តិបិដក (មូល) » សុត្តបិដក » សំយុត្តនិកាយ » សឡាយតនវគ្គ » មាតុគ្គាមសំយុត្ត (ទី៣) » មាតុគ្គាមពលវគ្គ ទី២(៣) »
ដូច្នេះមក! កាន់យកនូវទ្រព្យ មានខ្លឹមរបស់ខ្លួន ក្នុងលោកនេះដោយពិត។
sn 37.034 បាលី cs-km: sut.sn.37.034 អដ្ឋកថា: sut.sn.37.034_att PTS: ?
(វឌ្ឍី)សូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. វឌ្ឍីសុត្តំ)
[១៣៨] ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលបើចំរើន ដោយសេចក្តីចំរើន ៥ យ៉ាងហើយ តែងចំរើនដោយសេចក្តីចំរើន ដ៏ប្រសើរ ឈ្មោះថា ជាអ្នកកាន់យក នូវទ្រព្យមានខ្លឹម កាន់យកនូវទ្រព្យ ដ៏ប្រសើរ របស់កាយបាន។ សេចក្តីចំរើន ៥ យ៉ាង គឺអ្វីខ្លះ។ គឺចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលបើចំរើនដោយសេចក្តីចំរើនទាំង ៥ យ៉ាងនេះហើយ តែងចំរើនដោយសេចក្តី ចំរើនដ៏ប្រសើរ ឈ្មោះថា ជាអ្នកកាន់យកនូវទ្រព្យមានខ្លឹម កាន់យកនូវទ្រព្យ ដ៏ប្រសើរ របស់កាយបាន។
អរិយសាវិកា រមែងចំរើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង និងចំរើនដោយហេតុទាំងពីរ គឺ ចាគៈផង សុតៈផង ឧបាសិកា មានសីលបែបនោះ រមែងកាន់យកនូវទ្រព្យ មានខ្លឹមរបស់ខ្លួន ក្នុងលោកនេះដោយពិត។
ចប់ សូត្រ ទី១០។
ចប់ មាតុគ្គាមពលវគ្គ ទី ២(ទី ៣)។
ឧទ្ទាននៃមាតុគ្គាមពលវគ្គនោះគឺ
និយាយអំពីមាតុគ្រាម ប្រកបដោយកម្លាំងប្រាំ ជាអ្នកក្លៀវក្លា ១ អំពីមាតុគ្រាមបង្រ្គបប្តី ១ អំពីមាតុគ្រាមគ្របសង្កត់ប្តី ១ អំពីមាតុគ្រាមប្រកបដោយអង្គ ១ អំពីពួកញាតិ ឲ្យមាតុគ្រាមវិនាស ជាគម្រប់ប្រាំ ១ អំពីហេតុ ១ អំពីស្ថាន ២ លើក អំពីមាតុគ្រាមក្លៀវក្លា ១ អំពីអរិយសាវិកាចំរើន ដោយសេចក្តីចំរើន ១ រួមត្រូវជា ១០។
ចប់ មាតុគ្គាមសំយុត្ត។