km:tipitaka:sut:sn:42:sut.sn.42.009



(កុល)សូត្រ ទី៩

សង្ខេប

មនុស្ស​ជា​ច្រើន​អាច​និយាយ​ថា ផ្លូវ​ព្រះពុទ្ធ​បំផ្លាញ​គ្រួសារ។

sn 42.009 បាលី cs-km: sut.sn.42.009 អដ្ឋកថា: sut.sn.42.009_att PTS: ?

(កុល)សូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. កុលសុត្តំ)

[២៦២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ទ្រង់ស្តេចទៅដល់ក្រុងនាឡន្ទា។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទានោះ។ សម័យនោះឯង ក្រុងនាឡន្ទា កើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង1) មានឆ្អឹងសដេរដាស2) មានសំទូងដូចជាស្លាក។3) សម័យនោះ និគ្គណ្ឋនាដបុត្ត ក៏អាស្រ័យនៅជិតក្រុងនាឡន្ទាដែរ ព្រមដោយនិគ្គណ្ឋបរិស័ទជាច្រើន។ គ្រានោះ អសិពន្ធកបុត្តគាមណី ជាសាវករបស់និគ្រន្ថ ចូលទៅរកនិគ្គណ្ឋនាដបុត្ត លុះចូលទៅដល់ ក៏ថ្វាយបង្គំនិគណ្ឋនាដបុត្ត ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីសមគួរហើយ និគ្គណ្ឋនាដបុត្ត ក៏ពោលដូច្នេះថា ម្នាលគាមណី អ្នកចូរមក អ្នកចូរលើកវាទៈ របស់សមណគោតម កិត្តិសព្ទដ៏ពីរោះ នឹងខ្ចរខ្ចាយសាយឡើងដល់អ្នក យ៉ាងនេះថា អសិពន្ធកបុត្តគាមណី បានលើកវាទៈ របស់សមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ អសិពន្ធកបុត្តគាមណី សួរថា បពិត្រលោកដ៏ចំរើន ចុះឲ្យខ្ញុំលើកវាទៈ របស់សមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ថាដូចម្តេច។ ម្នាលគាមណី អ្នកចូរមក ចូរអ្នកចូលទៅរកសមណគោតម លុះចូលទៅដល់ហើយ សួរសមណគោតម យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងពណ៌នា នូវសេចក្តីអាណិត ពណ៌នា នូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយ មិនមែនទេឬ។ ម្នាលគាមណី បើអ្នកសួរយ៉ាងនេះហើយ សមណគោតម មុខជាដោះស្រាយយ៉ាងនេះថា យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគត តែងពណ៌នានូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវការអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែន។ អ្នកត្រូវនិយាយនឹងសមណគោតមនោះ យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ម្តេចក៏ព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ជាច្រើន ត្រាច់ទៅកាន់ចារិក ក្នុងក្រុងនាឡន្ទា ដែលកំពុងកើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង មានឆ្អឹងសដេរដាស មានសំទូងដូចជាស្លាក (ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។ ម្នាលគាមណី សមណគោតម បើអ្នកសួរប្រស្នា មានចុងបែកជាពីរ បែបនេះហើយ ប្រាកដជាមិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន គឺថានឹងលេបទៅស្លាក់ ខ្ជាក់ទៅស្លែងពុំខានឡើយ។

[២៦៣] អសិពន្ធកបុត្តគាមណី ទទួលស្តាប់ពាក្យរបស់និគ្គណ្ឋនាដបុត្តថា ករុណា លោកម្ចាស់ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំនិគ្គណ្ឋនាដបុត្ត ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងពណ៌នា នូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែនឬ។ យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគត តែងពណ៌នា នូវសេចក្តីអាណិត ពណ៌នានូវការរក្សា ពណ៌នានូវសេចក្តីអនុគ្រោះ ដល់ត្រកូលទាំងឡាយ ដោយអនេកបរិយាយមែន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ម្តេចក៏ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃជាច្រើន ត្រាច់ទៅកាន់ចារិក ក្នុងក្រុងនាឡន្ទា ដែលកំពុងកើតទុរ្ភិក្ស អ្នកស្រុកមានសេចក្តីធុញថប់ ដោយហេតុពីរយ៉ាង មានឆ្អឹងសដេរដាស មានសំទូងដូចជាស្លាក (ដូច្នេះ) ព្រះដ៏មានព្រះភាគ ឈ្មោះថា ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយហើយ។

[២៦៤] ម្នាលគាមណី តថាគតរឭកឃើញ ៩១ កប្ប រាប់អំពីភទ្រកប្បនេះ (ទៅក្រោយវិញ) តថាគត មិនឃើញត្រកូលណាមួយ ដែលធ្លាប់គេបៀតបៀន ព្រោះតែឲ្យទានបាយឆ្អិនស្រាប់ឡើយ។ ដែលពិតនោះ គឺត្រកូលទាំងឡាយឯណា ស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន សម្បូរមាសប្រាក់ សម្បូរគ្រឿងឧបករណ៍ សម្បូរទ្រព្យ និងស្រូវ ត្រកូលទាំងអស់នោះ សុទ្ធតែថ្កុំថ្កើង ដោយសារឲ្យទានផង ថ្កុំថ្កើងដោយសារសច្ចៈធម៌ផង ថ្កុំថ្កើងដោយសារការសង្រួមផង។ ម្នាលគាមណី ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាង ដែលប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ គឺ ត្រកូលដល់នូវការបៀតបៀនអំពីព្រះរាជា ១ ត្រកូលដល់នូវការបៀតបៀនអំពីចោរ ១ ត្រកូលដល់នូវការបៀតបៀនអំពីភ្លើង ១ ត្រកូលដល់នូវការបៀតបៀនអំពីទឹក ១ ទ្រព្យ ដែលត្រកូលកប់ទុក វិនាសបាត់ចាកកន្លែង ១ ការងារដែលត្រកូលប្រកបខុស រមែងវិនាសទៅ ១ សេចក្តីបាក់បែកត្រកូល កើតឡើងក្នុងត្រកូល ១ បុគ្គលឯណា រោយរាយ ខ្ជះខ្ជាយ បំផ្លាញភោគសម្ប័ទ ភោគសម្ប័ទ របស់បុគ្គលនោះ ជារបស់មិនទៀង ១ គ្រប់ជា ៨។ ម្នាលគាមណី នេះឯង ជាហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។ ម្នាលគាមណី កាលបើហេតុមាន ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះហើយ បុគ្គលឯណា និយាយចំពោះតថាគត យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីផ្តាច់បង់ នូវត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីសេចក្តីវិនាស ដល់ត្រកូលទាំងឡាយ ព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីបៀតបៀនត្រកូលទាំងឡាយ។ ម្នាលគាមណី បុគ្គលនោះ បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចគេនាំយកទៅទំលាក់ចោល។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។ សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ។

ចប់ សូត្រ ទី៩។

 

លេខយោង

1)
ធុញថប់ដោយហេតុ២យ៉ាង គឺ ធុញថប់ថា យើងនឹងរស់ដែរឬ ១ ធុញថប់ថា យើងនឹងមិនរស់ទេ ១។
2)
មនុស្សអ្នកស្រុកនាឡន្ទា អត់បាយ ស្លាប់ចោលឆ្អឹងសដេរដាស។
3)
សំទូងដែលគេស្ទូង ក៏មិនលូតលាស់ល្អ។ អដ្ឋកថា។
km/tipitaka/sut/sn/42/sut.sn.42.009.txt · ពេលកែចុងក្រោយ: 2024/04/30 01:21 និពន្ឋដោយ Johann