km:tipitaka:sut:sn:41:sut.sn.41.008



(និគណ្ឋនាដបុត្ត)សូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 41.008 បាលី cs-km: sut.sn.41.008 អដ្ឋកថា: sut.sn.41.008_att PTS: ?

(និគណ្ឋនាដបុត្ត)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. និគណ្ឋនាដបុត្តសុត្តំ)

[២១៩] សម័យនោះឯង និគ្គណ្ឋនាដបុត្ត បានទៅដល់ដងព្រៃមច្ឆិកា ជាមួយនឹងនិគ្រន្ថ ជាបរិស័ទដ៏ច្រើន។ ចិត្តគហបតី ឮដំណឹងថា និគ្គណ្ឋនាដបុត្ត មកដល់ដងព្រៃមច្ឆិកា ជាមួយនឹងនិគ្រន្ថ ជាបរិស័ទដ៏ច្រើន។ គ្រានោះ ចិត្តគហបតី ព្រមទាំងពួកឧបាសកជាច្រើន ចូលទៅរកនិគ្គណ្ឋនាដបុត្ត លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងនិគ្គណ្ឋនាដបុត្ត លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ និគ្គណ្ឋនាដបុត្ត ក៏សួរទៅ ដូច្នេះថា ម្នាលគហបតី អ្នកជឿពាក្យសមណគោតមថា សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់នៃវិតក្កៈ និងវិចារៈក៏មានឬ។ បពិត្រលោកដ៏ចំរើន ខ្ញុំមិនប្រព្រឹត្តទៅ ដោយសេចក្តីជឿពាក្យ របស់ព្រះដ៏មានព្រះភាគ ក្នុងហេតុនេះថា សមាធិ មិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់នៃវិតក្កៈ និងវិចារៈក៏មាន ដូច្នេះទេ។

[២២០] កាលបើចិត្តគហបតី ពោលយ៉ាងនេះ និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើលបរិស័ទរបស់ខ្លួន ហើយពោលទៅ ដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សមិនអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមិនមានកិច្ចកល បុគ្គលឯណា គប្បីសម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់នូវខ្យល់ ថាជារបស់គួរបៀតបៀនបាន ដោយអណ្តាតភ្លើង បុគ្គលឯណា គប្បីសម្គាល់ នូវវិតក្កៈ និងវិចារៈ ថាជាធម្មជាតគួររំលត់បាន បុគ្គលនោះ គប្បីសម្គាល់ នូវខ្សែនៃគង្គា ថាជារបស់គួរឃាត់ ដោយក្តាប់ដៃនៃខ្លួនបានដែរ។ បពិត្រលោកដ៏ចំរើន ចុះលោកសម្គាល់ នូវសេចក្តីនោះ ដូចម្តេច ញាណក្តី សទ្ធាក្តី (បណ្តាធម្មជាតទាំង ២ នេះ) ធម្មជាតណា ឧត្តមជាង។ ម្នាលគហបតី ញាណឧត្តមជាងសទ្ធា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាស្ងាត់ចាកកាម ស្ងាត់ចាកអកុសលទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដ៏កើតអំពីសេចក្តីស្ងាត់ ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នារម្ងាប់ នូវវិតក្កៈវិចារៈ។បេ។ ដល់នូវទុតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នានឿយណាយ ចាកបីតិ។ បេ។ ដល់នូវតតិយជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន ខ្ញុំប្រាថ្នាលះបង់នូវសុខ។ បេ។ បានដល់នូវ ចតុត្ថជ្ឈាន ប្រព្រឹត្តនៅ គ្រប់ឥរិយាបថ កំណត់ត្រឹមណា។ បពិត្រលោកដ៏ចំរើន កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នឹងមិនប្រព្រឹត្តទៅ ដោយសេចក្តីជឿពាក្យ របស់សមណៈ ឬព្រាហ្មណ៍ណាមួយថា សមាធិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន សេចក្តីរលត់ នៃវិតក្កៈ និងវិចារៈក៏មាន ដូច្នេះទេ។

[២២១] កាលបើចិត្តគហបតីពោលយ៉ាងនេះ និគ្គណ្ឋនាដបុត្ត ក៏ក្រឡេកមើលទៅបរិស័ទរបស់ខ្លួន ហើយពោលដូច្នេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ឯចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តមិនត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមានកិច្ចកល។ បពិត្រលោកដ៏ចំរើន យើងដឹងច្បាស់ពាក្យ ដែលលោកពោលហើយ ក្នុងកាលអម្បាញ់មិញនេះ យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សមិនអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមិនមានកិច្ចកល។ បពិត្រលោកដ៏ចំរើន ឥឡូវនេះ យើងបានដឹងច្បាស់ ពាក្យដែលលោកម្ចាស់ពោលហើយ យ៉ាងនេះវិញថា អ្នកដ៏ចំរើនទាំងឡាយ ចូរមើលនូវគហបតីនេះចុះ ចិត្តគហបតីនេះ ពេញជាមនុស្សមានចិត្តមិនត្រង់ ចិត្តគហបតីនេះ ពេញជាមនុស្សអែបអប ចិត្តគហបតីនេះ ពេញជាមនុស្សមានកិច្ចកល។ បពិត្រលោកដ៏ចំរើន បើពាក្យមុនរបស់លោកជាពាក្យពិត ពាក្យក្រោយរបស់លោក ជាពាក្យខុសវិញ។ បពិត្រលោកដ៏ចំរើន បើពាក្យក្រោយ របស់លោកជាពាក្យពិត ពាក្យមុនរបស់លោក ជាពាក្យខុសវិញ។ បពិត្រលោកដ៏ចំរើន ប្រស្នាទាំង ១០ ប្រកបដោយធម៌នេះឯង នឹងមកដល់លោក។ កាលណាបើលោកអាចដឹង នូវសេចក្តី នៃប្រស្នាទាំងនោះ។ លោកគប្បីត្រាស់ដឹង នូវប្រស្នាជាដំបូង ជាមួយនឹងនិគ្រន្ថជាបរិស័ទ ប្រស្នា ១1) ឧទ្ទេស ១2) វេយ្យាករណ៍ ១3) ប្រស្នា ២ ឧទ្ទេស ២ វេយ្យាករណ៍ ២ ប្រស្នា ៣ ឧទ្ទេស ៣ វេយ្យាករណ៍ ៣ ប្រស្នា ៤ ឧទ្ទេស ៤ វេយ្យាករណ៍ ៤ ប្រស្នា ៥ ឧទ្ទេស ៥ វេយ្យាករណ៍ ៥ ប្រស្នា ៦ ឧទ្ទេស ៦ វេយ្យាករណ៍ ៦ ប្រស្នា ៧ ឧទ្ទេស ៧ វេយ្យាករណ៍ ៧ ប្រស្នា ៨ ឧទ្ទេស ៨ វេយ្យាករណ៍ ៨ ប្រស្នា ៩ ឧទ្ទេស ៩ វេយ្យាករណ៍ ៩ ប្រស្នា ១០ ឧទ្ទេស ១០ វេយ្យាករណ៍ ១០។ លំដាប់នោះ ចិត្តគហបតី សួរប្រស្នា ទាំង ១០ ដែលប្រកបដោយធម៌នេះ ចំពោះនិគ្គណ្ឋនាដបុត្តរួចហើយ ក៏ក្រោកចាកអាសនៈ ចេញទៅ។

ចប់ សូត្រ ទី៨។

 

លេខយោង

1)
ផ្លូវរបស់ប្រស្នាតែ១ គឺការស្វែងរកប្រស្នាតែ១។
2)
ការសួរនូវប្រស្នាតែ១ ដូចពាក្យសួរថា អ្វីដែលមានតែ១ ឬសួរថា ១ មិនដែលមាន២ គឺអ្វី។។
3)
ការដោះស្រាយ នូវប្រស្នាតែ១ ដូចពាក្យថា សត្វទាំងពួង រស់នៅដោយអាហារ។
km/tipitaka/sut/sn/41/sut.sn.41.008.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann