ធម៌ទស្សន នៃអរិយសាវកមិនមានកម្រើកក្នុងព្រះរតនត្រ័យ សូម្បីមរណកាលមកដល់។
sn 41.010 បាលី cs-km: sut.sn.41.010 អដ្ឋកថា: sut.sn.41.010_att PTS: ?
(គិលានទស្សន)សូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១០. គិលានទស្សនសុត្តំ)
[២២៥] សម័យនោះឯង ចិត្តគហបតីមានអាពាធ ដល់នូវសេចក្តីទុក្ខឈឺធ្ងន់។ គ្រានោះ ពួកទេវតាច្រើន គឺ អារាមទេវតា1) វនទេវតា2) រុក្ខទេវតា3) និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ មកសមាគមប្រជុំគ្នាហើយ ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ កាលបើពួកទេវតា ពោលយ៉ាងនេះ ចិត្តគហបតី ក៏ពោលតប ទៅនឹងពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ (ទាំងនោះ) ដូច្នេះថា របស់នោះ មិនទៀងទេ របស់នោះមិ នឋិតឋេរទេ បុគ្គលត្រូវតែលះបង់របស់នោះទៅ (កាន់បរលោក)។
[២២៦] កាលបើចិត្តគហបតីពោលយ៉ាងនេះ ពួកមិត្តអាមាត្យ និងញាតិសាលោហិត របស់ចិត្តគហបតី ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា នែអយ្យបុត្ត អ្នកចូរប្រុងស្មារតី កុំរវើរវាយឡើយ។ ចិត្តគហបតីពោលថា ចុះខ្ញុំពោលដូចម្តេច បានជាអ្នកទាំងឡាយ ពោលមកនឹងខ្ញុំ យ៉ាងនេះថា នែអយ្យបុត្ត អ្នកចូរប្រុងស្មារតី កុំរវើរវាយឡើយ។ នែអយ្យបុត្ត អ្នកពោលយ៉ាងនេះថា របស់នោះ មិនទៀងទេ របស់នោះ មិនឋិតឋេរទេ បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ (កាន់បរលោក)។ ដូច្នោះមែនហើយ ព្រោះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំ ពោលប្រាប់ខ្ញុំ យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ ខ្ញុំក៏ពោលតប ទៅនឹងពួកទេវតាទាំងនោះ យ៉ាងនេះថា របស់នោះ មិនទៀងទេ របស់នោះ មិនឋិតឋេរទេ បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ ( កាន់បរលោក)។ នែអយ្យបុត្ត ចុះពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលនៅអាស្រ័យឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍ ដូចម្តេច បានជាពោល យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ ដូច្នេះ។ ពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ មានសេចក្តីត្រិរិះ យ៉ាងនេះថា ចិត្តគហបតីនេះ មានសីល មានធម៌ល្អ បើគាត់នឹងតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគត (ក៏បាន)។ ឯសេចក្តីប្រាថ្នាក្នុងចិត្តនេះ របស់ចិត្តគហបតី ដែលមានសីលនោះ នឹងសម្រេចព្រោះសីលបរិសុទ្ធ បុគ្គលប្រកបដោយធម៌ និងថែមឲ្យនូវកម្លាំង ដ៏ប្រកបដោយធម៌។ ពួកអារាមទេវតា វនទេវតា រុក្ខទេវតា និងពួកទេវតា ដែលអាស្រ័យនៅឰដ៏ស្មៅ និងដើមឈើសម្រាប់ធ្វើថ្នាំទាំងនោះ ឃើញនូវអំណាចប្រយោជន៍នេះឯង បានជាពោល យ៉ាងនេះថា ម្នាលគហបតី អ្នកចូរតាំងសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីបានជាស្តេចចក្រពត្តិ ក្នុងកាលជាអនាគតចុះ។ ខ្ញុំក៏ពោលតប ទៅនឹងទេវតាទាំងនោះ យ៉ាងនេះថា របស់នោះ មិនទៀងទេ របស់នោះមិនឋិតឋេរទេ បុគ្គល ត្រូវតែលះបង់របស់នោះ ទៅ (កាន់បរលោក)។ នែអយ្យបុត្ត បើដូច្នោះ ចូរអ្នកទូន្មានយើងទាំងឡាយផង។
[២២៧] ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ស្តេចទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មាន ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់ខ្ជាក់ចោលនូវត្រៃភព។ យើងទាំងឡាយ នឹងប្រកបដោយសេចក្តី ជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះ (នព្វលោកុត្តរធម៌) ជាធម៌ ដែលព្រះអរិយបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន។ យើងទាំងឡាយ នឹងប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិប្រពៃ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិត្រង់ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដ៏សមគួរ ព្រះសង្ឃឯណា បើរាប់ជាគូ នៃបុរស មាន ៤ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល នូវអគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿ នូវកម្ម និងផលនៃកម្ម ហើយនាំមកបូជា គួរដល់អញ្ជលិកម្ម ជាស្រែបុណ្យ នៃសត្វលោក រកស្រែដទៃក្រៃលែងជាងគ្មាន។ មួយទៀត ទេយ្យធម៌ឯណាបន្តិចបន្តួច ក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ បុគ្គលអ្នកមានសីល មានធម៌ល្អ មិនមានចែកមុខឡើយ។ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។ លំដាប់នោះ ចិត្តគហបតី លុះញុំាងមិត្តអាមាត្យ និងញាតិសាលោហិត ឲ្យទទួលប្រតិបត្តិ ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងការបរិច្ចាគ រួចហើយ ក៏ធ្វើមរណកាលទៅ។
ចប់ ចិត្តគហបតិបុប្ផាសំយុត្ត។
ឧទ្ទាននៃចិត្តគហបតិបុប្ផាសំយុត្តិនោះគឺ
និយាយអំពីសញ្ញោជនៈ ១ ព្រះឥសិទត្ត ២ លើក ព្រះមហកៈ ១ ព្រះកាមភូ ១ ព្រះគោទត្ត ១ និគ្គណ្ឋនាដបុត្ត ១ អចេលកស្សប ១ ចិត្តគហបតិឈឺ ១។