(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 41.004 បាលី cs-km: sut.sn.41.004 អដ្ឋកថា: sut.sn.41.004_att PTS: ?
(មហកបាដិហារិយ)សូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. មហកបាដិហារិយសុត្តំ)
[១៩៦] សម័យមួយ ភិក្ខុជាថេរៈច្រើនរូប គង់នៅវត្តអម្ពាដកវន នាដងព្រៃ មច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះថេរៈទាំងឡាយ ទទួលភត្ត ព្ធដ៏ក្រោលគោ របស់ខ្ញុំព្រះករុណា ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ចិត្តគហបតី ដឹងច្បាស់ថា ពួកភិក្ខុជាថេរៈទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណហើយចេញទៅ។
[១៩៧] លុះរាត្រីនោះកន្លងទៅហើយ ទើបពួកភិក្ខុជាថេរៈ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ក្រោលគោ របស់ចិត្តគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ គ្រានោះ ចិត្តគហបតី ញុំាងពួកភិក្ខុជាថេរៈ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយសប្បិបាយាស (បាយាសលាយទឹកដោះរាវ) ដ៏ឧត្តម ដោយដៃខ្លួនឯង។ ពួកភិក្ខុជាថេរៈ លុះឆាន់រួច លែងលូកដៃទៅក្នុងបាត្រទៀតហើយ ក៏ក្រោកចាកអាសនៈ ហើយចេញទៅ។ ចិត្តគហបតី ពោលថា សូមព្រះករុណាទាំងឡាយ ឲ្យទាននូវភត្ត ដែលសល់ ហើយក៏ដើរតាមក្រោយ ៗ ពួកភិក្ខុជាថេរៈ។ សម័យនោះឯង សេចក្តីក្តៅ1) ខ្លាំង ក៏កើតមាន។ ភិក្ខុជាថេរៈទាំងនោះ ទើបតែនឹងឆាន់ភោជនរួច ខំប្រឹងដើរទៅ មានកាយលំបាកពេកណាស់។
[១៩៨] សម័យនោះឯង ព្រះមហកៈដ៏មានអាយុ ជាភិក្ខុថ្មីជាងគេ ក្នុងភិក្ខុសង្ឃ នោះ។ គ្រានោះ ព្រះមហកៈដ៏មានអាយុ ពោលទៅនឹងព្រះថេរៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន ប្រសិនបើមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀង ក៏ធ្លាក់ចុះមកមួយគ្រាប់ ៗ ជាការប្រពៃណាស់។ ព្រះថេរៈពោលថា ម្នាលអាវុសោ មហកៈ ប្រសិនបើមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀង ក៏ធ្លាក់ចុះមក មួយគ្រាប់ ៗ ជាការប្រពៃពិត។ ទើបព្រះមហកៈដ៏មានអាយុ តាក់តែងនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ គឺឲ្យមានខ្យល់ត្រជាក់បក់មក ទាំងមេឃក៏ស្រទំ ទាំងភ្លៀងក៏ធ្លាក់ចុះមកមួយគ្រាប់ ៗ។
[១៩៩] គ្រានោះ ចិត្តគហបតីមានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុឯណា ថ្មីជាងគេបង្អស់ ក្នុងភិក្ខុសង្ឃនេះ អានុភាពនៃឫទ្ធិមានសភាពដូច្នេះ នេះជារបស់ភិក្ខុនោះ។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ បានទៅដល់អារាមហើយ ក៏ពោលទៅនឹងព្រះថេរៈ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះថេរៈដ៏ចំរើន ប៉ុណ្ណេះល្មមហើយឬនៅ ព្រះថេរៈក៏ពោលថា ម្នាលអាវុសោមហកៈ ប៉ុណ្ណេះល្មមហើយ ម្នាលអាវុសោមហកៈ ធ្វើប៉ុណ្ណេះចុះ ម្នាលអាវុសោមហកៈ បូជាប៉ុណ្ណេះហើយ។ គ្រានោះ ពួកភិក្ខុជាថេរៈ ក៏បានទៅដល់វត្តរៀងខ្លួន ឯព្រះមហកៈដ៏មានអាយុ ក៏បានទៅដល់វត្តរបស់ខ្លួនដែរ។ លំដាប់នោះ ចិត្តគហបតី ចូលទៅរកព្រះមហកៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហកៈដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលទៅនឹងព្រះមហកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះមហកៈជាម្ចាស់ សំដែងនូវឥទ្ធិបាដិហារ្យ ជាធម៌របស់មនុស្ស ដ៏លើសលុប ដល់ខ្ញុំព្រះករុណា ឲ្យទាន។ ម្នាលគហបតី បើដូច្នោះ ចូរអ្នកក្រាលសំពត់ឧត្តរាសង្គៈ គ្របលើបាច់ស្មៅ ឰដ៏របៀង។ ចិត្តគហបតី ទទួលពាក្យរបស់ព្រះមហកៈដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ ហើយក៏ក្រាលសំពត់ឧត្តរាសង្គៈ គ្របលើបាច់ស្មៅ ឰដ៏របៀង។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ ចូលទៅកាន់វិហារ ចាក់គន្លឹះទ្វារហើយ ក៏តាក់តែង នូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ បណ្តាលឲ្យមានអណ្តាតភ្លើង ចេញទៅតាមប្រហោង កូនសោរផង តាមចន្លោះទ្វារផង ឆេះនូវស្មៅទាំងឡាយ តែមិនឆេះសំពត់ឧត្តរាសង្គៈឡើយ។ គ្រានោះ ចិត្តគហបតី បោកសំពត់ឧត្តរាសង្គៈ ទៅជាតក់ស្លុតព្រឺរោម ឈរនៅក្នុងទីដ៏សមគួរ។ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ ចេញអំពីវិហារហើយ ពោលទៅនឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី ប៉ុណ្ណេះល្មមហើយឬនៅ។ បពិត្រព្រះមហកៈ ដ៏ចំរើន ប៉ុណ្ណេះល្មមហើយ បពិត្រព្រះមហកៈដ៏ចំរើន ធ្វើប៉ុណ្ណេះចុះ បពិត្រព្រះមហកៈដ៏ចំរើន បូជាប៉ុណ្ណេះហើយ បពិត្រលោកដ៏ចំរើន សូមព្រះមហកៈជាម្ចាស់ ត្រេកអរ ចំពោះវត្តអម្ពាដកវន ជាទីសប្បាយ នាដងព្រៃមច្ឆិកាចុះ ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ ព្រះមហកៈជាម្ចាស់។ ម្នាលគហបតី អ្នកពោលពាក្យប្រពៃហើយ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ រៀបចំទុកដាក់សេនាសនៈហើយ ក៏កាន់យកបាត្រ និងចីវរ ចេញទៅអំពីដងព្រៃមច្ឆិកា ព្រោះថា ចេញទៅអំពីដងព្រៃមច្ឆិកា ចេញទៅតែម្តង មិនបានត្រឡប់មកវិញឡើយ។
ចប់ សូត្រ ទី៤។