km:tipitaka:sut:sn:41:sut.sn.41.001



(សំយោជន)សូត្រ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 41.001 បាលី cs-km: sut.sn.41.001 អដ្ឋកថា: sut.sn.41.001_att PTS: ?

(សំយោជន)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. សំយោជនសុត្តំ)

[១៧៩] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃ មច្ឆិកា។ សម័យនោះឯង កាលដែលភិក្ខុ ជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរា កថា នេះកើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី1) មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា2) ផ្សេងគ្នាតែព្យញ្ជនៈ។3) បណ្តាភិក្ខុទាំងនោះ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។

[១៨០] សម័យនោះឯង ចិត្តគហបតី បានទៅដល់ស្រុកមិគបថកៈ ដោយកិច្ចនីមួយ។ ចិត្តគហបតី បានឮដំណឹងថា កាលភិក្ខុ ជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។

[១៨១] គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ទូលសួរទៅនឹងពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបានឮដំណឹង ដូច្នេះថា កាលដែលភិក្ខុជាថេរៈច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត បានអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយ ក៏មានអន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នា មានព្យញ្ជនៈផ្សេងគ្នា ឬមានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ភិក្ខុជាថេរៈពួកខ្លះ ដោះស្រាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។ អើ គហបតី។ បពិត្រលោកដ៏ចំរើន ធម៌ទាំងនេះ គឺសញ្ញោជនៈក្តី សញ្ញោជនិយធម៌ក្តី មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ បពិត្រលោកដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីឧបមា។ ព្រោះថា វិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ តែងដឹងច្បាស់ នូវអត្ថនៃភាសិត ដោយសេចក្តីឧបមា។

[១៨២] បពិត្រលោកដ៏ចំរើន ដូចគោខ្មៅ និងគោស ដែលគេទឹមដោយខ្សែទាម ឬខ្សែបរតែមួយ។ បុគ្គលណា គប្បីពោលយ៉ាងនេះថា គោខ្មៅ ជាសញ្ញោជនៈ4) របស់គោស គោស ជាសញ្ញោជនៈ របស់គោខ្មៅ។ បុគ្គលនោះ ឈ្មោះថា និយាយត្រូវដែរឬ។ ពាក្យនោះ មិនមែនត្រូវទេ គហបតី។ ម្នាលគហបតី គោខ្មៅ មិនមែនជាសញ្ញោជនៈ របស់គោសទេ គោស ក៏មិនមែនជាសញ្ញោជនៈ របស់គោខ្មៅដែរ គោទាំងនោះ គេទឹមដោយខ្សែទាម ឬខ្សែបរតែមួយឯណា ខ្សែទាម ឬខ្សែបរនោះ ជាសញ្ញោជនៈ ក្នុងការទឹមនោះ យ៉ាងណាមិញ។ បពិត្រលោកដ៏ចំរើន ភ្នែក មិនមែនជាសញ្ញោជនៈ របស់រូបទេ រូប មិនមែនជាសញ្ញោជនៈ របស់ភ្នែកទេ សេចក្តីត្រេកត្រអាល ឯណា កើតឡើង ព្រោះអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ក្នុងចក្ខុសម្ផស្សនោះ សេចក្តីត្រេកត្រអាលនោះ ជាសញ្ញោជនៈ ក្នុងចក្ខុសម្ផស្សនោះ។ ត្រចៀក មិនមែនជាសញ្ញោជនៈ របស់សំឡេងទេ។ ច្រមុះ មិនមែនជាសញ្ញោជនៈ របស់ក្លិនទេ។ អណ្តាត មិនមែនជាសញ្ញោជនៈ របស់រសទេ។ កាយ មិនមែនជាសញ្ញោជនៈ របស់ផោដ្ឋព្វៈទេ ផោដ្ឋព្វៈ មិនមែនជាសញ្ញោជនៈ របស់កាយទេ សេចក្តីត្រេកត្រអាលឯណា កើតឡើង ព្រោះអាស្រ័យនូវកាយ និងផោដ្ឋព្វៈទាំងពីរនោះ ក្នុងកាយសម្ផស្សនោះ សេចក្តីត្រេកត្រអាលនោះ ជាសញ្ញោជនៈ ក្នុងកាយសម្ផស្សនោះ។ ចិត្ត មិនមែនជាសញ្ញោជនៈ របស់ធម្មារម្មណ៍ទេ ធម្មារម្មណ៍ មិនមែនជាសញ្ញោជនៈ របស់ចិត្តទេ សេចក្តីត្រេកត្រអាលឯណា កើតឡើង ព្រោះអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ ក្នុងមនោសម្ផស្សនោះ សេចក្តីត្រេកត្រអាលនោះ ជាសញ្ញោជនៈ ក្នុងមនោសម្ផស្សនោះ ក៏យ៉ាងនោះឯង។ ម្នាលគហបតី អ្នកហៅពេញជាមានលាភ ម្នាលគហបតី អត្តភាព ជាមនុស្ស ពេញហៅថា អ្នកបានដោយល្អ ព្រោះថា អ្នកមានបញ្ញាចក្ខុ លុះក្នុងពុទ្ធវចនៈ ដ៏ជ្រៅ។

ចប់ សូត្រ ទី១។

 

លេខយោង

1)
ធម៌ជាហេតុនៃសញ្ញោជនៈ។
2)
រូបសេចក្តី។
3)
ជាឈ្មោះ ឬតួអក្សរ។
4)
ជាគ្រឿងទឹម។
km/tipitaka/sut/sn/41/sut.sn.41.001.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann