏យ៉ាងនោះឯង។

[៣៤៥] ភិក្ខុលុះដឹងយ៉ាងនេះហើយ ត្រូវដឹងច្បាស់ នូវសេចក្តីមិនសង្រួម និងសង្រួម។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីមិនសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជ្រប់ក្នុងរូបជាទីស្រឡាញ់ ព្យាបាទក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយមិនតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយវិញទៀត អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ រមែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ឮសំឡេង ដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត ហើយជ្រប់ក្នុងធម្មារម្មណ៍ជាទីស្រឡាញ់ ព្យាបាទ ក្នុងធម្មារម្មណ៍មិនជាទីស្រឡាញ់ មានសតិក្នុងកាយ មិនតាំងមាំ មានចិត្តស្តួចស្តើង ក្នុងកុសលធម៌ មួយវិញទៀត អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។

[៣៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចាប់យកសត្វ ៦ ពួក ដែលមានវិស័យផ្សេងៗគ្នា មានគោចរផ្សេងៗគ្នា ហើយចងដោយខ្សែដ៏មាំ គឺចាប់យកពស់ ចងដោយខ្សែ ដ៏មាំ ចាប់យកក្រពើ ចងដោយខ្សែដ៏មាំ ចាប់យកបក្សី ចងដោយខ្សែដ៏មាំ ចាប់យកឆ្កែ ចងដោយខ្សែដ៏មាំ ចាប់យកចចក ចងដោយខ្សែដ៏មាំ ចាប់យកស្វា ចងដោយខ្សែដ៏មាំ លុះចងដោយខ្សែដ៏មាំរួចហើយ ក៏ត្របែងភ្ជាប់គ្នាត្រង់កណ្តាល ហើយលែងទៅ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វ ទាំង ៦ ពួក ដែលមានវិស័យផ្សេងៗ គ្នា មានគោចរផ្សេងៗ គ្នានោះ ក៏ប្រឹងទាញមករកគោចរ និងវិស័យរបស់ខ្លួន ៗ។ សត្វពស់ ប្រឹងលូនទៅ ដោយគិតថា អញនឹងចូលទៅកាន់ដំបូក។ ក្រពើ ប្រឹងវារទៅ ដោយគិតថា អញនឹងចុះទៅក្នុងទឹក។ បក្សី ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងហើរទៅ ព្ធដ៏អាកាស។ ឆ្កែ ប្រឹងស្ទុះទៅដោយ គិតថា អញ នឹងចូលទៅកាន់ស្រុក។ ចចក ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃខ្មោច។ ស្វា ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃ។ ម្នាលភិក្ខុទាំងឡាយ អត្តភាព នៃសត្វ ទាំង ៦ ពួកនោះ លំបាកណាស់ ក្នុងកាលណា បណ្តាសត្វទាំងនោះ សត្វណា ដែលមានកម្លាំងជាងគេ សត្វទាំងនោះ ក៏ប្រព្រឹត្តទៅតាម ដោយទៅតាម លុះក្នុងអំណាច នៃសត្វ ដែលមានកម្លាំងនោះ ក្នុងកាលណោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចម្រើន មិនបានធ្វើឲ្យច្រើន ចក្ខុក៏ទាញភិក្ខុនោះ ទៅក្នុងរូបទាំងឡាយ ដែលជាទីគាប់ចិត្ត រូបទាំងឡាយ ដែលមិនជាទីគាប់ចិត្ត ក៏ជារបស់បដិកូល។បេ។ អណ្តាតក៏ទាញ។ កាយក៏ទាញ។ ចិត្តក៏ទាញចូលទៅក្នុងធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត ធម្មារម្មណ៍ទាំងឡាយ ដែលមិនជាទីគាប់ចិត្ត ក៏ជារបស់បដិកូល ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនសង្រួម យ៉ាងនេះឯង។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជ្រប់ក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទ ក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយទៀត អកុសលធម៌ដ៏លាមក ទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ឮសម្លេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។បេ។ ដឹងធម្មារម្មណ៍ ដោយចិត្តហើយ មិនជ្រប់ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍ មិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយវិញទៀត អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចាប់យកសត្វ ៦ ពួក ដែលមានវិស័យផ្សេង ៗ គ្នា មានគោចរផ្សេងៗ គ្នា ចងដោយខ្សែដ៏មាំ គឺចាប់យកពស់។បេ។ ចាប់យកក្រពើ។បេ។ ចាប់យកឆ្កែ។ ចាប់យកចចក។ ចាប់យកស្វា ចងដោយខ្សែដ៏មាំ លុះចងដោយខ្សែដ៏មាំរួចហើយ ក៏ក្រៀកនឹងបង្គោល ឬ សសរដ៏មាំ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វទាំង ៦ ពួក ដែលមានវិស័យផ្សេងៗ គ្នា មានគោចរផ្សេងៗគ្នានោះ ក៏ប្រឹងទាញទៅកាន់គោចរ និងវិស័យរបស់ខ្លួន ៗ។ ពស់ប្រឹងលូនទៅ ដោយគិតថា អញនឹងចូលទៅកាន់ដំបូក។ ក្រពើ ប្រឹងវារទៅ ដោយគិតថា អញនឹងចុះទៅក្នុងទឹក។ បក្សី ប្រឹងស្ទុះទៅ ដោយគិតថា អញនឹងហើរទៅព្ធដ៏អាកាស។ ឆ្កែប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ស្រុក។ ចចកប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃខ្មោច។ ស្វាប្រឹងស្ទុះទៅ ដោយគិតថា អញនឹងចូលទៅកាន់ព្រៃ។ ម្នាលភិក្ខុទាំងឡាយ អត្តភាពនៃសត្វទាំង ៦ ពួកនោះ លំបាកណាស់ ឈរផ្អែក អង្គុយផ្អែក ដេកផ្អែកនឹងបង្គោល ឬសសរនោះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណានីមួយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ចក្ខុក៏មិនទាញភិក្ខុនោះ ចូលទៅក្នុងរូបទាំងឡាយ ដែលជាទីគាប់ចិត្ត រូបទាំងឡាយ មិនជាទីគាប់ចិត្ត ក៏មិនមែនជារបស់បដិកូល។បេ។ អណ្តាមិនបានទាញ។បេ។ ចិត្តមិនបានទាញចូលទៅក្នុងធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត ធម្មារម្មណ៍ទាំងឡាយ មិនជាទីគាប់ចិត្ត ក៏មិនមែនជារបស់បដិកូល ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសង្រួម យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្គោល ឬ សសរដ៏មាំនុ៎ះ ជាឈ្មោះ នៃកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ ដែលយើងទាំងឡាយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ ឲ្យតាំងនៅញឹកញយ សន្សំទុក មិនឲ្យបាត់ ប្រារព្ធដោយល្អ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

ចប់សូត្រ ទី១០។

(យវកលាបិ)សូត្រ ទី១១

(១១. យវកលាបិសុត្តំ)

[៣៤៩] ម្នាលភិក្ខុទាំងឡាយ ដូចកណ្តាប់ស្រូវដំណើបទាំងឡាយ ដែលបុគ្គល គរទុកត្រង់ផ្លូវធំបែកជា ៤ លំដាប់នោះ បុរស ៦ នាក់ មានអម្រែកក្នុងដៃ ដើរមក បុរសទាំងនោះ វាយកណ្តាប់ស្រូវដំណើប ដោយដងរែក ទាំង ៦ ម្នាលភិក្ខុទាំងឡាយ កាលបើកណ្តាប់ស្រូវដំណើបនោះ ដែលពួកបុរស កំពុងវាយព្រមគា្ន ដោយដងរែក ទាំង ៦ យ៉ាងនេះ ស្រាប់តែបុរស ជាគម្រប់ ៧ មានអម្រែកក្នុងដៃ ដើរមក បុរសនោះ វាយកណ្តាប់ស្រូវដំណើបនោះ ដោយដងរែក ទី ៧ ម្នាលភិក្ខុទាំងឡាយ ឯកណ្តាប់ស្រូវដំណើបនោះ កាលបើបុរស វាយដោយដងរែក ទី ៧ យ៉ាងនេះឯង ឈ្មោះថា វាយកំទេចក្រៃលែង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនបានចេះដឹង តែងលំបាក ដោយសាររូបទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត (ដែលមកប៉ះ) នឹងភ្នែក។បេ។ តែងលំបាក ដោយសាររសទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត (ដែលមកប៉ះ) នឹងអណ្តាត។បេ។ តែងលំបាកដោយសារធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត (ដែលមកប៉ះ) នឹងចិត្ត។ ម្នាលភិក្ខុទាំងឡាយ បើបុថុជ្ជន អ្នកមិនចេះ ដឹងនោះ គិតដើម្បីភពថ្មីទៅទៀត។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ មោឃបុរសនោះ ឈ្មោះថា ជាអ្នកត្រូវអារម្មណ៍បៀតបៀន ខ្លាំងក្រៃពេក។ ដូចជាកណ្តាប់ស្រូវដំណើបនោះ ដែលបុរសវាយ ដោយដងរែក ជាគម្រប់ ៧ ដូច្នោះឯង។

ចប់សូត្រ ទី១១។

សូត្រ ទី១២

(១២)

[៣៥០] ម្នាលភិក្ខុទាំងឡាយ រឿងពីព្រេងនាយ ធ្លាប់មានមកថា សង្រ្គាម នៃអសុរ មួយអន្លើដោយទេវតា ជាសង្រា្គមប្រទល់កៀកគ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទ ឈ្មោះ វេបចិត្តិ ហៅអសុរទាំងឡាយមកថា នែពួកយើងរាល់គ្នា បើសង្រ្គាម នៃអសុរ មួយអន្លើ ដោយពួកទេវតា ជាសង្រ្គាមប្រទល់កៀកគ្នាហើយ បើពួកអសុរឈ្នះ ពួកទេវតាចាញ់ អ្នកទាំងឡាយ គប្បីចងសក្កទេវរាជ ជាកំពូល នៃទេវតាទាំងឡាយនោះ ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់អសុរបុរី ក្នុងសំណាក់នៃយើង។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយ ត្រាស់ហៅទេវតាទាំងឡាយ ជាន់តាវត្តិង្សមកថា នែពួកយើងរាល់គ្នា កាលបើសង្រ្គាម នៃអសុរ មួយអន្លើ ដោយទេវតា មកប្រទល់កៀកគ្នាហើយ បើពួកទេវតាឈ្នះ ពួកអសុរចាញ់ អ្នកទាំងឡាយ ត្រូវចងអសុរិន្ទ ឈ្មោះ វេបចិត្តិ នោះ ដោយចំណង មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់ទេវសភា ឈ្មោះ សុធម្មា ក្នុងសំណាក់នៃយើង។ ម្នាលភិក្ខុទាំងឡាយ ឯក្នុងសង្រ្គាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវតាឋានតាវត្តិង្ស ចាប់ចងវេបចិត្តិអសុរិន្ទ ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយនាំមកកាន់ទេវសភា ឈ្មោះសុធម្មា ក្នុងសំណាក់ នៃសក្កទេវរាជ ជាកំពូលនៃទេវតាទាំងឡាយ។

[៣៥១] ម្នាលភិក្ខុទាំងឡាយ បានឮថា ក្នុងសង្រ្គាមនោះ វេបចិត្តិអសុរិន្ទ ជាប់ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ មែន។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលណា វេបចិត្តិអសុរិន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកទេវតា ប្រកបដោយធម៌មែន ពួកអសុរ មិនប្រកបដោយធម៌ទេ ឥឡូវនេះ អាត្មាអញ ទៅកាន់បុរីទេវតា។ ក្នុងកាលនោះ វេបចិត្តិអសុរិន្ទ ក៏ពិចារណាឃើញនូវខ្លួន ដែលរួចចេញ ចាកចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ហើយថែមទាំងបានឆ្អែតស្កប់ស្កល់គ្រប់សព្វ មានគេបម្រើដោយកាមគុណ ទាំង ៥ ដ៏ជាទិព្វ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលណា វេបចិត្តិអសុរិន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកអសុរ ប្រកបដោយធម៌មែន ពួកទេវតា មិនប្រកបដោយធម៌ទេ ឥឡូវនេះ អាត្មាអញ នឹងទៅកាន់បុរី នៃអសុរ ក្នុងពិភពអសុរនោះវិញ។ កាលនោះ វេបចិត្តិអសុរិន្ទ ពិចារណាឃើញនូវខ្លួន ដែលជាប់ដោយចំណងទាំងឡាយ មានចំណងក ជាគម្រប់ ៥ ទាំងសាបសូន្យ ចាកកាមគុណទាំងឡាយ ៥ ដ៏ជាទិព្វ។ ម្នាលភិក្ខុទាំងឡាយ ចំណងវេបចិត្តិ ដ៏សុខុមយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល សម្គាល់ឃើញ នូវចំណងមារ ដ៏សុខុមជាងនោះទៅទៀត ថាជាចំណងរបស់មារពិត កាលបើមិនសម្គាល់ ទើបផុតចាកមារមានចិត្តបាបបាន។

[៣៥២] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ដូច្នេះថា អាត្មាអញ មានសេចក្តីសម្គាល់ ដូច្នេះថា នេះជាអាត្មាអញ សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមាន សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមិនមាន សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមានរូប សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមិនមានរូប សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ មានសញ្ញា សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមិនមានសញ្ញា សេចក្តីសម្គាល់ ដូច្នេះថា អាត្មាអញ នឹងមានសញ្ញា ក៏ទេ មិនមានសញ្ញាក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ជារោគ សេចក្តីសម្គាល់ជាបូស សេចក្តីសម្គាល់ ជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញ នឹងមានចិត្តឥតមានសេចក្តីសម្គាល់ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

[៣៥៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញមាន សេចក្តីញាប់ញ័រ ដូច្នេះថា នេះជាអាត្មាអញ សេចក្តីញាប់ញ័រ ដូច្នេះថា អាត្មាអញនឹងមាន សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមាន សេចក្តីញាប់ញ័រ ដូច្នេះថា អាត្មាអញនឹងមានរូប សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមានរូប សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមានសញ្ញា សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមិនមានសញ្ញា សេចក្តីញាប់ញ័រដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីញាប់ញ័រជារោគ សេចក្តីញាប់ញ័រជាបូស សេចក្តីញាប់ញ័រ ជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញនឹងមានចិត្តមិនញាប់ញ័រ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៣៥៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីអន្ទះអន្ទែង ដូច្នេះថា អាត្មាអញ មានសេចក្តីអន្ទះអន្ទែងដូច្នេះថា នេះជាអាត្មាអញ ថាអត្មាអញនឹងមាន។បេ។ ថាអាត្មាអញនឹងមិនមាន។ ថាអាត្មាអញនឹងមានរូប។ ថាអាត្មាអញនឹងមិនមានរូប។ ថាអាត្មាអញនឹងមានសញ្ញា។ ថាអាត្មាអញ នឹងមិនមានសញ្ញា។ សេចក្តីអន្ទះអន្ទែងដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីអន្ទះអន្ទែង ជារោគ សេចក្តីអន្ទះអន្ទែងជាបូស សេចក្តីអន្ទះអន្ទែងជាកូនសរ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ត្រូវគិតថា អាត្មាអញនឹងមានចិត្តមិនអន្ទះអន្ទែង នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីយឺតយូរដូច្នេះថា អាត្មាអញមាន សេចក្តីយឺតយូរ ដូច្នេះថា នេះជាអាត្មាអញ ថាអាត្មាអញនឹងមាន។បេ។ ថាអាត្មាអញនឹងមិនមាន។ ថាអាត្មាអញ នឹងមានរូប។ ថាអាត្មាអញនឹងមិនមានូប។ ថាអាត្មាអញនឹងមានសញ្ញា។ ថាអាត្មាអញនឹងមិនមានសញ្ញា។ សេចក្តីយឺតយូរដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញាក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយឺតយូរជារោគ សេចក្តីយឺតយូរជាបូស សេចក្តីយឺតយូរជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញ នឹងមានចិត្តមិនយឺតយូរ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញមាន សេចក្តីប្រកាន់ដូច្នេះថា នេះជាអាត្មាអញ សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមាន សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមិនមាន សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមានរូប សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញ នឹងមិនមានរូប សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមានសញ្ញា សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមិនមានសញ្ញា សេចក្តីប្រកាន់ដូច្នេះថា អាត្មាអញនឹងមានសញ្ញាក៏ទេ មិនមានសញ្ញា ក៏ទេដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រកាន់នេះជារោគ សេចក្តីប្រកាន់នេះជាបូស សេចក្តីប្រកាន់នេះ ជាកូនសរ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ត្រូវគិតថា អាត្មាអញ នឹងមានចិត្តប្រាសចាកសេចក្តីប្រកាន់ នៅគ្រប់ឥរិយាបថ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

ចប់ សូត្រ ទី ១២។

ចប់ អាសីវិសវគ្គ ទី៤។

ឧទ្ទាននៃអាសីវិសវគ្គនោះគឺ

និយាយអំពីអាសីរពិស ១ អំពីរថ ១ អំពីអណ្តើក ១ អំពីកំណាត់ឈើ មាន ២ លើក អំពីភិក្ខុមានចិត្តទទឹកដោយរាគៈ ១ អំពីធម៌ជាទុក្ខ ១ អំពីដើមចារ ១ អំពីពិណ ១ អំពីសត្វ ៦ ពួក ១ អំពីកណ្តាប់ស្រូវដំណើប ១ អំពីសង្រ្គាមទេវតា និងអសុរ ១។

ចប់ បណ្ណាសកៈ ទី ៤ ក្នុងសឡាយតនវគ្គ។

ឧទ្ទាននៃបណ្ណាសកៈ ទី ៤ នោះគឺ

នន្ទិក្ខយវគ្គ ១ សដ្ឋីបេយ្យាល ១ សមុទ្ទវគ្គ ពោលអំពីទឹក ១ បណ្ណាសកៈ ទី ៤ នេះ ព្រះមានព្រះភាគ សម្តែងហើយ ក្នុងពួកនិបាត។

ចប់ ភាគ៣៥ ។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.v19.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann