km:tipitaka:sut:sn:43:sut.sn.43.v01



បឋមវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 43.v01 បាលី cs-km: sut.sn.43.v01 អដ្ឋកថា: sut.sn.43.v01_att PTS: ?

បឋមវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. បឋមវគ្គោ)

(កាយគតាសតិសូត្រ ទី១)

(១. កាយគតាសតិសុត្តំ)

[៣១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់ក្នុងវត្ត ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង អសង្ខតធម៌ (ធម៌ដែលបច្ច័យតាក់តែងមិនបាន) ផង អសង្ខតគាមិមគ្គ (ផ្លូវជាដំណើរទៅកាន់អសង្ខតធម៌) ផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យ មោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតគាមិមគ្គ តើដូចម្តេច។ (អសង្ខតគាមិមគ្គនោះ) គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ អសង្ខតគាមិមគ្គ តថាគត ក៏បានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត បានធ្វើដល់អ្នកទាំងឡាយរួចហើយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក1) (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

(សមថវិបស្សនាសូត្រ ទី២)

(២. សមថវិបស្សនាសុត្តំ)

[៣១៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ បេ។

(សវិតក្កសវិចារសូត្រ ទី៣)

(៣. សវិតក្កសវិចារសុត្តំ)

[៣១៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមាធិ ដែលមិនមានវិតក្កៈ មានវិចារៈ ១ សមាធិ ដែលគ្មានវិតក្កៈ មានតែវិចារៈ ១ សមាធិដែលគ្មានវិតក្កៈ គ្មានវិចារៈ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(សុញ្ញតសមាធិសូត្រ ទី៤)

(៤. សុញ្ញតសមាធិសុត្តំ)

[៣១៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សុញ្ញតសមាធិ ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(សតិបដ្ឋានសូត្រ ទី៥)

(៥. សតិបដ្ឋានសុត្តំ)

[៣២០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(សម្មប្បធានសូត្រ ទី៦)

(៦. សម្មប្បធានសុត្តំ)

[៣២១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ សម្មប្បធាន ៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ឥទ្ធិបាទសូត្រ ទី៧)

(៧. ឥទ្ធិបាទសុត្តំ)

[៣២២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ឥន្ទ្រិយសូត្រ ទី៨)

(៨. ឥន្ទ្រិយសុត្តំ)

[៣២៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ ឥន្រ្ទិយ ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ពលសូត្រ ទី៩)

(៩. ពលសុត្តំ)

[៣២៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ ពលៈ ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(ពោជ្ឈង្គសូត្រ ទី១០)

(១០. ពោជ្ឈង្គសុត្តំ)

[៣២៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ ពោជ្ឈង្គ ៧។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។

(មគ្គង្គ)សូត្រ ទី១១

(១១. មគ្គង្គសុត្តំ)

[៣២៦] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺ អដ្ឋង្គិកមគ្គដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ អសង្ខតគាមិមគ្គ តថាគតក៏បានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តាជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត ក៏បានធ្វើ ដល់អ្នកទាំងឡាយរួចហើយ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

ចប់ អសង្ខតសំយុត្ត បឋមវគ្គ។

ឧទ្ទាននៃអសង្ខតសំយុត្តនោះគឺ

និយាយអំពីកាយគតាសតិ ១ សមថៈ និងវិបស្សនា ១ សមាធិ ដែលប្រកបដោយវិតក្កៈ ជាដើម ១ សមាធិ មានសុញ្ញតសមាធិ ជាដើម១ សតិបដ្ឋាន ១ សម្មប្បធាន ១ ឥទ្ធិបាទ ១ ឥន្រ្ទិយ ១ ពលៈ ១ ពោជ្ឈង្គ ១ ជា ១១ នឹងអដ្ឋង្គិកមគ្គ ហៅថាឧទ្ទាន នៃអសង្ខតសំយុត្តនោះ។

 

លេខយោង

1)
អដ្ឋកថាពន្យល់ថា ត្រូវសំឡឹងយក នូវអារម្មណ៍ទាំង៣៨ ដោយអារម្មណូបនិជ្ឈានផង សំឡឹងយកនូវអាយតនៈទាំងឡាយ មានខន្ធាយតនៈ ជាដើម ដោយអនិច្ចាទិលក្ខណៈ ដោយលក្ខណូបនិជ្ឈានផង រួមសេចក្តីថា អ្នកទាំងឡាយ ត្រូវខំចំរើននូវសមថៈ និងវិបស្សនា។
km/tipitaka/sut/sn/43/sut.sn.43.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann