ការចិញ្ចឹមជីវិតរបស់យោធា ក្រោយពីបែកធ្លាយរាងកាយសម្លាប់ទៅ នឹងទៅកាន់ទីណា?
sn 42.003 បាលី cs-km: sut.sn.42.003 អដ្ឋកថា: sut.sn.42.003_att PTS: ?
(យោធាជីវ)សូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. យោធាជីវសុត្តំ)
[២៣៥] គ្រានោះ យោធាជីវគាមណី1) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់។ បេ។ លុះយោធាជីវគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធានលើអាចា្យជាន់មុន និយាយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម យោធាជីវៈនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ អស់វារៈ ២ ដង។បេ។ យោធាជីវគាមណី ក្រាបបង្គំទូលចំពោះព្រះដ៏មានបុណ្យ អស់វារៈ ៣ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យរបស់ពួកយោធាជីវៈ ជាអាចារ្យប្រធាន លើអាចា្យជាន់មុន និយាយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃ សំឡាប់បំផ្លាញ នូវយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម យោធាជីវៈនោះ លុះទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច។ (ម្នាលគាមណី តថាគត មិនបានដោះស្រាយនឹងអ្នកជាប្រាកដ) ព្រោះតថាគត បានឃាត់អ្នកហើយថា ណ្ហើយ គាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ ប៉ុន្តែបើអ្នកចេះតែសួរ តថាគតនឹងសំដែងឲ្យអ្នកស្តាប់។ ម្នាលគាមណី យោធាជីវៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ចិត្តរបស់យោធាជីវៈនោះ កាលពីមុន តែងកាន់អំពើអាក្រក់ ដំកល់ទុកអាក្រក់ថា ចូរឲ្យពួកសត្វទាំងនេះស្លាប់ទៅ ហិនហោចទៅ សាបសូន្យទៅ វិនាសទៅ ឬថា កុំឲ្យមានឡើយ ដូច្នេះ។ ពួកជនដទៃ ក៏សំឡាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែង ព្យាយាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសរជិតនរក។ បើគេមានសេចក្តីយល់ យ៉ាងនេះថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹងសរជិតទេវតា ដូច្នេះ។ សេចក្តីយល់នោះ របស់បុរសបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ។ ម្នាលគាមណី មួយទៀត បុរសបុគ្គល ជាមិច្ឆាទិដ្ឋិ តថាគតពោលថា មានគតិតែ ២ យ៉ាង គឺ នរក ឬតិរច្ឆានណាមួយមិនខាន។
[២៣៦] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ យោធាជីវគាមណី ក៏យំសម្រក់ទឹកភ្នែក។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគតមិនបានថា ឲ្យអ្នកឯងយ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំសួររឿងនុ៎ះនឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំពីព្រោះរឿង ដែលទ្រង់ត្រាស់ នឹងខ្ញុំព្រះអង្គ យ៉ាងនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពួកយោធាជីវៈ ជាអាចារ្យ ប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោតកុហក ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែងហើយថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសំឡាប់បំផ្លាញ យោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះយោធាជីវៈនោះ ទម្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកសរជិតទេវតា។ យោធាជីវៈគាមណី ពោលសរសើរព្រះដ៏មានព្រះភាគថា ភ្លឺច្បាស់ណាស់ព្រះអង្គ ភ្លឺច្បាស់ណាស់ព្រះអង្គ។ បេ។ ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។
ចប់ សូត្រ ទី៣។