km:tipitaka:sut:sn:42:sut.sn.42.002



(តាលបុដ)សូត្រ ទី២

សង្ខេប

តើ​ញោម​ៗ ចង់​ក្លាយ​ជា​តារាកំ​ប្លែង?

sn 42.002 បាលី cs-km: sut.sn.42.002 អដ្ឋកថា: sut.sn.42.002_att PTS: ?

(តាលបុដ)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. តាលបុដសុត្តំ)

[២៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ នដគាមណី1) ឈ្មោះ តាលបុត្ត ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះតាលបុត្តនដគាមណី អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះដ៏មានព្រះភាគ ត្រាស់ដូចម្តេច។ ព្រះអង្គត្រាស់ថា ណ្ហើយគាមណី រឿងនុ៎ះ លើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។

[២៣២] តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ អាចារ្យ ប្រធានលើអាចារ្យ ក្នុងកាលមុននិយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផង ឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ តាលបុត្តនដគាមណី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យ ក្នុងកាលមុន និយាយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបហាសទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។

[២៣៣] ម្នាលគាមណី តថាគតមិនបានដោះស្រាយនឹងអ្នកជាប្រាកដ ព្រោះតថាគត បានឃាត់អ្នកហើយថា ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនោះ នឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគត នឹងសំដែងឲ្យស្តាប់។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាករាគៈ ជាសត្វជាប់ចំណង គឺរាគៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យឲ្យកើតរាគៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយរាគៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកទោសៈ ជាសត្វជាប់ចំណង គឺទោសៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យ ឲ្យកើតទោសៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយទោសៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកមោហៈ ជាសត្វជាប់ចំណង គឺមោហៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែងប្រមូលយកធម៌ ដែលជាបច្ច័យឲ្យកើតមោហៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយមោហៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព។ អ្នកលេងរបាំនោះ ជាអ្នកស្រវឹង ជាអ្នកប្រមាទ ដោយខ្លួនឯង ឋិតនៅក្នុងសេចក្តីប្រមាទ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯបហាសនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា អ្នកលេងរបាំ ឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងបហាសទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។

[២៣៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ តាលបុត្តនដគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគតមិនបានថាឲ្យអ្នកឯង យ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកឯងកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនយំពីព្រោះរឿង ដែលទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកអ្នកលេងរបាំ ជាអាចារ្យប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោត កុហកខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា អ្នកលេងរបាំឯណា ធ្វើអ្នកផងឲ្យស្រស់ស្រាយ ឲ្យត្រេកអរ ដោយពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងបហាសទេវតា។ តាលបុត្តនដគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ច្បាស់ណាស់ព្រះអង្គ ច្បាស់ណាស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ឬប្រាប់ផ្លូវ ដល់មនុស្សវង្វេង ពុំនោះ ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ឲ្យអ្នកមានភ្នែក មើលឃើញរូបបាន យ៉ាងណាមិញ។ ធម៌ដែលព្រះដ៏មានព្រះភាគ ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានបុណ្យផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ តាលបុត្តនដគាមណី ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានបុណ្យ។ លុះព្រះតាលបុត្តដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ជាបុគ្គលម្នាក់ឯង ចេញចាកពួក មិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះតាលបុត្តដ៏មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

ចប់ សូត្រ ទី២។

 

លេខយោង

1)
អ្នកធំក្នុងស្រុក ជាអ្នកលេងរបាំ។
km/tipitaka/sut/sn/42/sut.sn.42.002.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann