km:tipitaka:sut:sn:42:sut.sn.42.010



(មណិចូឡក)សូត្រ ទី១០

សង្ខេប

ឧបាសក​​សួរ​​ព្រះពុទ្ធ​​ថា តើ​​ព្រះពុទ្ធ​​អនុញ្ញាត​​ឲ្យ​​ប្រើ​​លុយ និង​​ដូរ​​ប្រាក់​​ទេ? ព្រះ​​មាន​ព្រះ​​ភាគ ត្រាស់​​ថា៖ «ម្នាល​​គាមណី មាស និង​​ប្រាក់ គួរ​​ដល់​​បុគ្គល​​ណា កាម​​គុណ ៥ ក៏​​គួរ​​ដល់​​បុគ្គល​​នោះ​​ដែរ។ មាស និង​​ប្រាក់ មិន​មែន​ជា​ធម៌​របស់​សមណ។ ពួក​សមណ​សក្យ​បុត្តិយ៍ លះ​ចោល​កែ​វមណី និង​មាស​ហើយ។

sn 42.010 បាលី cs-km: sut.sn.42.010 អដ្ឋកថា: sut.sn.42.010_att PTS: ?

(មណិចូឡក)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សូម​មើល​ នៅ​ក្នុង វិនយ និស្សគ្គិយ សិក្ខាបទ ១៨ ១៩ ២០ ដែរ។

អានដោយ ឧបសិកា វិឡា

(១០. មណិចូឡកសុត្តំ)

[២៦៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកឡន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង អន្តរាកថា1) នេះ កើតឡើង ដល់ពួកជន ដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិស័ទ ខាងក្នុងព្រះរាជវាំងថា មាស និងប្រាក់ គួរដល់ពួកសមណសក្យបុត្តយ៍ ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរ ចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន។

[២៦៦] សម័យនោះ គាមណីឈ្មោះ មណិចូឡកៈ អង្គុយក្នុងបរិស័ទនោះដែរ។ ទើបមណិចូឡកគាមណី និយាយនឹងបរិស័ទនោះ ដូច្នេះថា អស់លោកទាំងឡាយ លោកទាំងឡាយ កុំនិយាយយ៉ាងហ្នឹងឡើយ មាស និងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ ជាអ្នកលះចោលកែវមណី និងមាសហើយ ប្រាសចាកមាសប្រាក់ហើយ។ មណិចូឡកគាមណី ក៏មិនអាចញុំាងបរិស័ទនោះ ឲ្យយល់បានសោះ។

[២៦៧] គ្រានោះ មណិចូឡកគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះមណិចូឡកគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះ កើតឡើងដល់ពួកជន ដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិស័ទ ខាងក្នុងព្រះរាជវាំងនេះថា មាស និងប្រាក់ គួរដល់ពួកសមណសក្យបុត្តយ៍ ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេនិយាយ យ៉ាងនេះ ខ្ញុំព្រះអង្គ ក៏និយាយនឹងបរិស័ទទាំងនោះ ដូច្នេះថា បពិត្រអស់លោកទាំងឡាយ លោកទាំងឡាយ កុំពោលយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួក សមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសហើយ ប្រាសចាកមាស និងប្រាក់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចនឹងញុំាងបរិស័ទនោះ ឲ្យយល់បានសោះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលត្រូវតាមព្រះបន្ទូលព្រះដ៏មានព្រះភាគផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌ សមគួរដល់ធម៌ផង លំនាំពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគប្បីតិះដៀលផង បានដែរឬ។

[២៦៨] អើគាមណី អ្នកដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលត្រូវតាមពាក្យតថាគតផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌ សមគួរដល់ធម៌ផង លំនាំពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគប្បីតិះដៀលផង។ ម្នាលគាមណី មាស និងប្រាក់ មិនសមគួរ ដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសហើយ ប្រាសចាកមាស និងប្រាក់ហើយ។ ម្នាលគាមណី មាស និងប្រាក់ គួរដល់បុគ្គលណា កាមគុណ ៥ ក៏គួរដល់បុគ្គលនោះ កាមគុណ ៥ គួរដល់បុគ្គលណា (មាស និងប្រាក់ ក៏គួរដល់បុគ្គលនោះដែរ) ម្នាលគាមណី អ្នកគប្បីចាំទុក នូវការសម្រេច នៃកាមគុណ ទាំង ៥ នេះ ដោយពិតថា មិនមែនជាធម៌ របស់សមណៈ មិនមែនជាធម៌ របស់សក្យបុត្តិយ៍ទេ។ ម្នាលគាមណី ម្យ៉ាងទៀត តថាគត ពោលយ៉ាងនេះថា បុគ្គល អ្នកត្រូវការដោយស្មៅ គប្បីស្វែងរកស្មៅ បុគ្គល អ្នកត្រូវការដោយឈើ គប្បីស្វែងរកឈើ បុគ្គល អ្នកត្រូវការដោយរទេះ គប្បីស្វែងរករទេះ អ្នកត្រូវការដោយបុរស គប្បីស្វែងរកបុរស។ ម្នាលគាមណី តថាគត មិនដែលពោលថា សមណៈគប្បីត្រេកអរ ចំពោះមាស និងប្រាក់ គប្បីស្វែងរកមាស និងប្រាក់ ដូច្នេះ ដោយបរិយាយណាមួយទេ។

ចប់ សូត្រ ទី១០។

 

លេខយោង

1)
អន្តរាកថា គឺពាក្យជាចន្លោះនៃគុណធម៌ មានកម្មដ្ឋានមនសិការ ឬបាលី និងអដ្ឋកថា ជាដើម។ អដ្ឋកថា។
km/tipitaka/sut/sn/42/sut.sn.42.010.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann